ក្រុងប៉ារីសៈ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​គាំទ្រ​ការដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​ប្រទេស​ជា​សមាជិក​របស់​​សហភាព​អឺរ៉ុប ដែល​បដិសេធ​ទទួល​យក​ជន​ចំណាកស្រុក​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉ារីស​រួម​ជាមួយ​លោក Pedro Sanchez នាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​អេស្ប៉ាញ​ថា​៖ «​យើង​មិន​អាច​មាន​បណ្ដា​ប្រទេស ដែល​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប និង​អះអាង​ពី​អត្ថប្រយោជន៍​ផ្ទាល់​របស់​ជាតិ​ខ្លួន​នៅ​ពេល​និយាយ​អំពី​បញ្ហា​ជន​ចំណាកស្រុក​នោះ​ទេ​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ដែល​គ្មាន​កិច្ចសហប្រតិបត្តិការ​»​។

ដោយ​ប្រឆាំង​តប​នឹង​ការអត្ថាធិប្បាយ​របស់​លោក ម៉ាក្រុង លោក Luigi Di Maio សហឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណបក្ស​ប្រជានិយម M5S របស់​ប្រទេស​អ៊ីតាលី​បាន​ចោទប្រកាន់​មេដឹកនាំ​ប្រទេស​បារាំង​រូប​នេះ​ពី​បទ​មិន​ដឹង​ពី​អ្វី​សោះ​ចំពោះ​កម្រិត​នៃ​បញ្ហា​នេះ​។

លោក​ឲ្យ​ដឹង​តាម​ហ្វេសប៊ុក​ថា​៖ «​ការអត្ថាធិប្បាយ​របស់​លោក​ម៉ាក្រុង​អំពី​ការពិត​ដែល​ថា មិន​មាន​វិបត្តិ​ជន​ចំណាកស្រុក​ក្នុង​ប្រទេស​អ៊ីតាលី​នោះ​បង្ហាញ​ថា លោក​មិន​ដឹង​អ្វី​ទាំងអស់​អំពី​ការពិត​។ ច្បាស់​ណាស់​រដ្ឋាភិបាល​អ៊ីតាលី​ពី​មុន​បាន​ប្រាប់​លោក​ថា បញ្ហា​នេះ​មិន​មាន​នោះ​ឡើយ​»​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ប្រទេស​អ៊ីតាលី​ភាពអាសន្ន​នៃ​បញ្ហា​អន្តោប្រវេសន៍​បន្ទាន់ ត្រូវ​បាន​ជំរុញ​ដោយ​ប្រទេស​បារាំង​ដោយសារ​ការ​រុញច្រាន​ជា​ប្រចាំ​របស់​បារាំង​នៅ​តាម​ព្រំដែន​ផង​ដែរ​។ លោក ម៉ាក្រុង កំពុង​ធ្វើ​ឲ្យ​បេក្ខភាព​ប្រទេស​របស់​ខ្លួន​កា្លយ​ជា​សត្រូវ​លេខ ១ របស់​ប្រទេស​អ៊ីតាលី​ដោយសារ​បញ្ហា​នេះ​»​។

លោក Matteo Salvini រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ប្រកាន់​ស្ដាំ​ជ្រុល​របស់​អ៊ីតាលី បាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំង​ក្នុង​សុន្ទរកថា​ដែល​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ព័ត៌មាន​ប្រទេស​អ៊ីតាលី​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​មាន​ជន​ចំណាកស្រុក​ចំនួន ៦៥០ ០០០ នាក់​ដែល​បាន​មក​ដល់​ក្នុង​រយៈពេល ៤ ឆ្នាំ​មាន​ពាក្យសុំ​ចំនួន ៤៣០ ០០០ បច្ចុប្បន្ន​ជនភៀសខ្លួន​ជាក់ស្ដែង ១៧០ ០០០ នាក់​បាន​ស្នាក់​ក្នុង​សណ្ឋាគារ អគារ និង​ផ្ទះល្វែង​ដែល​ធ្វើឲ្យ​ការចំណាយ​ខ្ពស់​ដល់​ជាង ៥ ពាន់​លាន​អឺរ៉ូ​៕ LA