
គម្រោងទីក្រុងវៃឆ្លាត បានដាក់តាំងបង្ហាញនៅទីក្រុង Barcelona កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ។ AFP
ភ្នំពេញៈ ការរៀបចំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន ជប៉ុន និងការបង្កើតវេទិកាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន នៅកម្ពុជាអាចនឹងលេចរូបរាងឆាប់ៗ បន្ទាប់ពីសំណើនេះទទួលបានការយល់ព្រមជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលចុះហត្ថលេខាកាលពីថ្ងៃទី ១ ខែមីនាហើយត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន និងការបង្កើតវេទិកាសាធារណៈ ឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន។
ទីក្រុងធំៗ ៣ របស់កម្ពុជារួមមានរាជធានីភ្នំពេញ សៀមរាប និងក្រុងបាត់ដំបងត្រូវបានដាក់ក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ បណ្តាញទីក្រុងឆ្លាតវៃមានបំណងបង្កើនការតភ្ជាប់ក្នុងតំបន់ ហើយត្រូវបានបង្កើតឡើងដោយមានទីក្រុងចំនួន ២៦ ពីប្រទេសនៅក្នុងតំបន់អាស៊ាន។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៧ ខែកុម្ភៈនៅក្នុងវេទិកាសាធារណៈ ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុនក្នុងក្របខ័ណ្ឌនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន និងការរៀបចំវេទិកាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្ម អាស៊ាន-ជប៉ុន។
ទីក្រុងឆ្លាតវៃសំដៅដល់ការអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាតមាននិរន្តរភាពដោយយកបច្ចេកវិទ្យាជាចម្បង ដើម្បីដោះស្រាយផលប៉ះពាល់ពីការរីកចម្រើនដ៏ឆាប់រហ័សនៃការធ្វើនគរូបនីយកម្ម ដូចជាការកកស្ទះចរាចរណ៍ គុណភាពទឹក ខ្យល់ សន្តិសុខ និងសុវត្ថិភាពជាដើម៕LA