ភ្នំពេញៈ ទីផ្សារ​អំបិល​ឆ្នាំនេះ​នឹង​មិន​ល្អ​ដូច​ឆ្នាំមុន​ទេ ទាំង​បរិមាណ​ទិន្នផល​ផលិត​បាន និង​តម្លៃ គឺ​ធ្លាក់​ចុះ​ដូចៗ​គ្នា។ នេះ​បើ​យោងតាម​ក្រុម​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កំពត។

លោក ប៊ុន បារាំង អ្នក​ផលិត​អំបិល​ក្នុង​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃនេះ​ថា ការប្រែប្រួល​អាកាសធាតុ​ (ភ្លៀង​ធ្លាក់​ក្នុង​រដូវប្រាំង) កំពុង​ធ្វើឱ្យ​បរិមាណ​អំបិល​ផលិត​បាន​ក្នុង​ឆ្នាំនេះ​ធ្លាក់​ទាប​ជាង​ឆ្នាំមុន បើទោះបី​រយៈពេល​ផលិត​អាច​នៅ​សល់​ប្រមាណ ១ ខែ​ទៀត​ក៏ដោយ។

លោក​បន្តថា មិន​ត្រឹមតែ​ទិន្នផល​ធ្លាក់ចុះ​ទេ សូម្បីតែ​តម្លៃ​ក៏​ធ្លាក់ចុះ​ដែរ ដោយ​ពេលនេះ​អំបិល​មាន​តម្លៃ​ប្រមាណ ១០០០០ រៀល​ក្នុង ១ បាវ​ទម្ងន់ ៥០ គីឡូក្រាម។

លោក​និយាយថា៖ «ឆ្នាំ​មុនគេ​អាច​លក់​បាន​ក្នុង​រង្វង់ ១២ ០០០ រៀល​ទៅ ១៣ ០០០ រៀល ប៉ុន្តែ​ពេលនេះ​បាន​ត្រឹម​តែ ១០ ០០០ រៀល​ប៉ុណ្ណោះ ហើយ​ផល​ក៏​មិន​ច្រើន​ដូច​មុន​ដែរ»។

លោក​ឱ្យដឹង​ទៀត​ថា ទន្ទឹមនឹង​បញ្ហា​ទាំង ២ ខាង​លើ​ទីផ្សារ​ចែកចាយ​អំបិល​ក៏​កំពុង​រង​ផលប៉ះពាល់​ពី​ការរឹតត្បិត​ការដឹកជញ្ជូន​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ផងដែរ ពិសេស​តំបន់​រាជធានី​ភ្នំពេញ។

ដូចនឹង​ការលើកឡើង​ខាងលើ អ្នក​ផលិត​អំបិល​ក្នុង​ខេត្ត​កំពត​លោក ប៊ុន ណារិន បាន​ប្រាប់ថា ចាប់ពី​ចុងខែ​មីនា​មក​ភ្លៀង​បាន​ធ្លាក់​នៅ​តាម​តំបន់​មួយចំនួន​ក្នុង​ខេត្ត​កំពត ដែល​ធ្វើឱ្យ​ការផលិត​អំបិល​ត្រូវ​ជួប​បញ្ហា។ លោក​បន្តថា ក្រៅពី​បញ្ហា​ទិន្នផល ការបញ្ចេញ​លក់​លើ​ទីផ្សារ​ក៏​ជួប​បញ្ហា​ទាក់ទង​នឹង​ការដឹកជញ្ជូន​ផងដែរ ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ការផលិតអំបិលនៅក្នុងខេត្តកំពត។ ហេង ជីវ័ន

គិត​ត្រឹម​ដំណាច់​ខែ​មីនា ផល​អំបិល​ក្នុង​ស្តុក​ក្នុង​ខេត្ត​កំពត​សម្រេចបាន​ប្រមាណ ៤០ ០០០ តោន​រួចមកហើយ។ នេះ​បើ​យោង​តាម​លោក ប៊ុន ណារិន។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន មិនអាច​ទាក់ទង​បានទេ ប៉ុន្តែ​កាលពី​ដើម​ខែមីនា​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រមូលផល​អំបិល​នៅ​ខេត្តកំពត​ឆ្នាំនេះ​នឹងមិន​លើស​ឆ្នាំ ២០២០ ឡើយ ព្រោះ​ស្ថានភាព​អាកាសធាតុ​មិនសូវ​អំណោយផល​ល្អ​ដូច​ឆ្នាំ ២០២០។ លោក​ថ្លែងថា៖ «អំបិល​ដែល​ខេត្តកំពត​ប្រមូលបាន​ក្នុងឆ្នាំនេះ​នឹងមិន​ច្រើន​ដូច​ឆ្នាំមុន​ឡើយ ព្រោះ​គ្រាន់តែ​ដើមខែ​មីនា​នេះ​មាន​ភ្លៀង​កក់ខែ​ចំនួន ២ លើក​រួចមកហើយ»។

យោងតាម​លោក គឹមជឿន ក្នុង​ឆ្នាំ ២០២១ នេះ​ផ្ទៃដី​ធ្វើស្រែ​អំបិល​នៅ​ខេត្ត​កំពត​មិន​ប្រែប្រួល​ទេ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដោយ​មាន ៣ ៧២៦ ហិកតា។

កាលពី​ឆ្នាំ ២០២០ ខេត្ត​កំពត​ផលិត​អំបិល​បាន​ប្រមាណ ៨៥ ០០០ តោន និង​ខេត្ត​កែប​ផលិត​បាន​ជាង ២០ ០០០ តោន។ ជា​មធ្យម​ប្រទេស​កម្ពុជា​ត្រូវការ​អំបិល​ប្រើប្រាស់​ក្នុង​រង្វង់ ១០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​មាន​ទំហំ​សរុប ៤ ៧៤៨ ហិកតា។ បើ​អាកាសធាតុ​អំណោយផល​ក្នុង ១ ហិកតា​គេ​អាច​ផលិត​អំបិល​បាន​ជា​មធ្យម ២០ តោន​ក្នុង​រយៈពេល ១ ឆ្នាំ៕