ភ្នំពេញៈ បេឡាជាតិរបបសន្តិសុខសង្គម (បសស) នៅថ្ងៃចន្ទនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (Philhealth) ដើម្បីចែករំលែកបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅមក។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើក្រោមវត្តមានរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកវេជ្ជបណ្ឌិត Robert M. Salvador ដែលសមាជិកក្រុមប្រឹក្សាភិបាលរបស់ Philhealth នៅសណ្ឋាគារសាន់វ៉េ។
លោក អ៊ិត សំហេង បានឲ្យដឹងតាមរយៈសុន្ទរកថាដែលបានថ្លែងក្នុងពិធីនេះថា ការចុះអនុស្សរណៈនេះផ្តល់ឱកាសឲ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធលើបញ្ហាដែលពាក់ព័ន្ធឲ្យគ្នាទៅវិញទៅមក។
Phil-Health ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហ្វីលីពីន ដែលផ្តល់សេវាថែទាំសុខភាពបានទូលំទូលាយដល់ប្រជាជនហ្វីលីពីនទាំងអស់តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេសជនក្រៅសង្គម អ្នកជំងឺ ចាស់ជរា ជនពិការ ស្ត្រី និងកុមារព្រមទាំងផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុភ៌តជន៕
លោក សម វិទ្យា បានឲ្យដឹងថា NSSF នឹងបញ្ជូនអ្នកជំនាញកម្ពុជា ២រូប ទៅរៀនសូត្រពីក្រុមហ៊ុន PhilHealth នៅប្រទេស ហ្វីលីពីន បន្ទាប់ពីការចុះហត្ថលេខានេះ។ អ្នកជំងឺប្រហែល ៨ ៧២៧ នាក់ បានទទួលការព្យាបាលផ្នែកវេជ្ជសាស្ដ្រ ស្ថិតក្រោមកម្មវិធីថែរក្សាសុខភាពរបស់ NSSF នៅឆមាសទី១ឆ្នាំនេះ។
ក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែមិថុនា NSSF បានចំណាយ ១៤ លានដុល្លារ ដើម្បីផ្ដល់ដល់សេវាផ្នែកវេជ្ជសាស្ដ្រដល់មន្ដ្រីរាជការ មន្ដ្រីសាធារណៈដែលចូលនិវត្តន៍ និងអតីតយុទ្ធជន ដែលជាទិសដៅស្នូលស្ថិតក្រោមកម្មវិធីនេះ៕LA