ភ្នំពេញៈ ​Entrepreneurs’ ​Organization (EO) ដែល​ជា​បណ្តាញ​នៃ​ក្រុម​អ្នក​ជំនួញ​​អន្តរ​ជាតិ​កំពុង​ស្វែងរក​​ការ​បង្កើត​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ ខណៈ​ថ្នាក់​ដឹកនាំ​របស់​បណ្តាញ​នេះ​រំពឹង​ថា​​នឹង​​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​​ដល់​កម្ពុជា​។

EO ដែល​​ជា​បណ្តាញ​នៃ​ក្រុម​អ្នក​ជំនួញ​ធំ​ៗ​​លើ​ពិភព​លោក ដែល​ត្រូវ​បាន​​​បង្កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​​​ឆ្នាំ ​១៩៨៧ កំពុង​មាន​វត្តមាន​​​ក្នុង​ប្រទេស​ចំនួន​ ៥៧ ទូទាំង​ពិភព​លោក​​​ ដោយ​បច្ចុប្បន្ន​មាន​​ម្ចាស់​អាជីវកម្ម​​ និង​វិនិយោគិន​​ជាង​ ១៣ ០០០ ​នាក់​ទូទាំង​ពិភព​លោក​ជា​សមាជិក​ ក្នុង​នោះ​តំបន់​អាស៊ី​មាន​ ២ ៣១៥ ​នាក់​​។

ក្នុង​បទ​បង្ហាញ​ស្តីពី​អត្ថ​ប្រយោជន៍​​របស់ ​EO ដល់​ម្ចាស់​សហគ្រិន​​ធំ​ៗ​នៅ​កម្ពុជា​ជាង​ ១០ រូប​កាល​ពី​ថ្ងៃ​ចន្ទ លោកស្រី Rosemary Tan Mei Leng​ សមាជិក​ជាន់​ខ្ពស់​នៃ​​ EO បាន​និយាយ​​​ថា ​លោក​ស្រី​ចង់​​​ជួយ​ឲ្យ​សហគ្រិន​​កម្ពុជា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​​។

លោក​ស្រី​បន្ត​ថា សមាជិក​ EO នឹង​ទទួល​​នូវ​អត្ថប្រយោជន៍​សំខាន់​មួយ​ចំនួន​ដូច​ជា​ ការ​ផ្ទេរ និង​សិក្សា​​ពី​​បទ​ពិសោធ​ផ្ទាល់​ខ្លួន និង​មុខ​ជំនាញ​ជា​មួយ​សមាជិក​ផ្សេង​ៗ​ទៀត​ ការ​ទទួល​បទ​ពិសោធ​ពី​អ្នក​ជំនាញ​ និង​ការ​ចូល​រួម​ក្នុង​សមាជ​លំដាប់​អន្តរ​ជាតិ​ជា​ដើម​​។​ លោកស្រី​បញ្ជាក់​ថា៖​ «​ខ្ញុំ​សង្ឃឹម​​ថា EO នឹង​ជួយ​ឲ្យ​ប្រទេស ​កម្ពុជា ​រីក​ចម្រើន​កាន់​តែ​លឿន​»​។​

ខណៈ​​​លក្ខន្តិកៈ​របស់ EO កំណត់​ថា​ ដើម្បី​អាច​បើក​សាខា (Chapter) នៅ​ក្នុង​ប្រទេស​មួយ​បាន​លុះត្រា​តែ​មាន​​សមាជិក​យ៉ាង​តិច ​១៦ រូប។

លោក​ស្រី​​បញ្ជាក់​ថា៖​ «​ដោយ​សារ​ពេល​​នេះ​យើង​មិន​ទាន់​មាន​សមាជិក​​គ្រប់ ដូច្នេះ​​យើង​នឹង​​​រង់ចាំ​ដល់​មាន​សមាជិក​យ៉ាង​តិច​ ១៦ ​រូប​ទើប​យើង​បើក​ដំណើរ​ការ​​​នៅ​កម្ពុជា»​​។

បើ​តាម​លោក​ស្រី Rosemary Tan Mei Leng កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​ទី ៧ នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​​មាន​វត្តមាន​បន្ទាប់​ពី​ប្រទេស​ ម៉ាឡេ​ស៊ី​ ឥណ្ឌូនេ​ស៊ី​ សិង្ហបុ​រី ហ្វី​លីពីន​ ថៃ និង​វៀត​ណាម​។​

ដើម្បី​អាច​​ក្លាយ​ជា​សមាជិក​បាន​លុះត្រា​បុគ្គល​នោះ​ជា​ស្ថាបនិក​ សហ​ស្ថាបនិក​ជា​ម្ចាស់​ ឬ​ជា​ភាគទុនិក​មាន​សិទ្ធិ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​មួយ​ និង​ជា​​បុគ្គល​ដែល​កំពុង​កាន់​កាប់​តួនាទី​មួយ​​​​ក្នុង​ចំណោម​តួនាទី​ខាង​លើ នៅ​ក្នុង​​ក្រុមហ៊ុន​ដែល​មាន​ចំណូល​អប្បបរមា​ ១ ​លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​។​

លោក​ គុយ​ វ៉ាត ដែល​បាន​ចូល​រួម​ជា​សមាជិក EO បាន​ប្រាប់​ថា​ បណ្តាញ​អ្នក​​ជំនួញ​នេះ​នឹង​ជួយ​​ឲ្យ​សហគ្រិន​ធំ​ៗ​​នៅ​កម្ពុជា​​មាន​ឱកាស​កាន់​តែ​ច្រើន​​​​ក្នុង​​ការ​ជួប​​ជា​មួយ​អ្នក​ជំនួញ​ធំ​ៗ​លំដាប់​ពិភព​លោក​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ និង​សិក្សា​ពី​គេ​ពិសេស​សហគ្រិន​នៅ​កម្ពុជា​​​ក៏​អាច​ធ្វើ​ការ​​ផ្សព្វផ្សាយ​ និង​ស្វែងរក​ទីផ្សារ​អន្តរ​ជាតិ​​​ផង​ដែរ​។​

លោក​​​បន្ត​ទៀត​ថា៖​ «​ក្រុម​សហគ្រិន​របស់​យើង​បាន​ទាក់ទង​ទៅ EO ព្រោះ​ដោយ​សារ​បច្ចុប្បន្ន​នេះ​សង្កេត​​ឃើញ​ថា មាន​ក្រុម​សហគ្រិន​នៅ​​កម្ពុជា​កាន់​តែ​ច្រើន​បាន​បង្ហាញ​ពី​ទំនោរ​ក្នុង​ការ​ចេញ​ទៅ​វិនិយោគ​នៅ​​បរទេស​»។

លោក​បន្ត​ថា ​ម៉្យាង​ទៀត​តាម​​រយៈ​ការ​បង្កើត​​ការ​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ទូលាយ​​​នេះ​​វា​នឹង​អាច​ជួយ​ទាក់ទាញ​ឲ្យ​មាន​ការ​ចូល​មក​វិនិយោគ​​ពី​បរទេស​នៅ​កម្ពុជា​បន្ថែម​ទៀត​ផង​​។​

លោក​បញ្ជាក់​​ថា៖​ «​ការ​បង្កើន​ទំនាក់​​ទំនង​ជា​មួយ​សហគ្រិន​ធំ​ៗ និង​ការ​ចូល​មក​​វិនិយោគ​ផ្ទាល់​​ពី​បរ​ទេស​គឺ​​ជា​ក្តី​ប៉ង​ប្រាថ្នា​របស់​យើង​»៕LA