ក្រុងប៉ារីសៈ លោក Bruno Le Maire រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស បារាំង កាលពីថ្ងៃអង្គារ បានជំរុញឲ្យក្លិបប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេលើពិភពលោកទាំង ៧ (G7) ត្រូវស្វែងរកដំណោះស្រាយអន្តរជាតិមួយចំពោះការដកហូតពន្ធលើក្រុមហ៊ុនឌីជីថលឈានមុខគេក្នុងកិច្ចប្រជុំរបស់ G7 ក្រៅទីក្រុងប៉ារីសក្នុងសប្ដាហ៍នេះ។
លោក Le Maire ដែលប្រទេសរបស់លោកបានខឹងអាមេរិកកាលពីដើមខែនេះ និងបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំដំបូងគេដែលបានដកហូតពន្ធលើក្រុមហ៊ុនឌីជីថលឈានមុខគេដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon បានថ្លែងថា៖ «ខ្ញុំជឿជាក់ថា ក្នុងអំឡុងកិច្ចប្រជុំ G7 យើងអាចស្វែងរកដំណោះស្រាយជាអន្តរជាតិគួរឲ្យពេញចិត្តបាន»។
លោកថ្លែងថា ការព្រមព្រៀងបែបនេះមួយ នៅពេលនោះនឹងបើកផ្លូវឲ្យមានកិច្ចព្រមព្រៀងអន្តរជាតិមួយស្ថិតក្រោមការគាំពារពីអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។
លោក Le Maire ដែលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះកំពុងរៀបចំកិច្ចប្រជុំក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ G7 នៅសង្កាត់ Chantilly ក្រៅទីក្រុងប៉ារីសបានថ្លែងថា៖ «នេះនឹងជាមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ»។
លោក Le Maire ដែលគ្រោងនឹងជួបលោក Steven Mnuchin សមភាគីអាមេរិករបស់លោកនៅថ្ងៃពុធ មុនពេលការបើកកិច្ចប្រជុំ G7 ផ្លូវការ បានបង្ហាញការខកចិត្តដោយសារតែការស៊ើបអង្កេតដែលបានចេញបញ្ជាដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលអាចជំរុញឲ្យមានការហូតពន្ធទៅវិញទៅមក។
ការស៊ើបអង្កេតតាមមាត្រា Section 301 គឺជាឧបករណ៍ដ៏សំខាន់ដែលរដ្ឋបាលលោក ត្រាំ បានប្រើប្រាស់ក្នុងសង្រា្គមពាណិជ្ជកម្មជាមួយប្រទេស ចិន ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃពន្ធនាំចូលប្រឆាំងនឹងអ្វីដែលអាមេរិកឲ្យដឹងថា ជាការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នា។
លោកថ្លែងថា៖ «នេះជាលើកដំបូងក្នុងទំនាក់ទំនងដ៏យូររបស់យើងដែលរដ្ឋាភិបាលអាមេរិកបានសម្រេចចិត្តបើកដំណើរការនីតិវិធីបែបនោះប្រឆាំងបារាំង»។
លោកបានបន្ថែមថា៖ «ប្រទេស បារាំង គឺជាប្រទេសដែលមានអធិបតេយ្យ ហើយនឹងបន្តធ្វើជាប្រទេសអធិបតេយ្យតទៅមុខទៀត»៕ AFP/LA