ក្រុងវ៉ាស៊ីនតោនៈ ដោយមានទំហំច្រើនជាងសេដ្ឋកិច្ចរបស់ខ្លួន បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ២២ ពាន់ពាន់លានដុល្លារដែលជាកម្រិតខ្ពស់បំផុតថ្មីមួយស្ថិតក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែគណបក្សសាធារណរដ្ឋដែលជាធម្មតារិះគន់ប្រឆាំងនឹងបំណុល និងឱនភាពនោះ បានរក្សាភាពស្ងប់ស្ងាត់។
ចំនួនប្រាក់កម្ចីដែលយកមកប្រើប្រាស់ដើម្បីរ៉ាប់រងលើឱនភាពថវិកាដ៏រ៉ាំរ៉ៃ ព្រមទាំងការទូទាត់អត្រាការប្រាក់ដែលកើនឡើងនោះ គឺជាហេតុធ្វើឲ្យមានកំណើនបំណុលនេះ។
បំណុលដ៏ច្រើននេះ មាន ១៩,៩៥ ពាន់ពាន់លានដុល្លាររួចស្រាប់ទៅហើយនៅពេលលោក ត្រាំ បានចូលកាន់តំណែងដែលកើនឡើងដល់ស្មើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់អាមេរិកជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ ។
បើធ្វើការប្រៀបធៀបគ្នា បំណុលរបស់ប្រទេស បារាំង ដែលក៏មានទំហំប្រហែលទៅនឹង ផ.ស.ស របស់ខ្លួនដែរនោះ មានចំនួនតិចជាង ២,៣ ពាន់ពាន់លានអឺរ៉ូ (ប្រហែល ២,៦ ពាន់ពាន់លានដុល្លារ) នៅចុងខែកញ្ញា បើធៀបនឹងអាមេរិក។
ការកាត់បន្ថយពន្ធសាជីវកម្មដ៏ច្រើន ដែលលោក ត្រាំ បានជំរុញឲ្យមានកាលពីចុងឆ្នាំ ២០១៧ និងការបង្កើនការចំណាយ ជាពិសេសលើការការពារជាតិ បានបង្កើនឱនភាពសារពើពន្ធសម្រាប់សេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកមួយនេះ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីសប្ដាហ៍មុនថា៖ «ប្រសិនបើយើងមិនមានយោធាដ៏រឹងមាំ អ្នកមិនត្រូវបារម្ភអំពីបំណុលឡើយ។ អ្នកមានបញ្ហាកាន់តែធំ»។
ក្រុមមន្ដ្រីរដ្ឋាភិបាលបន្តអះអាងថា ការកាត់បន្ថយពន្ធដែលត្រូវបានរំពឹងថានឹងបង្កើនឱនភាព សារពើពន្ធចំនួន ១,៥ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំនោះ នឹងចំណាយសម្រាប់ខ្លួនឯងទៅវិញទេតាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងហើយដូច្នេះបង្កើនប្រាក់ចំណូលពន្ធ។
ប៉ុន្តែទោះបីជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងមុនក្តីក៏ឱនភាពថវិកាបានកើនឡើង ១៧ ភាគរយ ដល់ ៧៧៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលឱនភាពអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១២ មក ហើយយោងតាមការិយាល័យថវិកាសភា (CBO) ដែលមិនប្រកាន់បក្សសម្ព័ន្ធ ឱនភាពថវិកាត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំនេះដល់ ៩០០ ពាន់លានដុល្លារ៕ AFP/LA