ភ្នំពេញៈ បុព្វលាភ​ដុល​​​ក្នុង​វិស័យ​ធានា​រ៉ាប់រង​​នៅ​កម្ពុជា ត្រូវ​​ព្យាករ​ថា ​នឹង​កើន​ដល់​ប្រមាណ​ ២៦០ ​លាន​ដុល្លារ​នៅ​​ដំណាច់​ឆ្នាំ​ ២០១៩​ នេះ​ដោយសារ​តែ​កំណើន​នៅ​ក្នុង​វិស័យ​នេះ​។ នេះ​បើ​យោង​តាម​​​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​ចេញ​ផ្សាយ​​ក្នុង​ទិវា​ធានា​រ៉ាប់រង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​រីក​ចម្រើន​ដ៏​ឆាប់​​រហ័ស​នៃ​វិស័យ​ធានា​រ៉ាប់រង​បាន​ធ្វើ​ឲ្យ​បុព្វលាភ​ធានា​រ៉ាប់រង​​រយៈពេល​ ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​កំណើន​ជា​មធ្យម​ ៣៥ ​ភាគរយ ​ក្នុង ​១ ឆ្នាំ​។ ​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ​ ២០១៩ ​វិស័យ​នេះ​​នឹង​បន្ត​កំណើន​ខ្ពស់​​ជា​បន្ត​ទៀត​ក្នុង​អត្រា​ប្រមាណ​ ៣២,​៣៨ ​ភាគរយ ​​ដល់ ​២៦០ ​​លាន​ដុល្លារ​ ដោយ​​កើន​ពី​ ​១៩៦,៤ ​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ​២០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ទៅ​​ចូលរួម​ក្នុង​ «ទិវា​ធានា​រ៉ាប់រង» ខួប​លើក​​ទី​១៩ នៅ​សណ្ឋាគារ សុខា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ឲ្យ​ដឹង​​ថា​ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា កំពុង​រីក​ចម្រើន​ និង​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ភាព​រឹងមាំ ខណៈ​វិស័យ​នេះ​​កំពុង​ក្លាយ​​ជា​សសរស្តម្ភ​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​។

លោក​​បាន​ថ្លែង​ថា​៖ ​«​ធានា​រ៉ាប់រង គឺ​ជា​ផ្នែក​មួយ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​មាន​តួនាទី​យ៉ាង​​សំខាន់​ និង​ចាំបាច់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សំណាញ់​សុវត្ថិភាព​សង្គម និង​សេដ្ឋកិច្ច​ជាតិ​»។​

តាម​លោក​ លោក អូន ព័ន្ធមុនីរ័ត្ន ជាក់​ស្តែង​បុព្វលាភ​ធានា​រ៉ាប់រង​អាច​ត្រូវ​​បាន​ប្រើប្រាស់​ជា​មូលនិធិ​សន្សំ​​ក្នុង​​ប្រព័ន្ធ​ធនាគារ ឬ​អាច​ជា​មូលនិធិ​វិនិយោគ​លើ​ទីផ្សារ​មូលធន និង​ការ​វិនិយោគ​ផ្សេងៗ​ទៀត​​ផង​ដែរ​។

លោក​បន្ត​​ថា ដើម្បី​ឲ្យ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​អាច​ទទួល​បាន​ភាព​ជោគជ័យ កិច្ច​សហការ​រវាង​និយតករ​ធានា​រ៉ាប់​រង និង​ប្រតិបត្តិករ​ធានា​រ៉ាប់រង គឺ​​ជា​រឿង​​ចាំបាច់​។​

លោក​ថ្លែង​​ថា៖ ​«​នៅ​ពេល​ខាង​មុខ​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ការ​​ធានា​រ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​​ស្តីពី​ការ​ធានា​រ៉ាប់រង​ផង​ដែរ​»​។​

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យ​ដឹង​ថា អត្រាបុព្វ​លាភ​ធានា​រ៉ាប់រង​ធៀប​នឹង​ GDP បាន​កើន​ឡើង​ជិត ​១ ​ភាគរយ ​នៅ​ក្នុង​ឆ្នាំ ​២០១៨ ឬ​ប្រជាជន​ម្នាក់​បាន​ចំណាយ​ប្រាក់​ ១២,០៤ ​ដុល្លារ ​សម្រាប់​សន្សំ និង​ទិញ​ការ​ធានា​រ៉ាប់រង​ហានិភ័យ​​របស់​ខ្លួន​។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte Insurance បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​វត្តមាន​នៅ​​កម្ពុជា​ជាង​ ​២០ ​ឆ្នាំ​មក​នេះ ​​វិស័យ​នេះ​​នៅ​តែ​​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ និង​ពន្យល់​ឲ្យ​សាធារណជន​យល់​ដឹង​ច្រើន​បន្ថែម​ទៀត​។

លោក​ថ្លែង​​ថា៖​ «​​កំណើន​សេដ្ឋកិច្ច និង​​កំណើន​ប្រជាជន​ប្រាក់​ចំណូល​មធ្យម នឹង​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​កើន​ឡើង​»។

លោក​បន្ត​ថា ​៖«ទិវា​ធានា​រ៉ាប់រង» នេះ ​អាច​ជា​ការ​បញ្ជូន​ព័ត៌មាន​មួយ​ទៅ​កាន់​​សាធារណជន​ឲ្យ​យល់ដឹង​ មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​លើ​វិស័យ​ធានា​រ៉ាប់រង​។​

លោក Liqun Yu នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត Grand China Life Insurance PLC បាន​ឲ្យ​ដឹង​ថា ទីផ្សារ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​​​ពេល​នេះ​មិន​ទាន់​ធំ​ទូលាយ​ទេ ដោយសារ​ការ​យល់​ដឹង​​របស់​ប្រជាជន​ក្នុង​​ស្រុក​នៅ​​មាន​កម្រិត​​ ប៉ុន្តែ​លោក​ជឿ​ថា​ វិស័យ​នេះ​កំពុង​មើល​ឃើញ​ពី​កំណើន​។

លោក​ថ្លែង​ថា​៖ ​«​វិស័យ​នេះ​នឹង​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ឆាប់​ៗ​ ​ពិសេស​បើ​មាន​ការ​ផ្សព្វផ្សាយ​កាន់​​តែ​ទូលំ​ទូលាយ​ពី​អត្ថប្រយោន៍​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង»។

បន្ទាប់​ពី​បើក​ដំណើរការ​​បាន​ជាង ​១ ឆ្នាំ នៅ​កម្ពុជា បច្ចុប្បន្ន​​ Grand China Life Insurance PLC មាន​អតិថិជន​​ក្នុង​ស្រុក និង​ជន​បរទេស​ប្រមាណ​ជាង​ ១ ៥០០ ​នាក់​។

លោកស្រី ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ​១៣ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ចំនួន ​១១ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន ៧ ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ចំនួន ១ និង​ក្រុមហ៊ុន​អន្តរ​ការី​ធានារ៉ាប់​រង​ចំនួន ​៣៨​។

លោកស្រី​បន្ត​ថា​ កាល​ពី​​ឆ្នាំ ​២០១៨ ​ក្រុមហ៊ុន​ទាំង​អស់​មាន​ទ្រព្យ​សកម្ម​ចំនួន ៤២៧,៣ ​លាន​ដុល្លារ​ និង​មូលនិធិ​ភាគហ៊ុនិក​​ ២៤៣,៩ ​លាន​ដុល្លារ​។ ការទូទាត់​សំណង​ជូន​អតិថិជន មាន​​ចំនួន ២៥,៨ ​លាន​ដុល្លារ​៕