ក្រុងប៉ារីសៈ ក្រសួងកសិកម្មបារាំងបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេស បារាំង នឹងចាប់ផ្ដើមសម្លាប់សត្វជ្រូកព្រៃដែលរស់នៅជិតព្រំដែនប្រទេស បែលហ្សិក ដើម្បីបង្ការការរីករាលដាល វីរុសប៉េស្ដជ្រូក។
ក្រសួងកសិកម្ម បានឲ្យដឹងថា ប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ និងចូលរួមដោយអ្នកបរបាញ់ និងមន្ដ្រីរុក្ខាប្រមាញ់ជាច្រើន។
វីរុសនេះ ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេស បែលហ្ស៊ិក កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅជិតព្រំដែនជាមួយប្រទេសលុចសំបួ និងបារាំង។
លោក Thierry Coste ដែលធ្វើការងារនៅសហព័ន្ធប្រមាញ់ជាតិ (FNC) របស់បារាំង បានប្រាប់ AFP ថា៖ «ការរីករាលដាលជំងឺនេះទៅក្នុងប្រទេស បារាំង នឹងជាគ្រោះមហន្តរាយមួយសម្រាប់កសិករចិញ្ចឹម និងអ្នកប្រមាញ់សត្វ»។
ជំងឺនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេស ប៉ូឡូញ កាលពីឆ្នាំ ២០១៤ នៅពេលវាឆ្លងតាមជ្រូកព្រៃ ដែលបានចូលមកពីប្រទេស បេឡារុស ដែលជាប្រទេសជិតខាង។
កាលពីសប្ដាហ៍មុន អាជ្ញាធររបស់ប្រទេស ប៉ូឡូញ បានបដិសេធផែនការ ដើម្បីបោសសម្អាតជ្រូកព្រៃស្ទើរតែទាំងអស់ ដោយសារតែមានញត្តិប្រឆាំងនឹងការសម្លាប់ចំនួនច្រើន ដែលបានទាក់ទាញឲ្យមានការចុះហត្ថលេខារាប់ម៉ឺននាក់។
លោក Henryk Kowalczyk រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ប្រទេស បារាំង បានប្រាប់ទូរទស្សន៍ TVN ថា៖«មិនមានបទបញ្ជាត្រូវបានផ្ដល់ដើម្បីសម្លាប់សត្វជ្រូកព្រៃនោះទេ»។ លោកបានបន្ថែមថា កូតាបរបាញ់ជ្រូកព្រៃ ត្រូវបានកំណត់ដូចដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
ជំងឺប៉េស្ដជ្រូកអា្រហ្វិក មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែបណ្ដាលឲ្យមានជំងឺគ្រុនក្ដៅលើសត្វជ្រូកស្រុក និងសត្វជ្រូកព្រៃ ដែលនៅជិតទីបំផុតត្រូវស្លាប់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕ AFP/LA