ភ្នំពេញៈ ទោះបីជាមានគ្រោះរាំងស្ងូត និងទឹកជំនន់ក៏ដោយ ក៏បរិមាណផលស្រូវឆ្នាំ ២០១៤-២០១៥ ត្រូវបានរំពឹងថានឹងនៅតែទទួលបានដូចរដូវមុនដដែល ខណៈដែលល្បឿននៃការបង្កបង្កើនផលស្រូវនៅរដូវប្រាំងបង្ហាញពីការចាប់ផ្ដើមដ៏ល្អ។
ខែមករាគឺជាខែចុងក្រោយនៃការប្រមូលផលស្រូវរដូវវស្សាដែលបានចាប់ផ្ដើមចាប់ពីខែឧសភាកាលពីឆ្នាំមុនដោយទទួលបានបរិមាណផលសរុបចំនួន ៦,៦លានតោន ធ្លាក់ចុះជាង ២៣០ ០០០តោនធៀបនឹងរដូវប្រមូលផលកាលពីឆ្នាំ ២០១៣ ខណៈដែលទិនុ្នផលក្នុងមួយហិកតាក៏បានធ្លាក់ចុះផងដែរពី ២,៩ តោនក្នុងមួយហិកតាមកនៅត្រឹម ២,៧តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន។
លោក ពេជ្រ រម្យនា អនុប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្មបានថ្លែងថា គ្រោះរាំងស្ងួត ទឹកជំនន់ និងសត្វល្អិតបានបណ្ដាលឲ្យការបង្កបង្កើនផលធ្លាក់ចុះ ប៉ុន្តែលោកបានបន្តថា លោកនៅតែមានសុទិដ្ឋិនិយមថា ការបង្កបង្កើនផលស្រូវសម្រាប់រដូវប្រាំងដែលចាប់ផ្ដើមពីខែមករាដល់ខែមេសានឹងបង្កើនតួលេខបរិមាណផលស្រូវសរុបសម្រាប់ឆ្នាំ២០១៥។
លោកបានមានប្រសាសន៍ថា៖ «ការបង្កបង្កើនផលស្រូវរដូវប្រាំងសម្រាប់ឆ្នាំនេះបានចាប់ផ្ដើមហើយ។ ខ្ញុំរំពឹងថា តួលេខបរិមាណផលសរុបនឹងកាន់តែប្រសើរឡើង។ យ៉ាងហោចណាស់ការបង្កបង្កើនផលសរុបនឹងរក្សាបានដូចកាលពីឆ្នាំមុន ហើយយើងរំពឹងថានឹងមានផលស្រូវលើសចំនួនជាង ៤,៦ លានតោន»។
របាយការណ៍ដដែលបានឲ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវសរុបសម្រាប់រដូវប្រាំងបានកើនឡើងដល់ជាង៤៦០ ០០០ហិកតា ដោយបានកើនឡើងជាង ១១០ ០០០ ហិកតាធៀបនឹងរដូវប្រមូលផលមុន។
របាយការណ៍បន្តទៀតថា គ្រោះរាំងស្ងួតបានកើតឡើងនៅខែមិថុនាដល់ខែកក្កដាកាលពីឆ្នាំមុន បានប៉ះពាល់ដល់ការបង្កបង្កើនផលជាង ១១០ ០០០ ហិកតានៅក្នុង ១៣ខេត្ត ហើយទឹកជំនន់បានប៉ះពាល់ដល់ស្រូវជាង ៧៨ ០០០ ហិកតាក្នុង ១៧ ខេត្ត។
លោក ពេជ្រ រម្យនា បានថ្លែងបន្តថា៖ «ការផ្លាស់ប្តូរអាកាសធាតុគឺជាបញ្ហាប្រឈមចំពោះមុខរបស់កសិករយើង។ យើងបានជូនដំណឹងដល់កសិករត្រូវជ្រើសរើសពូជស្រូវសម្រាប់ការបង្កបង្កើនផលរបស់ពួកគេ។ យើងប្រាប់ពួកគេឲ្យមានការបត់បែន និងជ្រើសរើសពូជស្រូវដែលធន់នឹងការផ្លាស់ប្តូរអាកាសធាតុ»។
លោក កាន វាសនា តំណាងរបស់កសិករមកពីខេត្តបាត់ដំបងបានឲ្យដឹងថា ទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ការបង្កបង្កើនផលស្រូវ ហើយវានៅតែជាការព្រួយបារម្ភសម្រាប់កសិករដោយសារតែប្រព័ន្ធធារាសាស្ដ្រនៅមានកម្រិតខ្លាំង។
លោកថ្លែងថា៖ «មានតែកសិករដែលនៅជិតប្រភពទឹកប៉ុណ្ណោះទើបអាចបង្កបង្កើនផលស្រូវក្នុងរដូវប្រាំងបាន។ នៅក្នុងករណីរបស់យើង កសិករមួយចំនួនបានជីកអណ្ដូង និងស្រះ ប៉ុន្តែយើងមិនជឿជាក់ថាវានឹងមានទឹកគ្រប់គ្រាន់ដើម្បីទ្រទ្រង់ដល់ការផលិតនោះទេ»។
លោក យ៉ង សាំងកុមា ប្រធានអង្គការកសិករ សេដាក (CEDAC) បានថ្លែងថា ការបង្កបង្កើនផលស្រូវសរុបសម្រាប់រដូវវស្សាគឺជាកិច្ចខិតខំប្រឹងប្រែងមួយដ៏ល្អទោះបីជាមានភាពរាំងស្ងួតក៏ដោយ។ លោកបានថ្លែងថា ការប្រែប្រួលអាកាសធាតុ និងភាពនៅមានកម្រិតនៃប្រព័ន្ធធារាសាស្រ្តកំពុងរារាំងតួលេខមិនឲ្យកើនឡើង។
លោកបានមានប្រសាសន៍ថា៖ «នៅពេលនេះកសិករកំពុងប្រឈមនឹងភាពមិនច្បាស់លាស់អំពីការធ្លាក់ភ្លៀងសម្រាប់ការបង្កបង្កើនផលរបស់ពួកគេ។ កសិករខ្មែរពឹងខ្លាំងលើទឹកភ្លៀង និងអាកាសធាតុ។ ទោះបីជាប្រព័ន្ធធារាសា្រស្តក្នុងប្រទេសកម្ពុជាគ្របដណ្ដប់ជិត ៦០ភាគរយនៃតំបន់បង្កបង្កើនផលស្រូវសរុបក៏ដោយ ក៏មានប្រព័ន្ធធារាសាស្ដ្រប្រហែលតែ ១០ ភាគរយ ប៉ុណ្ណោះដែលអាចប្រើប្រាស់បាន»។
ប្រទេសកម្ពុជាផលិតស្រូវបាន ៩,៣លានតោននៅរដូវ២០១៣-២០១៤ និងបាននាំអង្ករចេញចំនួន ៣៨០ ០០០តោនចាប់ពីខែមករាដល់ខែធ្នូកាលពីឆ្នាំមុន។
ការផលិតស្រូវនៅក្នុងរដូវវស្សាចាប់ផ្ដើមពីខែឧសភាដល់ខែមករា ដោយជាធម្មតាទទួលបានទិន្នផលចំនួន ២,៩តោនក្នុងមួយហិកតា ខណៈដែលការបង្កបង្កើនផលស្រូវនៅរដូវប្រាំងចាប់ផ្ដើមពីខែមករាដល់ខែមេសា ដែលជាធម្មតាទទួលផលបាន៤តោនក្នុងមួយហិកតា៕ PB