The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុព្វលាភ​ក្នុង​វិស័យ ធានារ៉ាប់រង​នៅ​កម្ពុជា​កើន​ជាង​ ១២% ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ

បុព្វលាភ​ក្នុង​វិស័យ ធានារ៉ាប់រង​នៅ​កម្ពុជា​កើន​ជាង​ ១២% ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ

Content image - Phnom Penh Post
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

បុព្វលាភ​ក្នុង​វិស័យ ធានារ៉ាប់រង​នៅ​កម្ពុជា​កើន​ជាង​ ១២% ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ

ភ្នំពេញៈ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួល​បាន​បុព្វលាភ​ប្រមាណ​ ១៣៣ ​លាន​ដុល្លារ​ កើនឡើង​ជាង​ ១២ ​ភាគរយ​ ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​សមាគម​ធានារ៉ាប់រង​កម្ពុជា (Insurance Association Of Cambodia)​។

ទិន្នន័យ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០២០ វិស័យ​ធានារ៉ាប់រង​ទទួល​បាន​បុព្វលាភ (​ប្រាក់ចំណូល​សរុប​ពី​ការលក់​ធានារ៉ាប់រង​) សរុប​ ១៣៣,៥ ​លាន​ដុល្លារ កើនឡើង ១២,១ ​ភាគរយ​ពី​ចំនួន ១១៩,១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ដោយ​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ ៥៧,៩ ​លាន​ដុល្លារ​កើន ១៧,៥ ​ភាគរយ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន ​៧២,៨ ​លាន​ដុល្លារ​កើន ៩,៧ ​ភាគរយ និង​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច​មាន ២,៨ ​លាន​ដុល្លារ ថយចុះ ១៧,៧ ​ភាគរយ​។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិស័យ​ធានារ៉ាប់រង​កម្ពុជា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ បើទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​សកម្មភាព​ការលក់​សេវា​ធានារ៉ាប់រង​មួយចំនួន​ត្រូវ​ធ្លាក់ចុះ​ខ្លះ​ក៏ដោយ​។

លោក​បាន​ថ្លែងថា​៖ «​ទោះបី​ជា​ទីផ្សារ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​មាន​ទំហំ​តូច ប៉ុន្តែ​អ្វី​ដែល​យើង​អាច​សង្កេតឃើញ គឺ​វា​មាន​និន្នាការ​កើនឡើង​ជា​លំដាប់​»​។

ជាមួយ​ការចាប់​កំណើត​នៅ​កម្ពុជា​ប្រមាណ ២០ ​ឆ្នាំ​កន្លង​មក​លោក វ៉ាថារ៉ូ និយាយ​ថា មុនពេល​មាន​ការរីក​រាលដាល​កូវីដ​​ ១៩ បុព្វលាភ​ក្នុង​វិស័យ​ធានារ៉ាប់រង​មាន​កំណើន​ប្រហែល ៣០ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ​។

លោក​បន្តថា​៖ «​កន្លងមក​វិស័យ​ធានារ៉ាប់រង​កម្ពុជា​មាន​កំណើន​ក្នុង​រង្វង់ ៣០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ តែ​ពេលនេះ​កំណើន​នឹង​មិន​ខ្ពស់​ដូច​មុន​ទេ ព្រោះ​ការណាត់​ជួប​អតិថិជន​ពី​ភ្នាក់ងារ​លក់​ត្រូវ​ធ្លាក់ចុះ​នា​អំឡុង​ពេលនេះ​»​។

តាម​លោក វ៉ាថារ៉ូ ការធានារ៉ាប់រង​ទូទៅ​គឺ​បាន​មកពី​ការរួមចំណែក​របស់​បុព្វលាភ​ធានារ៉ាប់រង​ទ្រព្យសម្បត្តិ (​ទ្រព្យសកម្ម​មានដូចជា សេវា ធានារ៉ាប់រង​ចំពោះ​នាវា យន្តហោះ និង ការដឹកជញ្ជូន​កើន​ ៦៧ ​ភាគរយ ធានារ៉ាប់រង​វិស្វកម្ម កើន​ ២៧ ​ភាគរយ ធានារ៉ាប់រង​សុខភាព កើន​ ២០ ​ភាគរយ អគ្គិភ័យ កើន ១២,២ ​ភាគរយ និង​យានយន្ត កើន ១១,២ ​ភាគរយ​។

ទោះយ៉ាងណា​ក្នុង​អំឡុងពេល​នេះ​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច​បែរ​ជា​ធ្លាក់ចុះ​ទៅវិញ ដែល​ការធ្លាក់ចុះ​ត្រូវ​បាន​លោក វ៉ាថារ៉ូ អះអាង​ថា​បណ្តាលពី​ការធ្លាក់ចុះ​ប្រាក់​ចំណូល​របស់​ប្រជាជន​ធ្វើឲ្យ​ពួកគាត់​ផ្អាក ការប្រើប្រាស់​សេវាកម្ម​នេះ​។

យោងតាម​លោក វ៉ាថារ៉ូ ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ក៏​ធ្វើការ​សង​ត្រឡប់​ទៅ​អតិថិជន​រួចរាល់​ក្នុង​ទឹកប្រាក់ ១៥,៤ ​លាន​ដុល្លារ​ ក្នុង​នោះ​ធានារ៉ាប់រង​ទូទៅ​មាន ១១,៥ ​លាន​ដុល្លារ ធានារ៉ាប់រង​អាយុជីវិត ៣,៤ ​លាន​ដុល្លារ និង​ធានារ៉ាប់រង​ខ្នាតតូច ០,៥ ​លាន​ដុល្លារ​។

បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ ការ​ណាត់ជួប​អតិថិជន​ស្ទើរ​ត្រូវ​បាន​គេ​លុបចោល បើ​ទោះបី​ជា​រូបនាង​បាន​ព្យាយាម​យ៉ាងណា​ក៏ដោយ​។ កញ្ញា​បន្តថា​៖ «​ខ្ញុំ​តែង​ខល​ទៅសុំ​ជួប​អតិថិជន ប៉ុន្តែ​ពួកគាត់​ស្ទើរ​ទាំងអស់​សុទ្ធតែ​និយាយ​ថា ចាំ​ពេល​ក្រោយ​»​។

បើ​តាម​កញ្ញា​ខាងលើ​ការមិន​ចង់​ចំណាយ​ប្រាក់​លើ​សេវា​ដែល​ពួកគេ​គិតថា មិនចាំបាច់​នា​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ពួកគេ​ពន្យារ​ពេលនេះ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ចំណេះដឹង​នៅ​មាន​កម្រិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្តីពី​សារប្រយោជន៍​នៃ​ធានារ៉ាប់រង​គឺជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​វិស័យ​មួយ​នេះ​មិនទាន់​មាន​ដំណើរការ​លឿន​នៅ​កម្ពុជា​។ លោក​បន្តថា កំណើន​នៃ​បុព្វលាភ​របស់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ក៏​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​វិស័យ​ធនាគារ​ផងដែរ​។

លោក​អះអាង​ថា​៖ «​ការកើនឡើង​នៃ​ប្រាក់​បុព្វលាភ​របស់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​កន្លងមក​គឺ​ ១ ​ផ្នែក​បាន​មកពី​វិស័យ​ធនាគារ​ដែល​តែង​តម្រូវ​ឲ្យ​អតិថិជន​ទិញ​ធានារ៉ាប់រង នៅពេល​ធនាគារ​យល់​ព្រម​ផ្តល់ប្រាក់​កម្ចី​ដល់​ពួកគេ​»​។

លោក​បន្ថែម​ទៀត​ថា វិស័យ​ធានារ៉ាប់រង​នឹង​ជួយ​ផ្តល់នូវ​ទំនុកចិត្ត​ចំពោះ​ហានិភ័យ​ផ្សេងៗ​ពិសេស​អាជីវកម្ម​ដែល​ងាយ​បង្ក​គ្រោះ​។

ទោះយ៉ាងណា​លោក​ប្រាប់ថា លោក​តែងតែ​ឮ​ការ​រអ៊ូ​ជាច្រើន​ថា ការដោះស្រាយ​សំណង និង​នីតិវិធី​នៅពេល​មាន​ហេតុការណ៍​កើតឡើង គឺ​មាន​ភាពយឺតយ៉ាវ និង​ស្មុគស្មាញ​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។