ភ្នំពេញ: ប្រទេស​កម្ពុជា​ នឹង​ចាប់យក​ឱកាស​ក្នុង​ការជំរុញ​ការនាំចេញ​បន្លែ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ខណៈ​ប្រទេស​ជិតខាង​កម្ពុជា​ទទួល​រង​ការហាមឃាត់​មិនអាច​នាំចូល​បន្លែ​ទៅកាន់​ទីផ្សារ​ដ៏ធំ​នោះ​។

លោក ងិន ឆាយ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ថា បើទោះ​ជា​ការនាំចេញ​បន្លែ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នឹង​មាន​ឱកាស​កាន់តែ​ល្អប្រសើរ​សម្រាប់​ទីផ្សារ​នោះ ខណៈ​វៀតណាម និង​ថៃ​ទទួលរង​ការពិន័យ​កាត​ក្រហម​មិនអាច​នាំចូល​បន្លែ​ទៅ​ទីផ្សារ​អឺរ៉ុប​បានទេ​។

លោក​ថា​ដោយសារ​អ្នក​ដាំដុះ និង​អ្នក​នាំចេញ​មួយចំនួន​គ្មាន​ភាពស្មោះត្រង់​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​កាត​លឿង​ម្តង​កាលពី​ ៦ ​ឆ្នាំ​មុន​ជា​ការព្រមាន​នៃ​ការនាំចូល​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​ដែល​មិនបាន​គោរព​តាម​គោលការណ៍​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​របស់​អឺរ៉ុប​។ តែ​លោក​អះអាង​ថា ទោះបី​យ៉ាងណា​បច្ចុប្បន្ន​កម្ពុជា​ពុំជាប់​ពិន័យ​កាត​លឿង​ទៀត​ទេ ដូច្នេះ​កម្ពុជា​អាច​ធ្វើ​ការនាំចេញ​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​បាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចំណាយ​ពេលធ្វើ​ការងារ​អស់​រយៈ​ ៦ ​ឆ្នាំ​ទើប​ដោះ​កាត​លឿង​រួច​កាលពី​ ២ ​ខែ​មុន ប៉ុន្តែ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​នៅ​ជាប់​កាត​ក្រហម​នៅឡើយ​ទេ បើ​តាម​ខ្ញុំ​ដឹង​គឺ​ពួកគេ​មិន​នាំចូល​បន្លែស្រស់​ទៅ​អឺរ៉ុប​បានទេ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ចង់ឃើញ​គេ​លើក​មេដៃ​សរសើរ ពេល​ឃើញ​កសិផល​ពី​កម្ពុជា​ទៅ ឥឡូវ​យើង​ល្បី​ហើយ គេ​ថា​បន្លែ​យើង​សុទ្ធតែ​សរីរាង្គ​ដោយ​ធម្មជាតិ​ពិតៗ ហើយ​សព្វថ្ងៃ​យើង​គ្មាន​កាត​លឿង​ទៀត​ទេ ដែល​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រជាកសិករ អ្នកវិនិយោគ​ដែល​ចង់​ដាំ​បន្លែ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​យើង​អាច​នាំចេញ​បាន​»​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signatures of Asia ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពីថ្ងៃ​ពុធ​ថា សហគមន៍​អឺរ៉ុប​ពិតជា​គាំទ្រ​យ៉ាងខ្លាំង​នូវ​បន្លែ​នាំចូល​ពី​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ក្រុមហ៊ុន​លោក​ធ្វើការ​នាំចេញ​បន្លែ​ទៅ​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៦​។

លោក​បន្តថា កាលពី​មុន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​លោក​បាន​នាំចេញ​បន្លែ​ចម្រុះ​ចន្លោះ​ពី​ ៦ ​ទៅ​ ៧ ​ជើង​ក្នុង​ ១ ​សប្តាហ៍​តាម​យន្តហោះ ដែល​ ១ ​ជើង​មាន​បរិមាណ​ចន្លោះ​ពី​ ២ ​ទៅ​ ៣ ​តោន ប៉ុន្តែ​បច្ចុប្បន្ន​ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​ត្រូវ​បាន​ផ្អាក​ដោយសារ​ការបិទ​ជើង​ហោះ​ដែល​ជា​វិធានការ​ការពារ ការរីក​រាលដាល​កូវីដ​១៩​។

លោក​បាន​នាំ​បន្លែ​ទៅ​ប្រទេស​ឆែក បារាំង អង់គ្លេស ស្វ៊ីស អាលឺ្លម៉ង់ និង​អ៊ីតាលី​។

លោក ម៉េង សក្តិភូសិត មន្ត្រី​កម្មវិធី​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ​ (IFAD) ឲ្យ​ដឹងថា កសិករ​ខ្មែរ​កាន់តែ​ច្រើន​មាន​ការយល់ដឹង និង​ដាំដុះ​បន្លែ​គោរព​តាម​ស្តង់ដា​បច្ចេកទេស ខណៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ជំរុញ​លើក​ទឹកចិត្ត​ការដាំដុះ​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​ដោយ​តាម​គោលការណ៍ GAP​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការគាំទ្រ​ពី​ក្រសួងកសិកម្ម​នាពេល​កន្លង​មក​បាន​ណែនាំ​ផ្សព្វផ្សាយ​ឲ្យ​កសិករ​ប្រើប្រាស់​ជី​ឲ្យ​បាន​ត្រឹមត្រូវ​»៕ LA