កំពតៈ សហគមន៍​ផលិត​អំបិល​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ​សប្ដាហ៍​នេះ ដើម្បី​បញ្ជាក់​ពី​បរិមាណ​អំបិល​ដែល​នឹង​នាំចូល ខណៈ​សហគមន៍​នេះ​ប្រកាស​កាលពី​ខែ​មុន​អំពី​កង្វះ​អំបិល​របស់​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​ប្រធាន​បច្ចេកទេស​នៃ​សហគមន៍​ផលិត​អំបិល​កែប-កំពត (KKSPC) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

កាលពី​ខែ​មុន KKSPC បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​នាំ​ចូល​អំបិល​ប្រហែល ៣០ ០០០ ​តោន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​​ក្នុង​ស្រុក​នៅ​ឆ្នាំ​នេះ ខណៈ​ការផលិត​អំបិល​មាន​ការ​ខ្វះខាត ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ភ្លៀង​ធា្លក់​ខ្លាំង​។

នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែល​ប្រទេស​ផលិត​អំបិល​មួយ​នេះ​ស្នើសុំ​ការនាំ​ចូល​អំបិល ខណៈ​កាលពី​ឆ្នាំ​ ២០០៩ កម្ពុជា​ក៏​បាន​នាំ​ចូល​អំបិល​ក្នុង​បរិមាណ​ដូច​គ្នា​នេះ​ពី​ប្រទេស​ចិន​។

លោក ប៊ុន ណារិន ប្រធាន KKSPC បាន​ថ្លែង​ថា​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សប្ដាហ៍​នេះ​ដើម្បី​បញ្ជាក់​ពី​តម្រូវការ​ចាំបាច់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក មុន​ពេល​ដាក់​របាយការណ៍​នេះ​ទៅ​រដ្ឋាភិបាល​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​មាន​កិច្ចប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​យើង ដើម្បី​នាំ​ចូល​អំបិល បន្ទាប់មក​យើង​នឹង​បញ្ជូន​របាយការណ៍​កង្វះ​អំបិល​នេះ​ទៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​ដើម្បី​អន្តរាគមន៍​សម្រាប់​ការនាំ​ចូល​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​មិន​ទាន់​បាន​សម្រេច​ថា​តើ​នឹង​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​យើង​ប្រមូល​ព័ត៌មាន​ក្នុង​ដៃ​រួច​ហើយ​អំពី​តម្លៃ និង​កូតា​» ​។

លោក​បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​យើង​នៅ​តែ​មាន​អំបិល​ក្នុង​ដៃ​របស់​យើង​សម្រាប់​ការផ្គត់ផ្គង់ ប៉ុន្តែ​វា​នឹង​ប្រឈម​កង្វះ​អំបិល​នៅ​ចុង​ឆ្នាំ​នេះ មុន​ពេល​រដូវ​ប្រមូល​ផល​អំបិល​បន្ទាប់​មក​ដល់​»​។

មាន​ស្រែ​អំបិល​ប្រហែល ៥ ០០០ ហិកតា​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប ជាមួយ​នឹង​រដូវ​ប្រមូលផល​ចាប់ពី​ខែ​មករា​ដល់​ចុង​ខែ​មេសា​៕LA