ក្រុងដេត្រយៈ សហជីព United Auto Workers (UAW) បាន​ចាប់ផ្ដើម​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ក្រុមហ៊ុន General Motors (GM) កាលពី​ថ្ងៃ​ចន្ទ ដោយ​មាន​សមាជិក​ប្រហែល ៤៦ ០០០ ​នាក់​ដើរ​ចេញពី​ការងារ បន្ទាប់ពី​ការចរចា​កិច្ចសន្យា​បាន​ជាប់គាំង​។

ការធ្វើ​បាតុកម្ម​ដែល​កាសែត Wall Street Journal បាន​ហៅថា​ជា​ការឈប់​ធ្វើ​ការងារ​ដ៏ធំ​លើកដំបូង​នៅក្នុង​ក្រុមហ៊ុន GM ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ បាន​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ចសន្យា​ការងារ​រយៈពេល​ ៤ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​ជាមួយ​បុគ្គលិក​កម្មករ​បាន​ផុត​កំណត់​ដោយ​មិនមាន​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ការផ្លាស់ប្តូរ​ថ្មី​ណាមួយ​ឡើយ​។

សហជីព UAW បាន​ឲ្យ​ដឹង​នៅលើ​គណនី Twitter របស់​ខ្លួន​ថា ក្រុម​មេដឹកនាំ​សហជីព​នៅ​មូលដ្ឋាន​បាន​ជួបគ្នា​នៅ​ទីក្រុង​ដេត្រយ និង​បាន​ជ្រើសរើស​យក​ការធ្វើ​បាតុកម្ម​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​អាទិត្យ​»​។

លោក Terry Dittes អ្នកចរចា​ជាន់ខ្ពស់​របស់​សហជីព​នេះ​ជាមួយ​ក្រុមហ៊ុន​ GM បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា​៖ «​នេះ​គឺជា​ជម្រើស​ចុងក្រោយ​របស់​ពួកយើង​។ យើង​នឹង​ក្រោកឈរ​ឡើង​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ដែល​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​នេះ​»​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ក្រុមហ៊ុន GM ឲ្យ​ដឹងថា ខ្លួន​កំពុង​ខកចិត្ត​ថា មេដឹកនាំ UAW បាន​សម្រេច​ចិត្ត​អំពាវនាវ​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​ដោយ​លើកឡើង​ថា វា​បាន​បង្ហាញ​ពី​ការ «​ផ្ដល់ជូន​ដ៏រឹងមាំ​» មួយ​ក្នុង​ការចរចា​កិច្ចសន្យា​នេះ​៕ LA