The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

Content image - Phnom Penh Post
ផ្លូវ​ដែក​កម្ពុជា​ដែល​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​សម្រាប់​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​។ ហុង មិនា

បណ្តាញ​ដឹក​ជញ្ជូន​កម្ពុជា ​ចាំ​បាច់​ត្រូវ​មាន​ការ​កែ​លម្អ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ជា​បន្ទាន់​នូវ​គោល​នយោបាយ​ដឹក​ជញ្ជូន​ជាតិ ដើម្បី​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ដ៏​ពិបាក និង​ធ្វើ​វិសោធនកម្ម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​ដើម្បី​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ក្នុង​កិច្ច​ពិភាក្សា​ជា​ក្រុម​ក្នុង​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​កាលពី​ម្សិលមិញ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ចក្ខុ​វិស័យ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ម្សិលមិញ ជា​ព្រឹត្តិការណ៍​គាំទ្រ​ដោយ​ធនាគារ ANZ Royal និង​វិទ្យាស្ថាន​ធនធាន​អភិវឌ្ឍន៍​កម្ពុជា (CDRI) សេដ្ឋវិទូ និង​សមាជិក​មកពី​វិស័យ​ឯកជន បាន​យល់​ស្រប​ថា ប្រទេស​កម្ពុជា កំពុង​មាន​ការ​អភិវឌ្ឍ​យឺត​នៅ​ក្នុង​ការ​ចាប់​យក​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក ហើយ​មាន​ការ​ងារ​ដែល​ត្រូវ​ធ្វើ​ច្រើន​ទៀត​។

លោក Khoon Goh ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន ANZ Group បាន​ឲ្យ​ដឹង​ថា​៖ «​ប្រទេស​កម្ពុជា​មិន​ចាំបាច់​ត្រូវ​តែ​មាន​ដំណើរ​ការ​ផលិត​ទាំង​មូល​នោះ​ទេ ប៉ុន្តែ​ត្រូវ​ជ្រើសរើស​ផ្នែក​មួយ​នៃ​ចង្វាក់​តម្លៃ ដែល​ប្រទេស​នេះ​ចង់​បាន​ក្នុង​ការ​កំណត់​ទិសដៅ​»​។

លោក​បន្ថែម​ថា ខណៈ​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ទៅរក​ផលិតកម្ម​មធ្យម និង​បច្ចេកវិទ្យា​ខ្ពស់​យឺតៗ ប្រទេស​នេះ​នៅតែ​កំពុង​ពឹង​លើ​ការ​នាំ​ចូល​ជាច្រើន​ហួស ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​នាំ​ចេញ​ដើម្បី​ធៀប​នឹង​ប្រទេស​ជិត​ខាង​។

លោក​បន្ត​ថា​៖ «​កម្ពុជា​អាច​បោះជំហាន និង​អាច​យក​គំរូ​តាម​ប្រទេស​ថៃ និង​វៀតណាម ក្នុង​ការ​ផ្លាស់​ចេញ​ពី​ប្រតិបត្តិ​ការ​ដំឡើង​ធម្មតា​»​។

ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​ដោយ CDRI បាន​ជំរុញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស​ក្នុង​ការ​បង្កើត​កម្លាំង​ការងារ​ដឹក​ជញ្ជូន និង​ភ័ស្ដុភារ​ជាតិ​ដើម្បី​កែ​លម្អ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​របស់​ប្រទេស​នេះ​។

លោក Ruth Banomyong សាស្ដ្រាចារ្យ​នៅ​សាលា​ពាណិជ្ជកម្ម​ធម្មសាស្ដ្រ​នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ដែល​បាន​ជួល​ដោយ​ធនាគារ​ពិភពលោក ដើម្បី​ជួយ​ប្រទេស​កម្ពុជា អភិវឌ្ឍ​ក្រុម​ប្រឹក្សា​ដឹក​ជញ្ជូន​ជាតិ​របស់​ខ្លួន បាន​ឲ្យ​ដឹង​ថា គំនិត​ផ្ដួចផ្ដើម​ណា​មួយ នឹង​ត្រូវតែ​ចាប់ផ្ដើម​តាម​រយៈ​ការ​ដោះ​ស្រាយ​ការិយាធិបតេយ្យ​ចំណាយ​ប្រាក់​ច្រើន​នៅក្នុង​កម្រិត​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​តាម​ទស្សនៈ​របស់​ខ្ញុំ បញ្ហា​ពិតប្រាកដ​គឺ​ស្ថាប័ន​។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺថា បើ​គ្មាន​ការ​គ្រប់​គ្រង និង​បទប្បញ្ញតិ្ត​ច្បាស់លាស់​ដែល​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង ការ​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ណា​មួយ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់ ឬ​ដឹក​ជញ្ជូន នឹង​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​ខ្វះ​តម្លាភាព​»​។

លោក​បន្ត​ថា បើ​គ្មាន​តម្លាភាព វា​នឹង​មិន​អាច​ទៅ​រួច​ទេ ក្នុងការ​យល់​ដឹង​ឲ្យ​បាន​ពេញលេញ​ពី​អត្ថ​ប្រយោជន៍​នៃ​ចង្វាក់​តម្លៃ និង​កន្លែង​ដែល​ត្រូវ​ទាញយក​ប្រាក់​ចំណេញ​។

លោក​បញ្ជាក់​ថា កម្ពុជា​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ហានិភ័យ​ស្ថាប័ន​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​របស់​មន្ដ្រី​តាម​ព្រំដែន និង​មន្ដ្រី​គយ​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របៀប ដែល​ខ្លួន​គិត​អំពី​ការ​ដឹក​ជញ្ជូន​។

វា​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​ទូទាត់​ក្រៅ​ផ្លូវ​ការ​នៅតាម​ព្រំដែន​»​។

លោក​បន្ថែម​ថា​៖«​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន​គឺជា​អនាគត ប៉ុន្តែ​សម្រាប់​អនាគត​នេះ ដើម្បី​ចាប់​ផ្ដើម អ្នក​ចាំបាច់​ត្រូវ​កំណត់​អន្តរ​កម្ម​រូបវន្ត​ពិតប្រាកដ ដែល​នាំ​ឲ្យ​តម្លៃ​កើន​ឡើង​»​។ លោក​បន្តថា​៖ «​វា​មិន​គ្រាន់​តែ​ការ​ជួញ​ដូរ​ឆ្លងកាត់​ព្រំដែន​ដែល​គ្មាន​ក្រដាស​ស្នាម​នោះទេ ប៉ុន្តែ​ថែមទាំង​ការ​ជួញ​ដូរ​ដែល​ប្រើ​មនុស្ស​តិច​ផង​ដែរ​»​។

លោក ស៊ា រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Land និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ជាយ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​គំនិត​ថា រដ្ឋាភិបាល​គួរ​តែ​កែ​តម្រូវ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ការ​ដាក់​បញ្ចូល​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ SME​។

លោក​បន្ត​ថា​៖ «​រដ្ឋាភិបាល​មិន​មាន​គោល​នយោបាយ SME ដ៏​រឹងមាំ​នោះ​ទេ​ក្នុង​ការ​ទទួល​បាន​ក្រុមហ៊ុន​តូចៗ​នៅ​ក្នុង​ចង្វាក់​តម្លៃ​»​។

លោក​បន្ថែម​ថា​៖«​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង តែង​តែ​ត្រូវ​បាន​ផ្ដោត​លើ​ការ​វិនិយោគ​ធំៗ និង​ការ​ទទួល​បាន​ដើម​ទុន​ច្រើន​»​។

លោក​បញ្ជាក់​ថា នេះ​វា​បាន​បង្កើត​នូវ​ការ​ផ្ដាច់​ទំនាក់​ទំនង​រវាង​អត្ថប្រយោជន៍​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ដែល​ជា​អាជីវកម្ម​មធ្យម​ក្នុង​ស្រុក​។

លោក​ថ្លែង​ថា​៖ «SME គឺជា​កតា្ត​ជំរុញ​របស់​សេដ្ឋកិច្ច ហើយ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​អនុវត្តតាម​ផែនការ​របស់​វៀតណាម​សម្រាប់​ការ​អភិវឌ្ឍ​ដែល​រួមមាន​ចង្វាក់​ផ្គត់ផ្គង់​បែប​វិមជ្ឈការ​»​។

លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​មាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​តំបន់ SME ឲ្យ​ដំណើរ​ការ​ដូចជា​កំពង់ចាម សម្រាប់​ម្រេច ឬ​រតនគិរី​សម្រាប់​កៅស៊ូ ដែល​នឹង​ត្រូវតែ​ស្ថិត​លើ​ផ្ទៃដី​ពីរ​បី​ហិកតា យើង​អាច​បង្កើត​តម្លៃ​តាម​រយៈ​ការផលិត​ផលិតផល នៅក្នុង​ប្រភព​នេះ ជា​ជាង​ការ​ចំណាយ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​»​។

លោក​បាន​សួរថា​៖ «​សំណួរ​គឺថា​តើ​កម្ពុជា​នឹង​ឆ្ពោះ​ទៅ​មុខ ឬក៏​គ្រាន់​តែ​ក្រុមហ៊ុន​ទេ​?»៕ LA

អត្ថបទគួរចាប់អារម្មណ៍