កំពតៈ គិត​មកទល់​ថ្ងៃនេះ​មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​ ៥០ ​ភាគរយ ​ត្រូវ​បាន​កក់​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៨ ដែល​នឹងត្រូវ​រៀបចំ​ឡើង​រយៈពេល​ ៣ ​ថ្ងៃ​ ក្នុង​ខេត្តកំពត​នៅ​ខែក្រោយ​។

ពិធីបុណ្យ​សមុទ្រ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២០ ដល់​ថ្ងៃទី​ ២២ ខែ​ធ្នូ នៅតាម​បណ្តោយ​វិថី​សម្ដេចសង្ឃ ជួន ណាត ខេត្ត​កំពត​។ នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែល​ខេត្ត​កំពត​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់ពី​លើក​ទី​ ១ កាលពី​ឆ្នាំ ២០១៥ ។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ភ្ញៀវ​ភាគច្រើន​មកពី​រាជធានី​ភ្នំពេញ​ហើយ​លោក​រំពឹង​ថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាង​ឆ្នាំ​ ២០១៥​។

តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​លើក​ទី​ ១ កាលពី​ឆ្នាំ​ ២០១៥ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៣០ ​ម៉ឺន​នាក់បាន​ចូលរួម​។

បច្ចុប្បន្ន​ក្នុង​ខេត្ត​កំពត​មាន​សណ្ឋាគារ​ចំនួន​ ១៨ ចំណែក​ផ្ទះសំណាក់ និង​បាងហ្គាឡូ​មាន​ប្រមាណ ២៤៦ ​កន្លែង​។ ជារួម​បន្ទប់​ស្នាក់​នៅក្នុង​ខេត្ត​កំពត មាន​សរុប​ប្រហែល ៣ ៥០០​។ នេះ​បើតាម​លោក ស៊ីណុល​។

លោក​បាន​បន្តថា​រហូត​មក​ទល់​ពេលនេះ​ខាង​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​កិច្ចការ​ជាច្រើន​រួច​មក​ហើយ​ដូចជា ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​សោភណភាព​ទីក្រុង និង​អនាម័យ​ជាដើម ដើម្បី​ត្រៀម​ទទួលភ្ញៀវ​​ដ៏ច្រើន​ដែល​នឹង​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នាពេល​ខាងមុខ​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​និយាយថា ពិធីបុណ្យ​សមុទ្រ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​តាមរយៈ​ព្រឹត្តិការណ៍​នេះ​កេរ្តិ៍ឈ្មោះ​របស់​ខេត្ត​ជា​ម្ចាស់ផ្ទះ​នឹងត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅដល់​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឲ្យ​មាន​ការស្នាក់​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ Home Stay ដើម្បី​ដោះស្រាយ​កន្លែង​ស្នាក់នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​»​។

លោក សុខ ដូច អ្នក​ទទួល​ភ្ញៀវ​នៃ​សណ្ឋាគារ Two Moons Hotel បាន​និយាយ​ថា សម្រាប់​រយៈពេល​ ៣ ​ថ្ងៃ​ ក្នុង​ពិធីបុណ្យ​សមុទ្រ​នាពេល​ខាងមុខ បន្ទប់​ទាំង​អស់​នៃ​សណ្ឋាគារ​របស់​លោក​ត្រូវបាន​អតិថិជន​កក់​អស់​ហើយ​ដោយ​តម្លៃ​បាន​កើនឡើង​តិចតួច​បំផុត​។ លោក​អះអាង​ថា​៖ «​បន្ទប់​សណ្ឋាគារ Two Moons Hotel ត្រូវ​បាន​អតិថិជន​កក់​អស់​ដោយ​តម្លៃ​បាន​កើនឡើង​ប្រមាណ​ ៥ ​ដុល្លារ ខ្ពស់​ជាង​ពេល​ធម្មតា​»​។

លោក ម៉ាត់ លី អ្នក​ទទួល​ភ្ញៀវ និង​កក់​នៃ​សណ្ឋាគារ Makk Hotel បាន​ប្រាប់​ថា​ក្នុង​ចំណោម​បន្ទប់​ទាំង​ជាង​ ២០ ​មាន​ប្រហែល​ ៨០ ​ភាគរយ ​ត្រូវ​បាន​អតិថិជន​កក់​តាម​អនឡាញ​អស់ហើយ​។ បើ​តាម​ការប៉ាន់ស្មាន បន្ទប់​ទាំងអស់​ក្នុង​ខេត្តកំពត​នឹង​ត្រូវ​អតិថិជន​កក់​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​បន្តថា​៖ «​សម្ទុះ​នៃ​ការ​កក់​នឹង​កើនឡើង​លឿន ហើយ​អាច​នឹង​ពេញ​ក្នុងពេល​ឆាប់ៗ​»​។

ពិធីបុណ្យ​សមុទ្រ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០១២ ក្នុង​ខេត្ត​ព្រះសីហនុ​។ ពិធី​នេះ​តែង​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយ​ប្តូរ​វេន​គ្នា​នៅក្នុង​ចំណោម​ខេត្ត​ទាំង ៥ ដែល​នៅ​ជាប់​សមុទ្រ​រួមមាន ខេត្តកំពត ព្រះសីហនុ កោះកុង និង​ខេត្ត​កែប​។ កាលពី​ឆ្នាំ​ ២០១៨ កន្លងមក​បុណ្យ​សមុទ្រ​ត្រូវ​បាន​រៀបចំ​ធ្វើ​ក្នុង​ខេត្ត​កោះកុង​៕ LA

វីដេអូ៖