ភ្នំពេញ: ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​មួយ​ចំនួន​បាន​អះអាង​ថា ការនាំចេញ​កៅស៊ូ​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ ២០២០ ​នេះ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​មិន​ធ្លាប់​មាន​ដោយសារ​វិធានការ​រឹតបន្តឹង​នៅ​ច្រក​ព្រំដែន​ជាប់​នឹង​ប្រទេស​ កម្ពុជា​ ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

លោក ហេង ស្រេង អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ចម្ការកៅស៊ូ​បឹងកេត​នៅ​ខេត្តកំពង់ចាម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​ក្រុមហ៊ុន​លោក​បាន​នាំចេញ​កៅស៊ូ​បាន​តិចតួច​បំផុត​ក្នុង​រយៈពេល​ ៣ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ​ដោយសារ​ការរឹតត្បិត​នៅ​ច្រកព្រំដែន​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូរ៉ូណា​។

លោក​បន្តថា រយៈពេល​ ៣ ​ខែ​នេះ​ក្រុមហ៊ុន​លោក​បាន​នាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​ត្រឹមតែ​ ៥០ ​តោន​ប៉ុណ្ណោះ ខណៈ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​បរិមាណ​នាំចេញ​កៅស៊ូ​ពី​ក្រុមហ៊ុន​របស់​លោក​មាន​ចន្លោះ​ពី​ ២៥០ ​តោន​ទៅ​ ៣០០ ​តោន​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​កៅស៊ូ ខណៈ​មាន​ការរឹតបន្តឹង​នៅ​ច្រកព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម​នៅពេល​នេះ​។ ខ្ញុំ​យល់​ថា​តម្លៃ​កៅស៊ូ​នាំចេញ​ឆ្នាំនេះ​នឹង​ធ្លាក់​ថ្លៃ​បន្តទៀត​»​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្តិនីកា ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​បាន​ប្រាប់ ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បញ្ហា​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឲ្យ​លោក​ខកខាន​ក្នុង​ការនាំចេញ​កៅស៊ូ​នៅក្នុង​ខែមីនា​។

លោក​បន្តថា ទោះ​ជា​បែបនេះ​ក្តី​ក្រុមហ៊ុន​លោក​ក៏បាន​នាំចេញ​កៅស៊ូ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បាន​ប្រហែល​ ១ ០០០ ​តោន​ ក្នុង​រយៈពេល​ ២ ខែ​ដំបូង​ឆ្នាំ​ ២០២០ ​នេះ​ដែល​ចំនួន​នេះ​ធ្លាក់ចុះ​តិចតួច បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​អះអាង​ថា បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ក្រែប​បាន​ធ្លាក់​ថ្លៃ​ពី​ ១ ៣០០ ​ដុល្លារ​ក្នុង​ ១ ​តោន​មក​នៅត្រឹម​ ១ ១០០ ​ដុល្លារ​ក្នុង​ ១ ​តោន​។ លោក​ហាក់​ទុទ្ទិដ្ឋិនិយម​ចំពោះ​តម្លៃ​កៅស៊ូ​សម្រាប់​ឆ្នាំនេះ ដោយ​វា​នឹង​បន្ត​ធ្លាក់​ថ្លៃ​រហូតដល់​ចុងឆ្នាំ​នេះ​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​តម្លៃ​កៅ​កំពុង​ធ្លាក់ចុះ ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ បាន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​នាំចូល​ធំៗ ដូចជា ប្រទេស​ចិន អាមេរិក និង​តំបន់​អឺរ៉ុប​ដែល​សុទ្ធតែ​ទទួល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដូច្នេះ​តម្រូវការ​ប្រើប្រាស់​ផលិតផល​ពី​កៅស៊ូ និង​តម្រូវ​ការកែច្នៃ​កៅស៊ូ​បាន​ថមថយ​រួចហើយ​»​។

លោក​បន្តថា​៖ «​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​លើ​សកលលោក ខ្ញុំ​គិតថា​តម្លៃ​វា​នឹង​អត់​ល្អ​ទេ​នៅក្នុង​រយៈពេល​ ៣ ​ទៅ​ ៤ ​ខែ​ខាងមុខ​នេះ អ៊ីចឹង​ទេ​! វា​នឹង​អាច​ប៉ះពាល់​ដល់​ប្រាក់ចំណូល និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ដោយសារ​តម្លៃ​ទីផ្សារ​ទាប ហើយ​តម្លៃ​លក់​របស់​ក្រុមហ៊ុន​រាល់ថ្ងៃ​លក់​ក្នុង​តម្លៃ​ខាត មិន​ចំណេញ​នោះទេ​»​។

តំណាង​ក្រុមហ៊ុន ឫទ្ធិមុនី សំណាងលាភ ខូអិលធីឌី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កៅស៊ូ​ក្រែប​ក្នុងស្រុក និង​ក្រៅ​ស្រុក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​ខកខាន​ធ្វើការ​នាំចេញ​កៅស៊ូ​ទៅ​ក្រៅ​ប្រទេស​ចាប់តាំងពី​មាន​ការរឹតបន្តឹង​នៅ​ព្រំដែន​កម្ពុជា វៀតណាម ដែលជា​វិធានការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​នាំចេញ​កៅស៊ូ​ទៅណា​រួច បើ​គេ​មិន​ហ៊ាន​ដើរហើរ គ្មាន​អ្នកទិញ​មកពីណា ឥឡូវ​ច្រកព្រំដែន​គេ​ក៏​មិន​បើក​ឲ្យ​ចូល​ទៀត​»​។

កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន ២៨២ ០៧១ តោន ​ដែល​មាន​តម្លៃ ៣៧៧ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ៣០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទិន្នន័យ​នេះ​បង្ហាញ​ថា ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​កម្ពុជា​សរុប ៤០៦ ១៤២ ហិកតា ក្នុងនោះ​កៅស៊ូ​ជាង ២៤៧ ១១៤ ​ហិកតា​ត្រូវបាន​ប្រមូលផល​។

បើ​យោងតាម​របាយការណ៍​របស់ Research and Markets តម្លៃ​កៅស៊ូ​ក្រែប​នឹង​បន្ត​ធ្លាក់​ថ្លៃ​ចាប់ពី​ឆ្នាំនេះ​រហូត​ដល់​ឆ្នាំ​ ២០២១​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា ប្រទេស​ ចិន​ មាន​តម្រូវការ​កៅស៊ូ​ច្រើន​ជាងគេ​បំផុត​នៅលើ​សកលលោក​ដែល​មាន​រហូតដល់​ ៤១ ​ភាគរយ​ នៃ​ផលិតផល​កៅស៊ូ​សរុប​លើ​ពិភពលោក​៕ LA