
ទិដ្ឋភាពជិះកង់ជាក្រុមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីឆ្នាំ ២០១៤ ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បន្ទប់ស្នាក់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុងត្រូវបានភ្ញៀវកក់ស្ទើរអស់ទាំងស្រុង ខណៈខេត្តនៅជាប់ឆ្នេរសមុទ្រមួយនេះត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅ ២ សប្តាហ៍ខាងមុខស្របពេលអាជ្ញាធរអះអាងថាបានត្រៀមរួចហើយសម្រាប់ការមកកម្សាន្តរបស់ភ្ញៀវទេសចរ។
ពិធីបុណ្យសមុទ្រនៅឆ្នាំនេះដែលជាពិធីបុណ្យលើកទី ៧ នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ ដោយមានការព្យាករថានឹងមានភ្ញៀវចូលរួមចន្លោះពី ៣០ ទៅ ៤០ ម៉ឺននាក់។ នេះជាលើកទី ២ ហើយដែលខេត្តកោះកុងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ពិធីបុណ្យនេះដោយលើកទី ១ រៀបចំឡើងកាលពីឆ្នាំ ២០១៤។ កាលពីឆ្នាំ ២០១៧ ខេត្តកែបជាម្ចាស់ផ្ទះទទួលរៀបចំពិធីនេះ។
បុណ្យសមុទ្រត្រូវបានរៀបចំលើកដំបូងក្នុងឆ្នាំ ២០១២ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជា «សមាជិកនៃក្លិបដែលមានឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក»។
លោក ហ៊ឹប សុធារី ប្រធានគ្រប់គ្រងបុគ្គលិកនៃសណ្ឋាគារ Apex Koh Kong Resort Hotel បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា សម្រាប់រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យសមុទ្រនាពេលខាងមុខ បន្ទប់សណ្ឋាគាររបស់លោកត្រូវបានអតិថិជនកក់អស់ហើយ ដោយអតិថិជនភាគច្រើនជាអ្នកនៅភ្នំពេញ។
លោកបានថ្លែងថា៖ «បន្ទប់ទាំង ៣២ ត្រូវបានគេកក់អស់តាំងពីមុនបុណ្យអុំទូកមកម្ល៉េះ ខណៈរៀងរាល់ថ្ងៃតែងតែមានអតិថិជនខលមករកកក់បន្ទប់ជាបន្តបន្ទាប់ថែមទៀត»។
ពេលធម្មតាបន្ទប់ស្នាក់នៅរបស់ Apex Koh Kong Resort Hotel មានតម្លៃចាប់ពី ១០ ដុល្លារឡើងទៅ តែសម្រាប់ពិធីបុណ្យសមុទ្រតម្លៃបានកើនឡើងជាប្រហែល ២០ ភាគរយ។
លោក សុធារី បានអះអាងថា៖ «ជាទូទៅតម្លៃបន្ទប់មិនកើនឡើងខ្ពស់ទេ ព្រោះអាជ្ញាធរបានចុះមកណែនាំ ព្រមទាំងដាក់កំហិតលើការដំឡើងថ្លៃនេះផងដែរ»។
បុគ្គលិកនៃសណ្ឋាគារ Koh Kong City Hotel ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា គិតត្រឹមថ្ងៃនេះ (ថ្ងៃអង្គារ) ជាង ៧០ ភាគរយនៃបន្ទប់សរុបទាំង ៥៤ ត្រូវបានភ្ញៀវកក់សម្រាប់អំឡុងពិធីបុណ្យសមុទ្រដែលការកក់ភាគច្រើនគឺ ២ យប់។
បុគ្គលិករូបនេះបានថ្លែងថា៖ «បើទោះបីមានការកក់ច្រើនក្តីក៏មកដល់ពេលនេះម្ចាស់សណ្ឋាគារនៅមិនទាន់បានកំណត់តម្លៃនោះទេ គ្រាន់តែប្រាប់ថានឹងមិនកើនឡើងខ្ពស់ទេ»។
បើយោងតាមបុគ្គលិកដដែលនេះពេលធម្មតាបន្ទប់ស្នាក់នៅសណ្ឋាគារ Koh Kong City Hotel មានតម្លៃចាប់ពីជាង ២០ ដុល្លារឡើងទៅ។
ទោះជាសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនត្រូវបានអតិថិជនកក់ពេញអស់ហើយក្តី ក៏អាជ្ញាធរមូលដ្ឋានហាក់មិនមានក្តីបារម្ភពីកង្វះខាតកន្លែងស្នាក់នៅនោះទេ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានប្រាប់ថាលោកមិនមានក្តីបារម្ភពីកង្វះកន្លែងស្នាក់នៅសម្រាប់ភ្ញៀវក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខទេ ព្រោះក្រុមការងារបានធ្វើការមួយចំនួនរួចហើយដូចជាការត្រៀមប្រើប្រាស់ផ្ទះប្រជាពលរដ្ឋដើម្បីទទួលភ្ញៀវ (ជួលស្នាក់នៅ) បោះតង់ និងទៅស្នាក់នៅក្នុងប្រទេសថៃជាដើម។
លោកមានប្រសាសន៍ថា៖ «យើងបានត្រៀមកន្លែងស្នាក់នៅជាច្រើនសម្រាប់ភ្ញៀវក្នុងអំឡុងពិធីបុណ្យសមុទ្រនាពេលខាងមុខក្នុងករណីចំនួនភ្ញៀវកើនឡើងលើសការរំពឹងទុក យើងនឹងទាក់ទងជាមួយអាជ្ញាធរខេត្តត្រាត និងចន្ទបុរី [ប្រទេសថៃ] ដើម្បីឲ្យភ្ញៀវរបស់យើងអាចចូលទៅស្នាក់នៅទីនោះតែម្តង»។
បើតាមលោក សុទ្ធី បច្ចុប្បន្ននៅខេត្តកោះកុងមានសណ្ឋាគារ និងផ្ទះសំណាក់ជិត ២ ០០០ ស្មើនឹងប្រហែល ២០ ០០០ បន្ទប់។
ខេត្តកោះកុងមានរមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជា អារ៉ែង ជីផាត និងព្រៃកោងកាងជាដើម។
ក្នុងកិច្ចប្រជុំមួយជាមួយគណៈអភិបាលខេត្តកោះកុងកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឲ្យដឹងថា ភាគីថៃ (ខេត្តត្រាត) បានសន្យាផ្តល់កិច្ចសហការក្នុងការត្រៀមទទួលភ្ញៀវស្នាក់នៅពីប្រទេសកម្ពុជាក្នុងតម្លៃសមរម្យដោយគេបានត្រៀមបន្ទប់ស្នាក់នៅមិនតិចជាង ៦០០ បន្ទប់នោះឡើយ។
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍នាពេលកន្លងមកក្រសួងទេសចរណ៍បានចេញសារាចរណែនាំមួយដោយណែនាំពីសណ្តាប់ធ្នាប់ អនាម័យ គុណភាពសេវាកម្ម ការកំណត់តម្លៃ ការគ្រប់គ្រងកាកសំណល់ មធ្យោបាយដឹកជញ្ជូនភ្ញៀវ និងការគ្រប់គ្រងទៅលើរមណីយដ្ឋានទេសចរណ៍ជាដើម៕ LA