ទីក្រុងប៉ារីសៈ លោក Bruno Le Maire រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​បារាំង​បាន​និយាយថា ប្រទេស​បារាំង​នឹង​ឲ្យ​ប្រទេស​ស៊ូដង់​ខ្ចីប្រាក់​ ១,៥ ​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​មួយ​នេះ​ឲ្យ​សងបំណុល​ដ៏ច្រើន​របស់ខ្លួន​ដល់​មូលនិធិ​រូបិយ​បណ្ណ​របស់​អន្តរជាតិ (IMF) ពេលដែល​ប្រទេស​នេះ​រើខ្លួន​ចេញពី​ការគ្រប់គ្រង​ដោយ​របប​ផ្តាច់ការ​អស់​ជាច្រើន​ទស្សវត្សរ៍​។

លោក Le Maire បាន​និយាយ​នៅពេល​បើក​សន្និសីទ​អន្តរជាតិ​មានបំណង​ជួយ​ប្រទេស​ស៊ូដង់​ក្នុង​ការឆ្លង​ទៅកាន់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថា​៖ «​លោក ប្រធានាធិបតី Macron នឹង​បញ្ជាក់​បន្ថែមថា ប្រទេស​បារាំង​នឹង​ផ្តល់​កម្ចី​ ១,៥ ​ពាន់​លាន​ដុល្លារ​ ដើម្បី​ជម្រះបំណុល​លើស​កាលកំណត់​ដែល​ជំពាក់ IMF»​។

នាយករដ្ឋមន្ត្រី ស៊ូដង់ លោក Abdalla Hamdok កំពុង​ចូលរួម​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស ស្វែងរក​ជំនួយ​ដើម្បី​ដោះបំណុល​បរទេស​ចំនួន​ ៦០ ​ពាន់​លាន​ដុល្លារ និង សង្ឃឹម​ផងដែរ​ថា នឹង​ធានា​ដល់​កិច្ចព្រមព្រៀង​វិនិយោគ​។

លោក Hamdok កំពុង​ជំរុញ​ដើម្បី​ស្ថាបនា​ឡើងវិញ និង​កែទម្រង់ សេដ្ឋកិច្ច​ដែល​ខ្ទិចខ្ទាំង​យ៉ាងខ្លាំង​និង បញ្ចប់​ភាពឯកោ​ពី​អន្តរជាតិ​របស់​ប្រទេស​ស៊ូដង់ ដែល​ស្ថិត​នៅក្រោម​អតីតៈ​បុរស​ខ្លាំង Omar al-Bashir ដែល​ការគ្រប់គ្រង​អស់​រយៈពេល​ ៣ ​ទសវត្សរ៍​បាន​ធ្វើឲ្យ​មាន​ភារលំបាក​ដល់​វិស័យសេដ្ឋកិច្ច​ និង ទទួល​ទណ្ឌកម្ម​អន្តរជាតិ​។

លោក Le Maire បាន​និយាយថា ការកសាង​ទីផ្សារ​ប្រកប​ដោយ​ការទាក់ទាញ​និង​នឹងធឹង​ឡើងវិញ ត្រូវការ​ពេលវេលា ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​បញ្ចុះបញ្ចូល​វិនិយោគិន​ឯកជន​ដែល​សំខាន់​សម្រាប់​ធុរកិច្ច គឺ​នៅ​ទីនោះ​ទាំងអស់​»​។

នៅ​ថ្ងៃ​អង្គារ៍ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹងចូលរួម Hamdok និង​អ្នកដឹកនាំ​អាហ្រិ្វក​ពី​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច សម្រាប់​ទ្វីប​នោះ ដោយ​សង្ឃឹម​ថា​បំពេញ​ភាពខ្វះ​ចន្លោះ​ហិរញ្ញវត្ថុ​ជិត​ ៣០០ ​ពាន់​លាន​ដុល្លារ​បណ្តាលមកពី​ការរីករាលដាល​កូវីដ​១៩»៕ RR