ក្រុងតូក្យូៈ រដ្ឋាភិបាល​​ប្រទេស បារាំង កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ប្រាប់​​ដល់​​​ជប៉ុន​ថា​ ខ្លួន​​នឹង​ស្វែង​រក​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​​ក្រុមហ៊ុន​​ផលិត​រថយន្ត Renault និង​ក្រុមហ៊ុន​ Nissan បន្ទាប់​ពី​​ការ​ចាប់​ខ្លួន​ដ៏​​ភ្ញាក់​ផ្អើល​ចំពោះ​​លោក Carlos Ghosn​ អតីត​ប្រធាន​ក្រុមហ៊ុន Nissan កាល​ពី​ពេល​កន្លង​មក​​​។

លោក​ Ghosn គឺ​ជា​អ្នក​ដឹកនាំ​​​​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​រវាង​​ក្រុមហ៊ុន​ Nissan ក្រុមហ៊ុន Mitsubishi និង​ក្រុមហ៊ុន​ Renault មុន​ពេល​​​​ត្រូវ​​​គេ​ចាប់​​ខ្លួន​​កាល​ពី​ខែ​វិច្ឆិកា​ ក្រោម​បទ​​ចោទ​ប្រកាន់​​រាយ​ការណ៍​​​ហិរញ្ញវត្ថុ​មិន​ត្រឹម​​ត្រូវ។​

កាសែត​ Kyodo News បាន​រាយ​ការណ៍​ដោយ​លើក​ឡើង​ពី​​ប្រភព​ស្និទ្ធ​នឹង​​បញ្ហា​នេះ​ថា​ គណៈ​ប្រតិភូ​មួយ​ក្រុម​​​​​រួម​ទាំង​​​​លោក Martin Vial នាយក​ក្រុមហ៊ុន​ Renault ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋាភិបាល​​បារាំង​ បាន​ធ្វើ​សំណើ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​​​ក្នុង​ការ​ចរចា​ ជា​មួយ​មន្ដ្រី​របស់​ប្រទេស​ ជប៉ុន នៅ​ក្នុង​ទីក្រុង​តូក្យូ​។

រដ្ឋាភិបាល​​ប្រទេស​ បារាំង គឺ​ជា​ភាគទុនិក​ធំ​ជាង​គេ​​ក្នុង​ក្រុមហ៊ុន​ Renault ដោយ​មាន​ភាគ​ហ៊ុន​ជាង​ ១៥ ​ភាគរយ ខណៈ​ក្រុមហ៊ុន​ Renault បាន​គ្រប់គ្រង​ភាគហ៊ុន​ចំនួន​ ​៤៣,​៤ ​ភាគរយ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ Nissan​។​

កាសែត​ Kyodo បាន​ឲ្យ​ដឹង​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​​ក្រុមហ៊ុន​ទាំង​ ២ ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល ម៉ាក្រុង។

សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ Nikkei​ របស់​ប្រទេស​ ជប៉ុន​ បាន​រាយ​ការណ៍​ពី​ការ​ស្នើ​សុំ​​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​​ដោយ​គណៈ​​ប្រតិភូ​របស់​ប្រទេស​ បារាំង​ ដោយ​លើក​ឡើង​ថា ក្រុមហ៊ុន​ Nissan ត្រូវ​បាន​ជំទាស់​ក្នុង​ការ​ផ្ដល់​​ឥទ្ធិពល​កាន់​តែ​ធំ​ដល់​ទីក្រុង​ប៉ារីស​​នៅ​លើ​ទីផ្សារ​ផលិត​រថយន្ត​របស់​ប្រទេស​ ជប៉ុន​។

លោក ម៉ាក្រុង​ កាល​ពី​ខែ​មុន​ បាន​រៀបចំ​ការ​ចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន​ហ្សូ​ អាបេ នៅ​ក្រៅ​ជំនួប​​នៃ​កិច្ច​​ប្រជុំ​កំពូល​​​ក្រុម​​ប្រទេស​មាន​​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​ ២០ នៅ​ប្រទេស​​ អាហ្សង់​ទីន ដោយ​ពួក​គេ​​បាន​​យល់ព្រម​​​ក្នុង​ការ​ធានា​ទំនាក់​ទំនង​​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​សម្ព័ន្ធមិត្ត​ ៣ ភាគី​ ដែល​រួម​ទាំង​​ក្រុម​ហ៊ុន Mitsubishi Motors ​របស់​ប្រទេស​ ជប៉ុន ​ផង​ដែរ​។​

លោក​ អាបេ​ តាម​ការ​រាយ​ការណ៍​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​របស់​ក្រុមហ៊ុន​ទាំង​​​ ៣​ «ដែល​រក្សា​ទំនាក់​ទំនង​ប្រកប​ដោយ​ស្ថិរភាព​របស់​ពួក​គេ​» នៅ​ក្នុង​ការ​ចរចា​កិច្ច​ប្រជុំ​កំពូល​នេះ។​​

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ តាម​ការ​រាយការណ៍​​ បាន​​ឲ្យ​ដឹង​ថា ជោគ​វាសនា​របស់​ក្រុមហ៊ុន​នេះ​​នឹង​ត្រូវ​សម្រេច​​ដោយ​ «​ក្រុមហ៊ុន​ឯកជន» ​​ហើយ​ «រដ្ឋាភិបាល​​មិន​គួរ​ផ្ដល់​ពី​របៀប​ដែល​សម្ព័ន្ធមិត្ត​នេះ​គួរ​ដំណើរ​ការ​​ទៅ​មុខ​យ៉ាង​ណា​នោះ​ទេ​»។ នេះ​បើ​យោង​តាម​មន្ដ្រី​ជាន់​ខ្ពស់​របស់​​រដ្ឋាភិបាល​ជប៉ុន​​ដែល​បាន​ដកស្រង់​ដោយ​​កាសែត​ Kyodo។​

កាល​ពី​សប្ដាហ៍​មុន​​​ក្រុម​ហ៊ុន​ Renault បាន​ឲ្យ​ដឹង​ថា ​ខ្លួន​​ចាប់​ផ្តើម​ស្វែង​រក​អ្នក​ជំនួស​​លោក​ Ghosn បន្ទាប់​ពី​តុលា​​ការ​ទី​ក្រុង​តូក្យូ​ ​បដិសេធ​ការ​សុំ​​នៅ​ក្រៅ​ឃុំ​របស់​លោក​ ដោយ​សារ​លោក​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ធំ​ៗ​ ​៣ ​ពី​ការ​រាយ​ការណ៍​​មិន​ត្រឹមត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​។​

រដ្ឋាភិបាល​​​​បារាំង ក៏​បាន​អំពាវ​នាវ​​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​នាយក​​ ដើម្បី​ជ្រើសរើស​អ្នក​មក​កាន់​​តំណែង​ជំនួស​​លោក Ghosn៕ AFP/LA​