The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បំណុល​របស់​អឹមហ្វូន ច្រើន​ជាង​ទ្រព្យ​សរុប

បំណុល​របស់​អឹមហ្វូន ច្រើន​ជាង​ទ្រព្យ​សរុប

បំណុល​របស់​អឹមហ្វូន ច្រើន​ជាង​ទ្រព្យ​សរុប

130327_12
ការិយាល័យអឹមហ្វូនតាមមហាវិថីព្រះមុនីវង្សដែលបានបិទទ្វារចោល ហេង ជីវ័ន

ភ្នំពេញៈ ក្រុមហ៊ុន​អឹមហ្វូន ដែល​ក្ស័យធន​បាន​ជំពាក់​បំណុល​១៥៩ លាន​ដុល្លារ​ ខណៈ​ទ្រព្យ​របស់​ក្រុម​ហ៊ុន​នេះ​តាម​ការ​ប៉ាន់​ប្រមាណ​មាន​តម្លៃ​តែ​ ១០៥ លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​បុគ្គលិក​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​​ ម្ចាស់​បំណុល​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

លោក​ ប្រាង វុទ្ធី​ តំណាង​បុគ្គលិក​បាន​និយាយ​ថា លោក អ៊ុក រី ដែល​តុលាការ​បាន​តែង​តាំង​​អ្នក​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​អឹម ហ្វូន បាន​ផ្តល់​យោបល់​ដល់​តំណាង​កម្មករ​ទាំង​នោះ​ពី​ការ​វាយ​តម្លៃ​នៅ​ក្នុង​ កិច្ច​ប្រជុំ​ និង​បាន​ស្នើ​ពួក​គេ​ជួយ​បញ្ចុះ​បញ្ចូល​ម្ចាស់​បំណុល​ក្នុង​បណ្តឹង​ដែល​អាច អនុញ្ញាត​ឲ្យ​អឹម​ហ្វូន​លក់​ទ្រព្យ​របស់​ខ្លួន​បាន។​

លោក​វុទ្ធី​បន្ត​ថា៖ «ក្នុង​អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​យើង​បាន​ជួប​ជាមួយ​តំណាង ​ម្ចាស់​បំណុល​​ទាំង​នោះ​មក​ពី​​ក្រុម​ហ៊ុន​ Huawei  ក្រុម​ហ៊ុន​ NEC  ក្រុម​ហ៊ុន​បណ្ដាញ​ខ្សែ​កាប​អុប​ទិក​កម្ពុជា​ ក្រុម​ហ៊ុន​ Vatana និង​ក្រុម​ហ៊ុន​ Eltek។ ម្ចាស់​បំណុល​ភាគ​ច្រើន​បាន​យល់​ព្រម​ជា​មួយ​យើង​ក្នុង​ការ​ដក​ពាក្យ​បណ្ដឹង​ ដើម្បី​ឲ្យ​លោក អ៊ុក រី លក់​ទ្រព្យ​នោះ​យក​ប្រាក់​សង​ដល់​ក្រុម​ហ៊ុន​ទាំង​នោះ​។ ប៉ុន្តែ​មិន​មែន​ម្ចាស់​បំណុល​ទាំង​អស់​សុទ្ធ​តែ​យល់​ព្រម​ទេ​ ដូច្នេះ​យើង​នឹង​ព្យាយាម​ជួប​ និង​ចរចា​ជា​មួយ​ពួក​គេ»។

លោក​ គួយ​ ធន់​ណា មេធាវី​ក្រុមហ៊ុន​ Eltek ជា​ក្រុមហ៊ុន​ទីមួយ​ដែល​ដាក់​ពាក្យ​បណ្ដឹង​ បាន​និយាយ​ថា​ លោក​ចង់​ស្វែងរក​ដំណោះស្រាយ​មួយ​យ៉ាង​ឆាប់​រហ័ស​ដែល​ធ្វើ​ការ​ងារ​ឲ្យ​ បុគ្គលិក​ទាំង​នោះ​ផង​ដែរ​ ប៉ុន្តែ​លោក​អះអាង​ថា ក្រុមហ៊ុន​ Eltek នឹង​មិន​ដក​ពាក្យ​បណ្ដឹង​នោះ​ទេលុះ​ត្រា​តែ​អឹមហ្វូន​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​របស់​ពួក​គេ។

លោក​បន្ត​ថា​៖ «ពួក​គេ​ត្រូវ​តែ​យល់​ព្រម​ថា យើង​មាន​អាទិភាព​មុន​គេ​ដើម្បី​ទទួល​ប្រាក់​។ ពួក​គេ​ត្រូវ​តែ​ប្រាប់​យើង​ពី​តម្លៃ​សរុប​នៃ​ទ្រព្យ​នោះ​ តម្លៃ​លក់ និង​ការ​បែង​ចែក​។ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​ យើង​នឹង​ដក​ពាក្យ​បណ្ដឹង​នោះ​»។​ លោក​បន្ថែម​ថា​ អឹម​ហ្វូន​ ជំពាក់​ក្រុម​ហ៊ុន​ Eltek ច្រើ​ន​ជាង​ ២​លាន​ដុល្លារ​ ប៉ុន្តែ​បូក​ជា​មួយ​នឹង​ការ​ប្រាក់ វា​មាន​តម្លៃ​ជិត​៥លាន​ដុល្លារ​​។

លោក អ៊ុក រី បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​ លោក​កំពុង​ធ្វើ​ការ​យ៉ាង​កៀក​ជា​មួយ​ភាគី​ពាក់​ព័​ន្ធ​​ទាំង​អស់​ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ​។ លោក​បន្ត​ថា​៖​ «ពេល​នេះ​​ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទាំង​អស់​ ព្រោះ​ខ្ញុំ​កំពុង​ឈឺ​ក្បាល​នឹង​រឿង​នេះ​យើង​មិន​គ្រាន់​តែ​ដោះ​ស្រាយ​ ជា​មួយ​កម្មករ​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​ដោះស្រាយ​ជា​មួយ​បណ្ដា​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ។ យើង​ពិត​ជា​ចង់​ធ្វើ​ឲ្យ​បាន​រួស​រាន់​នូវ​បញ្ហា​នេះ​ ប៉ុន្តែ​វា​កំពុង​តែ​ដំណើរ​ការ​ហើយ​ពេល​នេះ​។ យើង​នឹង​សង​ប្រាក់​ទាំង​អស់​ដល់​កម្មករ​ទាំង​នោះ​បើ​យើង​មាន​ប្រាក់»។

លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​នៅ​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព​ពលកម្ម​អន្តរ​ជាតិ​អាមេរិ ​កាំង​ បាន​ថ្លែង​ថា​ វា​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មករ​ទាំង​នោះ​ ដើម្បី​ចរចា​ជា​មួ​យ​ម្ចាស់​បំណុល​នោះទេ។ លោក​សង្ឃឹម​ថា​ សិទ្ធិ​របស់​កម្មករ​ទាំង​នោះ​នឹង​ត្រូវ​បាន​ការ​ពារ​ប្រសិន​បើ​ពួក​គេ​ធ្វើ តាម​ចំណាត់​ការ​ស្រប​ច្បាប់។

លោក​បន្ត​ថា​៖ «ច្បាប់​នេះ​គឺ​មិន​មែន​ឲ្យ​កម្មករ​ធ្វើ​ការ​គាប​សង្កត់​លើ​ម្ចាស់​បំណុល​ នោះ​ទេ​ វា​គឺ​សម្រាប់​រដ្ឋា​ភិបាល​ដើម្បី​អនុវត្ត​លើ​ច្បាប់​ការ​ងារ​ក្នុង​ស្រុក​ »។

លោក ​វុទ្ធី​ បាន​និយាយ​ថា​ ប្រសិនបើ​ការ​ទាម​ទារ​​របស់​​កម្មករ​ទាំង​នោះ​មិន​ត្រូវ​បាន​ឆ្លើយតប​នៅ​ ក្នុង​កិច្ច​ប្រជុំ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​ ៨ ខែ​មេសា ទេ​​ ការ​តវ៉ា​នឹងកាន់​តែ​ធំឡើង​ៗ​។​

លោក​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ យើង​ទទួល​បាន​លទ្ធ​ផល​វិជ្ជមានពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​ ដូច្នេះ​កិច្ច​ប្រជុំ​ដ៏​ធំ​របស់​យើង​នឹង​ទទួល​បាន​ផ្លែ​ផ្កា។ បើ​ពួក​គេ​មិន​យល់​ព្រម​ជា​មួយ​យើង​ យើង​នឹង​ធ្វើ​​កូដ​កម្ម​ដ៏​ធំ​នៅ​ខាង​មុខ​ទូត​ថៃ​ ទូត​ សិង្ហបុរី និង​មុខ​ផ្ទះ​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។ ប៉ុន្តែ ពេល​នេះ​យើង​រង់ចាំ​មើល​លទ្ធផល​សិន​»​។​

ក្រុមហ៊ុន​ទូរគមនាគមន៍​Thaicom គ្រប់គ្រង​ហ៊ុន​ភាគ​ច្រើន​នៅ​ក្នុង​ការ​កាន់​កាប់​ក្រុមហ៊ុន​ Shenington ដែល​គ្រប់​គ្រង​ក្រុម​ហ៊ុន​​ អឹម​ ហ្វូន​ បាន​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​កាល​ពី​ខែ​មករា​ឆ្នាំ​នេះ​៕ PB

អត្ថបទគួរចាប់អារម្មណ៍