
អេក្រង់បង្ហាញសន្ទស្សន៍ហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ បរិមាណនៃការជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញបានឈានដល់ជាង ៩ លានភាគហ៊ុន ជាកំណត់ត្រាជួញដូរច្រើនបំផុតមិនធ្លាប់មានគិតចាប់ពីពេល CSX បានបើកដំណើរការតាំងពីឆ្នាំ ២០១២ មក ដែលនាំមុខដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ពេលបិទផ្សារជួញដូរកាលពីថ្ងៃអង្គារ ការជួញដូរភាគហ៊ុនមានជាង ៩,៤ លានហ៊ុន ស្មើនឹងទឹកប្រាក់សរុប ១២០,១២ ពាន់លានរៀល (២៩,៦ លានដុល្លារ) ជាតួលេខកំណត់ត្រាជួញដូរច្រើនបំផុតនៅ CSX។ កំណត់ត្រាខ្ពស់បំផុតកាលពីលើកមុន គឺកាលពីខែធ្នូ ឆ្នាំ ២០១៨ ដោយកាលនោះមានការជួញដូរភាគហ៊ុន ២,១ លានហ៊ុនស្មើនឹងទឹកប្រាក់ជួញដូរ ៤,៤៣ លានដុល្លារ ។ ការជួញដូរនាពេលនោះ គឺភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានរហូតដល់ទៅ ៩៩ ភាគរយនៃការជួញដូរសរុប។
ស្រដៀងគ្នានឹងកាលពីចុងឆ្នាំ ២០១៨ ដែរ ការជួញដូរកាលពីថ្ងៃអង្គារស្ទើរតែទាំងស្រុង គឺជាការជួញដូរលើភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ នេះបើយោងតាមរបាយការណ៍ទិន្នន័យទីផ្សាររបស់ CSX។ តម្លៃនៃការជួញដូរសរុបរបស់ PAS កាលពីម្សិលមិញមានចំនួន ១២០,០២ ពាន់លានរៀល ដែលក្នុងនោះ ០,០២ ពាន់លានរៀល គឺត្រូវ-បានជួញដូរតាមវិធីសាស្ត្រដេញថ្លៃ រីឯ ១២០ ពាន់រៀលទៀត គឺតាមវិធីសាស្រ្តជួញដូរតាមការចរចា។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃ CSX បានឲ្យដឹងកាលពីម្សិលមិញថា ការសម្រេចបានការជួញដូរទ្រង់ទ្រាយធំនេះ ឆ្លុះបញ្ចាំងថា ទីផ្សារមូលបត្រកម្ពុជាមានដំណើរការបានល្អ និងបង្ហាញថា CSX មានលទ្ធភាពក្នុងការរ៉ាប់រងការជួញដូរភាគហ៊ុនទ្រង់ទ្រាយធំ។ អ្នកស្រីមិនអាចបញ្ជាក់ពីអត្តសញ្ញាណអ្នកទិញ និងអ្នកលក់ភាគហ៊ុនរបស់ PAS ក្នុងប្រតិបត្តិការនេះនោះទេដោយគ្រាន់តែបញ្ជាក់ថា ភាគីទាំង ២ គឺជាវិនិយោគិនស្ថាប័ន និងជាស្ថាប័នរបស់ជប៉ុន ។
អ្នកស្រីថ្លែងថា៖ «ការជួញដូរក្នុងបរិមាណនេះ គឺជាចំនួនដ៏ធំនៅទីផ្សាររបស់យើង ដែលជាទូទៅប្រតិបត្តិការជួញដូរធំបែបនេះតែងត្រូវបានធ្វើឡើងដោយវិនិយោគិនជាប្រភេទស្ថាប័ន»។
អ្នកស្រីបន្តថា៖ «នេះមិនមែនជាការកើតឡើងដោយចៃដន្យនោះទេ ដោយសារយើងបានត្រៀមខ្លួនយូរហើយដែរ ឧទាហរណ៍ដូចជា និយ័តកម្ម និងប្រព័ន្ធជួញដូរ និងការផ្សព្វផ្សាយពីទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីទាក់ទាញវិនិយោគិនប្រភេទស្ថាប័ននេះ»។
ការជួញដូរតាមការចរចារបស់ PAS មានក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី ជាឈ្មួញជើងសា ហើយការជួញដូរនេះ មានចំនួនច្រើនជាងគេបង្អស់ បើធៀបនឹងការជួញដូរមុនៗតាមវិធីសាស្រ្តនេះ។ ក្នុងឆ្នាំ ២០១៩ នេះ ទំហំជួញដូរកាលពីថ្ងៃអង្គារគឺជាលើកទី២ ហើយ សម្រាប់ការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចា ប៉ុន្តែជាលើកទី៤ ហើយ គិតចាប់តាំងពីពេលដែលវាត្រូវបានដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ ២០១៨ ។
លោកស្រី ឆាយ លីហួរ ប្រធានភ្នាក់ងារក្រុមហ៊ុន SBI Royal Securities Plc ដែលជាក្រុមហ៊ុនឈ្មួញជើងសា របស់ភាគហ៊ុននៃក្រុមហ៊ុន PAS បានឲ្យដឹងថា ក្រុមវិនិយោគិនថ្មីនេះ នឹងនាំមកជាមួយនូវគំនិតអាជីវកម្មថ្មីៗ ដូច្នេះវានឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន PAS ក្នុងរយៈពេលវែង។
លោកស្រីថ្លែងថា៖ «ពេលនេះ មានការចាប់អារម្មណ៍របស់វិនិយោគិនបរទេសកាន់តែច្រើន លើទីផ្សាររបស់យើង ហើយពួកគេហ៊ានដាក់ទុនវិនិយោគធំនៅក្នុងទីផ្សារនេះ»។
លោកស្រីបន្តថា៖ «នេះបង្ហាញពីប្រតិបត្តិការដ៏ល្អ [ផ្សារមូលបត្រកម្ពុជា] និងបង្កើនទំនុកចិត្តដល់ក្រុមវិនិយោគិនថ្មីៗទាំងនៅក្នុងស្រុក និងអន្តរជាតិ ដើម្បីស្វែងរកឱកាសនៅក្នុងប្រទេស កម្ពុជា»៕ LA