
ភ្ញៀវទេសចរចូលរួមពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង កាលពីសប្ដាហ៍មុន។ ហ្វេសប៊ុក
ភ្នំពេញៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ១ លាននាក់បានចូលរួមក្នុងពិធីបុណ្យទន្លេ រយៈពេល ៣ ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីចុងសប្តាហ៍មុន។ នេះបើតាមទិន្នន័យពីមន្ត្រីក្រសួងទេសចរណ៍។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីល្ងាចម្សិលមិញ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥-១៧ ខែ មីនា កើនឡើងខ្ពស់បើធៀបទៅនឹងការរៀបចំ ៣ លើកកន្លងមក។ លោកថ្លែងថា៖ «ការទទួលបានភ្ញៀវទេសចរច្រើនបែបនេះ ដោយសារកត្តាមួយចំនួនដូចជា ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច សុវត្ថិភាព ពិសេសនេះជាព្រឹត្តិការណ៍ធំលើកទី១ ដែលរៀបចំនៅក្នុងខេត្តកំពង់ឆ្នាំង»។
លោកលើកឡើងថា ពិធីបុណ្យនេះបានផ្តល់ភាពវិជ្ជមានជាច្រើនសម្រាប់ខេត្តជាម្ចាស់ផ្ទះ ដូចជា ឱកាសក្នុងការបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ ភាពល្អប្រសើរនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់អនាម័យក្នុងខេត្ត។ លោកបញ្ជាក់ថា៖ «ពិធីបុណ្យទន្លេបានជួយយ៉ាងច្រើនសម្រាប់ការផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យទេសចរណ៍ខេត្តម្ចាស់ផ្ទះ»។
តាមលោក តុប សុភ័ក នៅថ្ងៃទី១ នៃពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរប្រហែល ២០ ម៉ឺននាក់ ថ្ងៃទី២ មានជាង ៥០ ម៉ឺននាក់ និងថ្ងៃទី ៣ មានអ្នកចូលរួមជិត ៣០ ម៉ឺននាក់។
លោកបន្តទៀតថា ភាពទាក់ទាញដែលធ្វើឲ្យព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះមានអ្នកចូលរួមច្រើន គឺដោយសារមានកម្មវិធីកម្សាន្ត និងការតាំងពិព័រណ៍របស់ខេត្តក្រុងដែលចូលរួមជាច្រើន។
បើតាមលោក សុភ័ក បច្ចុប្បន្ននេះក្រសួងទេសចរណ៍កំពុងធ្វើការសិក្សាពីសក្តានុពលរបស់ខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេស វៀតណាម និងខេត្តដែលមានទន្លេមួយចំនួន ដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៦ នៅឆ្នាំ ២០២០ ខាងមុខ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា ការរៀបចំបង្កើតឲ្យមានពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ ដែលធ្វើឡើងជារៀងរាល់ឆ្នាំពីខេត្តមួយទៅខេត្តមួយនោះ គឺសុទ្ធតែជាផ្នែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលរបស់តំបន់ក្នុងការទាក់ទាញភ្ញៀវឲ្យធ្វើដំណើរទៅសម្រាកកម្សាន្ត។
លោកថ្លែងថា៖ «ការរៀបចំពិធីដែលមានលក្ខណៈវិលជុំនេះ នឹងធ្វើឲ្យប្រជាជន និងភ្ញៀវទេសចរធ្វើដំណើរទៅលេងនៅកន្លែងនោះកាន់តែច្រើនដែលវានឹងធ្វើឲ្យអ្នកផ្គត់ផ្គង់សេវាកម្មកាន់តែមានសក្តានុពលក្នុងការវិនិយោគលើវិស័យទេសចរណ៍បន្ថែម»។
លោក វណ្ឌី អះអាងថា ប្រសិនបើការផ្សព្វផ្សាយធ្វើបានទូលំទូលាយ ពិធីបុណ្យនៅពេលខាងមុខនឹងអាចទាក់ទាញបានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកទេសចរមកពីប្រទេសជិតខាង។
ពិធីបុណ្យទន្លេធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»៕ LA