ភ្នំពេញៈ នៅ​ដើម​សប្តាហ៍​នេះ​មូលនិធិ Asia Foundation បាន​ប្រកាស​ភាព​ជា​ដៃគូ​រយៈពេល​ ៣ ​ឆ្នាំ​ជាមួយ Smart Axiata ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ក្នុង​ស្រុក​ដើម្បី​បង្កើត​បណ្ណាល័យ​ឌីជីថល​ជា​សៀវភៅ​ក្មេងៗ​ភាសា​ខ្មែរ ដែល​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​លើ​អនឡាញ​ដោយ​មិន​គិត​ថ្លៃ​។

លោកស្រី Meloney Lindbergh តំណាង​ប្រចាំ​ប្រទេស​ទទួល​បន្ទុក Asia Foundation មាន​មូលដ្ឋាន​នៅ​អាស៊ី​បាន​ឲ្យ​ដឹង​ថា សៀវភៅ​អេឡិចត្រូនិក​នេះ​នឹង​លើក​កម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​ប្រធានបទ​សំខាន់ៗ​ដែល​រួមទាំង​ការផ្ដល់​អំណាច​ដល់​ស្ដ្រី​ផង​ដែរ​។

លោកស្រី​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​ចង់​ផ្ញើ​សារ​ថា ការអាន​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​មាន​ការ​លើកកម្ពស់​ការ​អប់រំ​ដ៏រឹងមាំ​»​។

ភាព​ជា​ដៃគូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ «​ចូរ​យើង​អាន​» របស់ NGO ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​រួច​ហើយ​ពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន Smart​។

នៅក្នុង​ព្រឹត្តិការណ៍​នេះ អ្នកនិពន្ធ​សៀវភៅ​ក្មេងៗ​ក្នុង​ស្រុក​ជាង​គំនូរ និង​អ្នក​បោះពុម្ព​ផ្សាយ​បាន​រួម​គ្នា​ដើម្បី​បង្កើត​សៀវភៅ​រឿង​ឌីជីថល​ជា​ភាសា​ខ្មែរ​។ ព្រឹត្តិការណ៍​ ២ ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​ក្មេងៗ​ចំនួន​ ១៦ ​ចំណង​ជើង​រួច​ហើយ​នៅ​លើ​គេហទំព័រ «​ចូរ​យើង​អាន​» ហើយ​ក្រុមហ៊ុន Smart បាន​ប្ដេជ្ញា​ក្នុងការ​ឧបត្ថម្ភ ៦ ព្រឹត្តិការណ៍​ទៀត​នៅ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ក្រោយ​។

បើ​តាម​លោកស្រី Lindbergh ព្រឹត្តិការណ៍​ខាង​មុខ​ទំនង​ជា​មាន​សៀវភៅ​ក្មេងៗ​៥០ បន្ថែម​ទៀត​ដែល​បោះពុម្ព​ផ្សាយ​ដោយ​ក្រុម​អ្នកនិពន្ធ​នៅ​កម្ពុជា និង ៥០ ​ចំណង​ជើង​បន្ថែម​ទៀត​មកពី​ជុំវិញ​អាស៊ី​អាគ្នេយ៍​ដែល​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​។ សៀវភៅ​នោះ​នឹង​បន្ថែម​លើ​សៀវភៅ​ក្មេងៗ​ជាង​ ១០០ ​ចំណងជើង នៅពេល​បច្ចុប្បន្ន​ដែល​មាន​គេហទំព័រ «​ចូរ​យើង​អាន​»​។

លោក Kanishka Wickrama ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន Smart បាន​ថ្លែងថា​ក្រុមហ៊ុន​នេះ​បាន​ខិតខំ​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​កត់សម្គាល់​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នេះ «​ចង់​ធ្វើ​ដៃគូ​​ជាមួយ​ក្រុមហ៊ុន​ណា​មួយ​ដែល​ផ្ដោត​លើ​ការបង្កើន​ការយល់ដឹង​»​។

លោក​បាន​ថ្លែង​ថា​៖ «​វា​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​អំណាច​បច្ចេកវិទ្យា ដើម្បី​កែលម្អ​ការអប់រំ​ដោយ​ការបង្កើត​គេហទំព័រ​សៀវភៅ​អេឡិចត្រូនិក​»​។

លោក អ៊ឹម ខួច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​សរសើរ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា និង NGO​។ លោក​ថ្លែង​ថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ខ្វះខាត​សៀវភៅ​សិក្សា ហើយ​វា​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​សៀវភៅ​ទៅ​តាម​ខេត្ត​នានា​»​។ លោក កត់សម្គាល់​ថា​សៀវភៅ​អាច​ទទឹក​ភ្លៀង​ក្នុង​អំឡុង​រដូវវស្សា និង​ត្រូវ​ខូច​។

លោក​បាន​បន្ត​ថា​៖ «​ដូច្នេះ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​មាន​បណ្ណាល័យ​ឌីជីថល​នេះ សម្រាប់​សៀវភៅ​អប់រំ​»៕LA