ក្រុងប៉ារីសៈ លោក Bruno Le Maire រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​របស់​បារាំង​កាលពី​ថ្ងៃ​អង្គារ​បាន​ប្តេជ្ញា​ថា​ នឹង​មាន​ការឆ្លើយតប​ខ្លាំង​របស់​សហភាព​អឺរ៉ុប​ទៅនឹង​ការដកហូត​ពន្ធ​ដែល​អាមេរិក​គំរាមថា​នឹងធ្វើ​ឡើង​ចំពោះ​ទំនិញ​របស់​បារាំង ខណៈ​មុខព្រួញ​មួយ​ផ្សេងទៀត​កំពុង​កើតមាន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក​។

លោក Le Maire បាន​ប្រាប់​វិទ្យុ​ Classique ថា​៖ «​កាលពី​ម្សិលមិញ​យើង​បាន​ទាក់ទង​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​ធានា​ថា ប្រសិនបើ​មានការ​ដកហូត​ពន្ធ​អាមេរិក​ថ្មី​មែន​នោះ​នឹង​មាន​ការឆ្លើយតប​វិញ​ពី​សហភាព​អឺរ៉ុប ដែលជា​ការឆ្លើយតប​យ៉ាងខ្លាំង​មួយ​»​។

កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋ​អាមេរិក​បាន​គំរាម​ដកហូត​ពន្ធ​រហូត​ដល់ ១០០ ​ភាគរយ​​ លើ​ទំនិញ​របស់​បារាំង​ដែល​មាន​តម្លៃ ២,៤ ពាន់​លាន​ដុល្លារ ​ជា​ការ​តបត​ទៅនឹង​ពន្ធ​សេវា​ឌីជីថល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា​មាន​ការរើសអើង​។

លោក Le Maire បាន​ប្រាប់​វិទ្យុ Classique កាលពី​ថ្ងៃ​អង្គារ​ថា ការ​គំរាម​របស់​អាមេរិក​មិនអាច​ទទួលយក​បានទេ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​មិនមែន​ជា​ប្រភេទ​ឥរិយាបថ ដែល​មនុស្ស​ម្នាក់​រំពឹង​ថា​នឹង​ទទួលបាន​ពី​អាមេរិក​ចំពោះ​មនុស្ស​ម្នាក់ទៀត​ដែលជា​សម្ព័ន្ធមិត្ត​ធំ​របស់ខ្លួន​គឺ​បារាំង​និយាយ​ដោយឡែក និង​ចំពោះ​អឺរ៉ុប​និយាយ​ជារួម​ឡើយ​»​។

លោក ដូណាល់ ត្រាំ ក៏​បាន​និយាយ​ដែរ​ថា ពន្ធគយ​នឹងត្រូវ​បាន​ដកហូត​ឡើងវិញ​លើ​អាហ្សង់ទីន និង​ប្រេស៊ីល​ដោយ​ចោទ​ប្រទេស​ទាំង​ ២ ​ថា​បាន​គ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កសិករ​អាមេរិក​៕ KC