
ភ្នំពេញៈ ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ី National 6A Investment ដើម្បីក្លាយជាភ្នាក់ងារស្របច្បាប់ក្នុងការលក់ខុនដូកម្ពស់១០ ជាន់ ដែលត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ត្រឹមដំណាច់ឆ្នាំ២០១៤។ អ្នកនៅក្នុងឧស្សាហកម្មនេះបាននិយាយថាទីផ្សារខុនដូក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនិងកំពុងស្ទុះងើប។
ក្រុមហ៊ុន National 6A Investment Co Ltd បានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើការសាងសង់ខុនដូកម្ពស់១០ជាន់នៅសង្កាត់ជ្រោយចង្វារ។ ការចាប់ផ្ដើមសាងសង់ប្រហែលពីរឆ្នាំមកហើយ ឥឡូវនេះបានបញ្ចប់៦០ភាគរយហើយ។
លោក នួន រិទ្ធី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនេះដែរនោះបាននិយាយថាក្រុមហ៊ុននឹងចាប់ផ្ដើមលក់ខុនដូនេះនាពេលឆាប់ៗខាងមុខ។
លោកបន្តថា៖ «យើងនឹងចាប់ផ្ដើមលក់ផលិតផលនេះក្នុងរង្វង់ខែនេះឬខែក្រោយ។ជាមួយនឹងតម្លៃប្រកបដោយការប្រកួតប្រជែងយើងរំពឹងថានឹងលក់អគារទាំងមូលក្នុងតម្លៃ១០លានដុល្លារ»។ លោកបន្ថែមថាអគារនេះមានខុនដូចំនួន៤៤បន្ទប់ពាណិជ្ជកម្មចំនួន៩និងផ្ទះល្វែងជាន់លើបង្អស់ចំនួន៤។
លោក កុយ វ៉ាត ប្រធានក្រុមហ៊ុន VTRUST property Group បានថ្លែងថាទីផ្សារខុនដូរបស់កម្ពុជាមិនទាន់មានភាពសកម្មនៅឡើយទេ។ លោកបានថ្លែងថា៖ «វាគឺជាផលិតផលថ្មីមួយចំពោះប្រជាជនរបស់យើង។ មានតែជនបរទេសតែប៉ុណ្ណោះដែលទិញខុនដូនេះ។ ផលិតផលនេះមិនសូវពេញនិយមក្នុងទីផ្សារនៅឡើយទេ»។
លោក នួន រិទ្ធី បានថ្លែងបន្តថាទីផ្សារខុនដូនឹងកាន់តែមានសកម្មភាពក្នុងរយៈពេល ២ ទៅ៣ឆ្នាំទៀត។ លោកថ្លែងថា៖ «នៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានមានរូបរាងឡើងនោះវានឹងជំរុញតម្រូវការខុនដូកាន់តែខ្ពស់ឡើងដោយសារតែការវិនិយោគកាន់តែច្រើនឡើងៗនឹងចូលមកដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងមានការខ្វះខាតក្នុងការផ្គត់ផ្គត់ជាមិនខាន»៕ PB