ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាបាយ័នអ៊ែរឡាញ (CBA) គ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុក Bayon Holdings ដែលវិនិយោគ ១០០ លានដុល្លារ នឹងចាប់ផ្ដើមដំណើរការហោះហើរនៅចុងខែនេះបន្ទាប់ពីជើងហោះហើរ MA60 ដំបូងបានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃចន្ទ។
កាលពីថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៤ CBA បានចុះហត្ថលេខាបញ្ជាទិញយន្តហោះ MA60 ចំនួន ២០ គ្រឿងជាមួយក្រុមហ៊ុន Xi'an Aircraft Industry Co., Ltd. (XAC)។
«យន្តហោះដឹកអ្នកដំណើរថ្មីយីហោដំបូងដែលក្រុមហ៊ុនអាកាសចរណ៍នេះបានទិញ និងបានចុះបញ្ជីនៅកម្ពុជា អាស្រ័យហេតុនេះការចុះចតរបស់យន្តហោះ MA60 បានបើកទំព័រថ្មីរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ប្រតិបត្តិការជើងហោះហើរនេះត្រូវចាប់ផ្ដើមនៅចុង ខែធ្នូ ឆ្នាំនេះ ដែលបម្រើផ្លូវហោះហើរចេញពីភ្នំពេញទៅកាន់ ខេត្តសៀមរាប សៀមរាប ទៅ ក្រុងព្រះសីហនុ និងភ្នំពេញ ទៅ ក្រុងព្រះសីហនុ ស្របជាមួយនឹងទិសដៅហោះហើរក្នុងស្រុកផ្សេងទៀត។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «យន្តហោះ MA60 នឹងប្រើប្រាស់ផ្លូវហោះហើរក្នុងស្រុកសំខាន់នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាជំហានដំបូងនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសចិន និងកម្ពុជាក្នុងវិស័យអាកាសចរណ៍និងឧស្សាហកម្មអាកាសចរណ៍»។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «វិញ្ញាបនបត្រហោះហើរ (AOC) របស់យន្តហោះ MA60 ត្រូវរំពឹងថា នឹងទទួលបាននៅចុងខែនេះដែលអនុញ្ញាតឲ្យ CBA ប្រតិបត្តិការជាផ្លូវការនៅក្នុងដែនអាកាសកម្ពុជា»។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជន-រដ្ឋាភិបាលបានថ្លែងថា អ្នកចូលមកថ្មីសម្រាប់ទីផ្សារក្នុងស្រុកនឹងជួយបំពេញតម្រូវការនៃការធ្វើដំណើរតាមផ្លូវអាកាស។
លោកលើកឡើងថា៖ «បច្ចុប្បន្នទោះបីជាយើងមានក្រុមហ៊ុនអាកាសចរណ៍ពីរគឺ កម្ពុជាអង្គរអ៊ែរ និង Bassaka Air កំពុងប្រតិបត្តិការសម្រាប់ផ្លូវហោះហើរក្នុងស្រុកក៏ដោយ ក៏យើងស្វាគមន៍អ្នកចូលមកថ្មីដូចជាក្រុមហ៊ុនអាកាសចរណ៍ បាយ័នអ៊ែរឡាញ ដែលល្អប្រសើរសម្រាប់តម្រូវការកើនឡើងពេលបច្ចុប្បន្ន»។
លោកបានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅលើផ្លូវអាកាសមិនគួរសហការជាមួយគ្នាទៅវិញទៅមកក្នុងការបង្កើតតម្លៃនោះទេ។
លោកបន្តថា៖ «អ្វីដែលយើងសង្ឃឹមមើលឃើញគឺថា យើងមិនចង់ឲ្យពួកគេសហការគ្នានៅក្នុងការបង្កើតតម្លៃដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មនេះ»។
CBA ត្រូវបានកំណត់ពេលវេលាដើម្បីបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីនៅចុង ខែមីនា ឆ្នាំ២០១៥ ទៅកាន់ ទីក្រុងបាងកក និង ទីក្រុងហូជីមិញ។ នៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងនាំចូលយន្តហោះ Airbus320 ថ្មីផងដែរដើម្បីបង្កើនបន្ថែមទៀតដល់បណ្ដាញផ្លូវហោះហើរអន្តរជាតិរបស់ខ្លួន ដែលនឹងបើកដំណើរការផ្លូវហោះហើរចម្ងាយឆ្ងាយចេញពី ប្រទេសកម្ពុជា ទៅកាន់ ប្រទេសចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ានផ្សេងទៀត៕