
ភ្នំពេញៈ ផលិតកម្មស្ករត្នោតខេត្តកំពង់ស្ពឺដែលទទួលបានលិខិតបញ្ជាក់ទីតាំងភូមិសាស្រ្តGI នឹងមានការថយចុះបន្តិចបន្តួចនៅឆ្នាំនេះដោយសារតែការចាប់ផ្តើមផលិតមិនទាន់ពេលវេលាល្អ។
បើទោះបីយ៉ាងនេះក្ដីសម្រាប់តម្លៃត្រូវគេរំពឹងថានឹងកើនឡើង ដោយសារផលិតផលនេះបាននឹងកំពុងទទួលបានការពេញនិយមពីអតិថិជននិងមានទីផ្សារកាន់តែច្រើន។
លោក សំ សារឿន ប្រធានសមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្តកំពង់ស្ពឺឲ្យដឹងថាខណៈដែលអាកាសធាតុនៅឆ្នាំនេះហាក់មានអំណោយផលល្អដល់ផលិតកម្មស្ករត្នោតលោកមិនរំពឹងថាការប្រមូលផលនឹងមានការកើនឡើងជាងឆ្នាំមុនឡើយផ្ទុយទៅវិញវាអាចនឹងមានការថយចុះព្រោះការចាប់ផ្ដើមផលិតរបស់កសិករនៅក្នុងឆ្នាំនេះមានការយឺតយ៉ាវ។
លោកបន្តថាការចាប់ផ្តើមត្រូវពន្យារពេលដល់ពាក់កណ្ដាលខែមករាដែលជាទូទៅការចាប់ផ្តើមតែងត្រូវធ្វើឡើងនៅដើមខែធ្នូ។
លោក សំ សារឿន បន្តថា៖«ការយឺតយ៉ាវនៃការចាប់ផ្តើមនេះវាពិតជាប៉ះពាល់ដល់ផលិតកម្មរបស់យើងបើទោះបីជាទំហំតិចឬច្រើនក្តី»។លោកបានមានប្រសាសន៍ថា៖ «តែយ៉ាងណាក៏ដោយតម្លៃស្ករត្នោតរបស់យើងកំពុងទទួលបានភាពប្រសើរឡើងបន្ទាប់ពីមនុស្សជាច្រើនបានដឹងពីគុណភាពនិងផលប្រយោជន៍ផលិតផលសរីរាង្គរបស់យើង»។
តាមការព្យាករខាងលើ ចំនួនស្ករត្នោតខេត្តកំពង់ស្ពឺឆ្នាំនេះ នឹងទាបជាងកាលពីឆ្នាំមុនៗ ដែលកាលពីឆ្នាំ ២០១២មានចំនួនសរុប ៤៣០តោន និង៤៤០ តោនកាលពីឆ្នាំ២០១១។
ទោះបីជាមានការថយចុះនៃបរិមាណប្រមូលផលនេះក៏ដោយ លោក ហុង ហឿង នាយកសហគមន៍អភិវឌ្ឍន៍កសិកម្មស្ករត្នោតខេត្តកំពង់ស្ពឺ បាននិយាយថា តម្លៃស្ករត្នោតខេត្តកំពង់ស្ពឺកំពុងមានកើនឡើងគួរឲ្យកត់សម្គាល់នៅរដូវកាលនេះ។
លោកបន្តថា ស្ករត្នោតប្រភេទជាម្សៅ នឹងលក់ក្នុងតម្លៃ ៥ ៥០០ រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះកើនឡើង១៧ភាគរយ បើធៀបទៅ រដូវកាលប្រមូលផលកាលពីឆ្នាំមុនមានតម្លៃ៤៧០០រៀលក្នុងមួយគីឡូក្រាម។
លើសពីនេះទៀត តម្លៃស្ករត្នោតជាប្រភេទស្ករផែនក៏បានកើនឡើងដល់តម្លៃ ៣ ៥០០ រៀលក្នុងមួយគីឡូក្រាមនៅឆ្នាំនេះផងដែរ។ (តម្លៃនេះជាតម្លៃដែលប្រមូលទិញដល់ផ្ទះកសិករ)។
លោក តុត មីនកាលីម ប្រធានផ្នែកផលិតកម្មក្រុមហ៊ុន Farmlink Company ជាក្រុមហ៊ុននាំចេញស្ករកំពង់ស្ពឺកាលពីឆ្នាំមុនទៅប្រទេសបារាំងនិយាយថា តម្រូវការស្ករត្នោតខេត្តកំពង់ស្ពឺមានការកើនឡើង ដែលនេះជាវិធីដ៏ល្អដើម្បីលើកទឹកចិត្តដល់កសិករឲ្យផលិតកម្មរបស់គេបន្ថែម។
លោក មីនកាលីមបានមានប្រសាសន៍ថា៖ «បន្ទាប់ពីការធ្វើការនាំចេញសាកល្បងទៅទីផ្សារប្រទេសបារាំង កាលពីឆ្នាំមុន ពេលនេះយើងទទួលបានការបញ្ជាទិញកាន់តែច្រើនពីអតិថិជន។យើងរំពឹងថា ទំហំនៃការនាំចេញនឹងមានការកើនឡើងថែមទៀតនៅឆ្នាំខាងមុខ»។
ផលិតកម្មស្ករត្នោត គឺជាមុខរបរសំខាន់ទី២ សម្រាប់គ្រួសារដែលជាសមាជិកក្នុងសមាគមបន្ទាប់ពីប្រកបរបរធ្វើស្រែ។
បច្ចុប្បន្ននេះសមាគមអភិវឌ្ឈន៍ស្ករត្នោតខេត្តកំពង់ស្ពឺមានសមាជិកសរុបចំនួន១៤៨ គ្រួសារគ្របដណ្តប់ស្រុកពីរគឺស្រុក ឧដុង្គ និងស្រុកសំរោងទង៕ PB