កំពតៈ ទិន្នផល​ម្រេច​កំពត​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ (GI) តែ​មួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចុះ​រហូត​ដល់ ២៦ ​ភាគរយ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត​ (KPPA)​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​លោក ងួន ឡាយ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការធ្លាក់​ចុះ​ទិន្នផល​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទៅ​ទីផ្សារ​អន្តរជាតិ​ទេ​។

លោក ងួន ឡាយ ថ្លែង​ថា​កាលពី​ដើម​ឆ្នាំ​នេះ​អាកាសធាតុ​រាំង​ស្ងួត​ខ្លាំង​ពេក​បាន​ធ្វើឲ្យ​ផ្កា​គ្រាប់​ម្រេច​ជ្រុះ ខណៈ​រដូវ​ប្រមូលផល​មក​ដល់​ភ្លៀង​ធ្លាក់​ចុះ​ខ្លាំង​បាន​ធ្វើឲ្យ​កសិករ​ម្រេច​មិន​អាច​សម្ងួត​គ្រាប់​ម្រេច​បាន​។

លោក​លើក​ឡើង​ថា​ការផលិត​នឹង​ធ្លាក់​ចុះ ២៦ ​ភាគរយ​មក​នៅ​ត្រឹម ៧៥ ​តោន​ត្រឹម​ចុង​ខែ​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ដែល​មាន​រហូត​ដល់​ ១០២ ​តោន​។ លោក​បញ្ជាក់​ថា​៖ «​ដោយសារ​អាកាសធាតុ​ប្រែប្រួល បណ្ដាល​ឲ្យ​មាន​ភាពរាំងស្ងួត​ខ្លាំង និង​ទឹកភ្លៀង​ធ្លាក់​ខ្លាំង បញ្ហា​ប្រឈម​នេះ​ធ្វើឲ្យ​ការផលិត​របស់​យើង​ទាប និង​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ដើម្បី​ទូទាត់​លើ​ការ​ចំណាយ​នៃ​ការផលិត​ទេ​»​។

តំបន់ GI របស់​ម្រេច​កំពត​បច្ចុប្បន្ន​មាន​ផ្ទៃដី ២៥០ ​ហិកតា​នៅក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប​ក្នុង​ចំណោម​នោះ​ផ្ទៃដី ១១០ ហិកតា​មាន​ម្រេច​ទុំ និង​អាច​ប្រមូល​ផល​បាន​។

សមាជិក​របស់​សមាគម​នេះ​បាន​កើនឡើង​ពី ៣៨៧ នាក់ និង​ក្រុមហ៊ុន​ចែកចាយ​ ២១ កាលពី​ឆ្នាំ​មុន​ដល់ ៤៤០ នាក់ និង​ក្រុមហ៊ុន​ចែកចាយ ២៩ ​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​លោក ងួន ឡាយ​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ការផលិត​របស់​យើង​ក៏​ទាប​ជាង​ឆ្នាំ​មុន​ផង​ដែរ យើង​នៅ​តែ​អាច​ផ្គត់ផ្គង់​ដល់​អ្នកទិញ​»​។ លោក​បន្ត​ថា​​៖ «​យើង​នៅ​តែ​មាន​គ្រាប់​ម្រេច​មួយ​ចំនួន​ដែល​បម្រុង​ទុក​ពី​ឆ្នាំ​មុន​»​។

លោក​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​សមាគម​បាន​លក់​ម្រេច ៤០ តោន​រួច​ហើយ ឲ្យ​អ្នក​ទិញ ខណៈ​តម្រូវ​ការសរុប​នៅ​ឆ្នាំ​នេះ​មាន​ប្រហែល ៧០ ​តោន​។

សមាគម​នេះ​គឺ​នៅ​តែ​រក្សា​តម្លៃ​ម្រេច ១៥ ​ដុល្លារ​ក្នុង ១ ​គីឡូក្រាម​សម្រាប់​ម្រេច​ខ្មៅ​ ២៥ ​ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង ២៨ ​ដុល្លារ​សម្រាប់​ម្រេច​ស​។ នេះ​បើ​យោង​តាម​លោក ងួន ឡាយ​។

លោក សុខ ហ៊ុយ កសិករ​ម្រេច​នៅក្នុង​សមាគម​នេះ​ដែល​មាន​ចម្ការ​ម្រេច​ ១០ ​ហិកតា​បាន​ថ្លែង​ថា ការផលិត​របស់​លោក​នៅ​ឆ្នាំ​នេះ​ធ្លាក់ចុះ ៣០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។

លោក​លើក​ឡើង​ថា​៖ «​ជាធម្មតា ខ្ញុំ​បញ្ចប់​ការប្រមូលផល​នៅ​ចុង​ខែ​មិថុនា ប៉ុន្តែ​ឆ្នាំ​នេះ​ការប្រមូលផល​យឺត ដោយសារ​ភ្លៀង​ធ្លាក់​បន្ត​​ ២ ​សប្ដាហ៍ ដូច្នេះ​យើង​មិន​អាច​ប្រមូលផល​គ្រាប់​ម្រេច​បាន​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ចាប់ផ្ដើម​ការ​ប្រមូលផល​នៅ​ឡើយ​ទេ ខ្ញុំ​ពិតជា​បារម្ភ ប្រសិន​បើ​មិន​មាន​ពន្លឺ​ថ្ងៃ ដើម្បី​ហាល​គ្រាប់​ម្រេច​របស់​ខ្ញុំ បន្ទាប់មក​ខ្ញុំ​នឹង​ខាតបង់​ច្រើន​ជា​មិនខាន​»៕LA