
ខេត្តកំពង់ឆ្នាំងកំពុងត្រូវបានរៀបចំតុបតែង ដើម្បីប្រារព្ធបុណ្យទន្លេលើកទី៥ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩។ រូបថត សំ រិទ្ធ
ភ្នំពេញៈ មន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ ដែលរៀបចំ នៅខេត្តកំពង់ឆ្នាំងនៅឆ្នាំនេះនឹងទាក់ទាញទេសចរមិនតិចជាង ៥០ ម៉ឺននាក់ ឡើយ ខណៈបន្ទប់ស្នាក់នៅត្រូវបានកក់អស់ជាច្រើនហើយមកដល់ពេលនេះ។
ពិធីបុណ្យទន្លេក្នុងឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ កាលពីថ្ងៃម្សិលមិញបាននិយាយថា ដំណើរការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខអាជ្ញាធរបានរៀបចំស្ទើររួចរាល់ ១០០ ភាគរយហើយ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ក្នុងឱកាសពិធីបុណ្យទន្លេខាងមុខ នឹងមានចំនួនភ្ញៀវទេសចរច្រើនធ្វើដំណើរមកកម្សាន្តព្រោះនេះជាលើកទី១ ហើយដែលខេត្តរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ»។ លោកជំនោរព្យាករថា ពិធីបុណ្យទន្លេនាពេលខាងមុខអាចនឹងមាន ភ្ញៀវទេសចរចូលរួមមិនតិចជាង ៥០ ម៉ឺននាក់នោះទេ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ថា ក្នុងទីរួមខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានផ្ទះសំណាក់ និងសណ្ឋាគារ សរុបជាង ៦០០ បន្ទប់ ដែលចំនួននេះត្រូវបានរំពឹងថា នឹងមិនអាចឆ្លើយតបទៅនឹងចំនួននៃអ្នកទេសចរដែលមកចូលរួមក្នុងពិធីបុណ្យទន្លេនោះទេ។ លោកបញ្ជាក់ ថា៖ «យើងបានឲ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារធ្វើកិច្ចព្រមព្រៀងការកំណត់តម្លៃរួចហើយ»។
លោក សេង សាលី បានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរ ៥០ ៣២៦ នាក់ដែលទៅទស្សនាតំបន់នានាដូចជា រមណីយដ្ឋានភ្នំនាងកង្រី វត្តត្រឡែងកែង សហគមន៍ទេសចរណ៍អណ្តូងឫស្សី និងកន្លែងទឹកធ្លាក់ក្នុងស្រុកទឹកផុស។
ពិធីបុណ្យទន្លេនៅកម្ពុជាត្រូវបានរៀបចំដំបូងក្នុងឆ្នាំ ២០១៥ ក្នុងខេត្តក្រចេះ ដោយមានភ្ញៀវចូលរួមប្រមាណ ១០ ម៉ឺននាក់ ឆ្នាំ ២០១៦ ធ្វើនៅខេត្តកំពង់ចាម មានអ្នកចូលរួមប្រមាណ ៥០ ម៉ឺននាក់ ឆ្នាំ ២០១៧ នៅខេត្តស្ទឹងត្រែង មានប្រហែល ១៤ ម៉ឺននាក់ និងកាលពីឆ្នាំ ២០១៨ រៀបចំនៅក្រុងតាខ្មៅខេត្តកណ្តាលដោយមានភ្ញៀវចូលរួមប្រមាណជាង ១,៥ លាននាក់។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ពិធីនេះនឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តកំពង់ឆ្នាំងទៅដល់ប្រជាជនក្នុងស្រុក និងបរទេសឲ្យបានស្គាល់កាន់តែច្រើនពីសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង។
អ្នកស្រីថ្លែងថា៖ «ក្នុងនាមវិស័យទេសចរណ៍ ខ្ញុំពិតជាចង់ឲ្យមានព្រឹត្តិការណ៍បែបនេះកាន់តែច្រើនព្រោះនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយនៅក្នុងវិស័យទេសចរណ៍»។
លោក សុខ សារ៉េត ប្រធានគ្រប់គ្រងទូទៅសណ្ឋាគារ សំរោងសែន បានឲ្យដឹងថា មកដល់ពេលនេះ សណ្ឋាគាររបស់លោកត្រូវបានអតិថិជនកក់អស់ជាង ៦០ ភាគរយហើយ ខណៈតម្លៃមិនមានការប្រែប្រួលនោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា នឹងមានភ្ញៀវកក់អស់ក្នុងពេលឆាប់ៗនេះ។ កន្លែងស្នាក់នៅអាចនឹងខ្វះពេលពិធីបុណ្យទន្លេចូលមកដល់»៕LA