ក្រុងប៉ារីសៈ ប្រធានាធិបតីបារាំង Emmanuel Macron ឲ្យដឹងថា ប្រទេសលោកខាងលិចរួមទាំងអាល្លឺម៉ង់ផងដែរ គួរពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួននៅកិច្ចប្រជុំរបស់ក្រុមប្រទេស G7 ដែលនឹងរៀបចំធ្វើឡើងនៅចុងសប្តាហ៍នេះក្នុងគ្រាដែលមានការភ័យខ្លាចពីការដើរថយក្រោយនៃសេដ្ឋកិច្ច។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងប៉ារីសថា៖ «យើងចាំបាច់សួរខ្លួនឯងអំពីសំណួរដែលប្រទេសនានាមានតម្រូវការកម្មវិធីជំរុញថវិកា។ វាជាបញ្ហាមួយសម្រាប់អឺរ៉ុបសម្រាប់ប្រទេសបារាំងសម្រាប់ប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត»។
បារាំងចង់ឲ្យអាល្លឺម៉ង់បង្កើនការចំណាយសាធារណៈរបស់ខ្លួន ដើម្បីប្រយុទ្ធនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសនេះ ប៉ុន្តែរដ្ឋាភិបាលក្រុងប៊ែរឡាំង ជំទាស់យ៉ាងខ្លាំងទៅនឹងគំនិតបង្កើនការខ្ចីប្រាក់ និងបំណុលសាធារណៈរបស់បារាំង។
កិច្ចប្រជុំរបស់ក្រុមប្រទេសដែលមានឧស្សាហកម្ម និងសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នឹងជួបប្រជុំគ្នានៅក្នុងពេលវេលាដ៏ពិបាកមួយសម្រាប់ទំនាក់ទំនងរបស់លោក Macron ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដែលគ្រោងនឹងចាកចេញពីតំណែងនៅឆ្នាំ ២០២១ ប៉ុន្តែជាមនុស្សដែលលោកប្រធានាធិបតីបារាំងចង់ឲ្យយកមកធ្វើជាសម្ព័ន្ធមិត្តម្នាក់ក្នុងការធ្វើកំណែទម្រង់សហភាពអឺរ៉ុប។
ភាពតានតឹងបានផ្ទុះឡើងជុំវិញការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ដែលអាល្លឺម៉ង់ជាទូទៅចង់បានការចាកចេញរបស់អង់គ្លេសដោយរក្សាទុកអង់គ្លេសក្នុងទីផ្សារតែមួយដដែល ខណៈបារាំងមិនចង់បានបែបនេះទាំងស្រុង ហើយអាល្លឺម៉ង់ក៏ចង់ឲ្យមានគោលនយោបាយថវិកាមួយផងដែរ ដែលលោកស្រី Merkel មិនសប្បាយចិត្តជុំវិញការសម្រេចចិត្តរបស់បារាំងដែលបង្កើនឱនភាពថវិការបស់ខ្លួន៕ KC