ភ្នំពេញៈ ​​ប្រជាជន​កម្ពុជា​​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​បន្ត​​​ផ្ញើ​ប្រាក់​​ត្រឡប់​មក​ផ្ទះ​វិញ​កាន់​តែ​ច្រើន​ជាង​មុន​ដោយ​​​ទឹក​ប្រាក់​​សរុប​មាន​​រហូត​ដល់​ ១,៤០០ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ភាគ​ច្រើន​​​ជា​ទឹក​ប្រាក់​ផ្ញើ​ត្រឡប់​​ពី​ប្រទេស ​ថៃ និង ​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)។​​

ចំនួន​ទឹក​ប្រាក់​កាល​ពី​ឆ្នាំ ២០១៨​​ មាន​ការ​​កើន​ឡើង​ ១១ ភាគរយ​ធៀប​នឹង​​ទឹក​ប្រាក់​​កាល​ពី​​ឆ្នាំ ​២០១៧។

យោង​តាម​របាយការណ៍​ស្ថិតិ​​ជញ្ជីង​​​ទូទាត់​របស់​ NBC ដែល​បាន​កត់ត្រា​ការ​ផ្ទេរ​ប្រាក់​របស់​ប្រជាជន​ធ្វើ​ការ​នៅ​ក្រៅ​​ប្រទេស​មក​តាម​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ទឹក​ប្រាក់​ផ្ញើ​មក​សរុប ទឹក​ប្រាក់​ដែល​ពលរដ្ឋ​កម្ពុជា​ផ្ញើ​មក​​ពី​ថៃ​​​មាន​ចំណែក​រហូត​ដល់ ​៦៨ ​ភាគរយ​ ស្រប​ពេល​​ពី កូរ៉េ​មាន​ចំនួន​ ២១​,​​៥ ​ភាគរយ។ ទឹក​ប្រាក់​ដែល​ពលករ​កម្ពុជា​​ផ្ញើ​មក​​ផ្ទះ​វិញ​​ពី​ប្រទេស ​ជប៉ុន ​មាន​ចំណែក ​៣,៣ ​​​ភាគរយ​នៃ​បរិមាណ​សរុប​ ខណៈ​ ​ពី​ម៉ាឡេស៊ី​មាន​ចំណែក​ ២,​៥ ​​ភាគរយ​។​​

លោក ​ង៉ែត ​ជូ ​អ្នក​ស្រាវជ្រាវ​ និង​អ្នក​​ប្រឹក្សា​យោបល់​ផ្នែក​អាជីវកម្ម​ឯករាជ្យ​បាន​​ឲ្យ​ដឹង​កាល​ពី​​ម្សិល​មិញ​ថា កំណើន​ទឹក​ប្រាក់​ផ្ញើ​មក​ផ្ទះ ឆ្លុះ​បញ្ចាំង​ពី​កំណើន​លំហូរ​ចេញ​នៃ​​ប្រជាជន​កម្ពុជា​ ដើម្បី​​​​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​ ជា​ពិសេស​​ប្រទេស ​ថៃ និង​កូរ៉េ។ លោក ជូ ថ្លែង​ថា៖ «​នៅ​ក្នុង​​រយៈពេល​ខ្លី កំណើន​ទឹក​ប្រាក់​ផ្ញើ​មក​ផ្ទះ​ពី​ការ​ធ្វើ​ការ​ក្រៅ​ប្រទេស​នេះ​ជួយ​ប្រជាជន​កម្ពុជា​​ក្នុង​ការ​​សម្រួល​ជីវភាព​​គ្រួសារ​របស់​ពួក​គេ ដោយសារ​ថា​ ការ​ពឹង​​ផ្អែក​លើ​កសិកម្ម​តែ​មួយ​មុខ​ ដូច​​មាន​ភាព​លំបាក​ជាង​មុន​​​ណាស់​​សម្រាប់​ពួក​គេ​​​»។​

ប៉ុន្តែ​​លោក​បន្ថែម​ថា ​​លំហូរ​ចេញ​​ក្នុង​ចំនួន​ច្រើន​នៃ​​កម្មករ​ចំណាក​ស្រុក​​ ​មិនមែន​ជា​ការ​​ល្អ​សម្រាប់​សេដ្ឋកិច្ច​នៅ​ក្នុង​​រយៈពេល​វែង​នោះ​ទេ​ដោយសារ​កម្ពុជា​​មិន​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​អតិបរមា​ពី​សក្តានុពល​​​​របស់​​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​​មួយ​មាន​​កម្លាំង​ពលកម្ម​ច្រើន​។​ ​​

លោក​ថ្លែង​ថា​៖ «​ពលរដ្ឋ​កម្ពុជា​​​យើង​កំពុង​ជួយ​​ដោយ​​ផ្ទាល់​ដល់​ប្រទេស​ផ្សេង​ទៀត ដើម្បី​ជំរុញ​កំណើន​​​សេដ្ឋកិច្ច​របស់​ពួក​គេ​ ដោយសារ​តែ​យើង​កំពុង​ធ្វើ​ការងារ​​ដែល​ប្រជាជន​គេ​​មិន​ចង់​ធ្វើ ឬ​ក៏​អាច​ឲ្យ​គេ​​យក​ពេល​ទៅ​​ធ្វើ​​ការងារ​ផ្សេង​ដែល​​ទទួល​បាន​​ប្រាក់​ខែ​ខ្ពស់​ជាង​»។

លោក​បន្ថែម​ថា៖ «​យើង​មាន​ធនធាន ប៉ុន្តែ​មិន​ទាន់​​ប្រើប្រាស់​​ធនធាន​របស់​យើង​​ឲ្យ​បាន​ល្អ​​​។ យក​ល្អ​យើង​គួរ​​ស្វែងរក​យុទ្ធសាស្ដ្រ​ផ្សេង​​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​​ពលកម្ម​យើង​ឲ្យ​បាន​​កាន់​តែ​ច្រើន​ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​ជំនាញ​របស់​ពួក​គេ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ធំ​»។​

ទំហំ​ពិត​នៃ​លំហូរ​ប្រាក់​ផ្ញើ​មក​កម្ពុជា​ពី​ការ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ ដោយសារ​​ពលរដ្ឋ​​ចំណាក​ស្រុក​មួយ​​ចំនួន ជា​ពិសេស​អ្នក​ដែល​ធ្វើ​ការ​នៅ​​​ប្រទេស ​ថៃ ​និង​មាន​ស្រុក​កំណើត​តាម​ខេត្ត​នៅ​ជិត​ប្រទេស​នេះ តែង​​​ផ្ញើ​ប្រាក់​មក​ផ្ទះ​តាមរយៈ​បណ្ដាញ​ក្រៅ​ផ្លូវ​ការ​​។​

មិន​មាន​ការ​ស្រាវជ្រាវ​លម្អិត​ណា​មួយ​នៅ​ឡើយ​​ថា តើ​ប្រាក់​ផ្ញើ​មក​ផ្ទះ​ពី​ពលរដ្ឋ​ចំណាក​ស្រុក​ត្រូវ​បាន​ប្រើប្រាស់​ដូច​ម្ដេច​នៅ​ក្នុង​ប្រទេស ​កម្ពុជា។ ​ប៉ុន្តែ​មាន​ប្រព័ន្ធ​ព័ត៌មាន​រាយការណ៍​ថា ​ប្រាក់​ដែល​ផ្ញើ​មក​ពី​​ពលករ​​ចំណាក​ស្រុក​នៅ​បរទេស​ គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​មូលធន​សម្រាប់​គ្រួសារ​កម្ពុជា​ដែល​ទទួល​ប្រាក់​ផ្ញើ​ទាំង​នោះ និង​អាច​ត្រូវ​បាន​ប្រើប្រាស់​លើ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ការ​វិនិយោគ​លក្ខណៈ​គ្រួសារ ឬ​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ប្រាក់​ចំណូល​សម្រាប់​ការ​សង​កម្ចី​។

យោង​តាម​ទិន្នន័យ​ស្ថាប័ន​រដ្ឋាភិបាល ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ថៃ​មាន​ជាង ១ លាន​នាក់ គិត​​មក​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ ខណៈ​នៅ​ប្រទេស ​កូរ៉េ ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​​អាច​មាន​ប្រមាណ ៥៤ ០០០ នាក់។ ពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដូច​ជា​ ម៉ាឡេស៊ី ​ជប៉ុន ​ជាដើម​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ​​​។

ក្នុង​ចំណោម​គោលដៅ​ការងារ​ក្រៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​ត្រូវ​បាន​គិត​ថា​ ជា​គោលដៅ​មាន​ភាព​ទាក់ទាញ​ជាង​គេ​ដោយសារ​មាន​ប្រាក់​បៀវត្សរ៍​ខ្ពស់។

លោក ​អ៊ឹម តារា​ ជា​កសិករ​មួយ​រូប​នៅ​ខេត្ត​កណ្ដាល​ ដែល​ប្អូន​ប្រុស​របស់​លោក​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ថា ប្រាក់​ដែល​បាន​ផ្ញើ​មក​ផ្ទះ​របស់​ប្អូន​ប្រុស​របស់​លោក ពី​ប្រទេស ​កូរ៉េ ​បាន​ជួយ​កែ​លម្អ​ជីវភាព​រស់នៅ​ឪពុក​ម្ដាយ​របស់​លោក​។​

លោក តារា​ ​ឲ្យ​ដឹង​ថា ​ប្អូន​ប្រុស​របស់​​លោក​ទទួល​ប្រាក់​ឈ្នួល​​ប្រហែល ១​ ៥​០០ ដុល្លារ​ក្នុង​​ ១ ខែ​ ពី​ការងារ​របស់​​គេ​ក្នុង​វិស័យ​កសិកម្ម​ និង​តែងតែ​ផ្ញើ​ប្រាក់​​មក​ផ្ទះ​ជា​ញឹកញាប់​ ដើម្បី​ជួយ​សម្រាប់​ការ​ចំណាយ​មួយ​ចំនួន​របស់​ឪពុក​ម្ដាយ​របស់​លោក​។​

លោក​ថ្លែង​ថា៖ «​តាមរយៈ​ទឹក​​​ប្រាក់​ដែល​ប្អូន​ខ្ញុំ​​​បាន​ផ្ញើ​មក​ផ្ទះ ​ឪពុក​ម្ដាយ​​ខ្ញុំ​​អាច​​សាងសង់​ផ្ទះ​ថ្មី​មួយ​ និង​អាច​ចាយ​វាយ​​ប្រចាំ​ថ្ងៃ​បាន​ស្រួល​ជាង​មុន​​​»។ ​

លោក​បន្ថែម​ថា ​ការ​មាន​ប្អូន​ប្រុស​ធ្វើ​ការងារ​នៅ​បរទេស​ បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​គ្រួសារ​ និង​មាន​ភាព​​​ប្រសើរ​ជាង​ឆ្ងាយ​ ជា​​ជាង​មាន​សមាជិក​​​គ្រួសារ​ទាំង​អស់​ បន្ត​​​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​ប្រទេស​។ ​

លោក​បញ្ជាក់​ថា​​៖ «​ប្អូន​​​​ខ្ញុំ​ អាច​សន្សំ​ប្រាក់​មួយ​ចំនួន​​មក​ពី​ការងារ ហើយ​គិត​​ថា​​​អាច​មាន​​​គ្រួសារ​ល្អ​នឹង​គេ​នៅ​ពេល​គាត់​​ត្រឡប់​មក​វិញ​​​»៕​LA​