
រដ្ឋបាលខេត្តបាត់ដំបងដឹកនាំកងកម្លាំងមន្ត្រីរាជការចុះជួយច្រូតស្រូវលិចទឹកជំនន់របស់ពលរដ្ឋកាលពីថ្ងៃ ១៩ សីហា។ រូប គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង
ភ្នំពេញៈ អ្នកតំណាងមកពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិករក្នុងឧស្សាហកម្មនេះកំពុងឃ្លាំមើលយ៉ាងដិតដល់លើទំហំនៃផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនៅរដូវនេះដោយថ្លែងថា ពួកគេមានបំណងផ្ដល់ដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយបន្ទុករបស់ជនរងគ្រោះ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រសប្តាហ៍មុនបានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុស្វែងរកមធ្យោបាយកាត់បន្ថយបន្ទុកបំណុលលើអ្នកដែលផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅកម្ពុជា។
លោក យន់ សុវណ្ណា នាយកប្រតិបត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ឲ្យដឹងថា សមាជិករបស់ CMA បានពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នលើបញ្ហាដែលកើតចេញពីទឹកជំនន់ និងបានផ្ញើរបាយការណ៍មកកាន់សមាគមយ៉ាងទៀងទាត់ ដើម្បីមើលពីទំហំផលប៉ះពាល់។
លោកបន្ថែមថារហូតមកដល់ពេលនេះមិនមានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងសមត្ថភាពសងរបស់អតិថិជននៅក្នុងតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់នោះទេ។
លោកបានឲ្យដឹងទៀតថា ភាគច្រើននៃតំបន់ដែលមានកម្រិតទឹកខ្ពស់មានបទពិសោធជាមួយបញ្ហានេះជាប្រចាំឆ្នាំ ហើយមានការបង្ការជាមុនពីអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
លោកមានប្រសាសន៍ថា៖ «បើមានបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់ការរស់នៅ និងប្រាក់ចំណូល [របស់អ្នកទទួលកម្ចី] យើងនឹងពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ ដោយពឹងផ្អែកលើករណីជាក់ស្តែង»។ លោកបន្ថែមថា ទំហំនៃការសម្រាលបន្ទុកត្រូវតែខុសគ្នាពីករណីមួយទៅករណីមួយផ្សេងទៀត។
លោកបានបន្តថា៖ «យើងត្រូវមានភាពប្រុងប្រយ័ត្នលើដំណោះស្រាយនីមួយៗ ដោយសារតែវាអាចប៉ះពាល់អវិជ្ជមានដល់ការទទួលខុសត្រូវរបស់អតិថិជនក្នុងរយៈពេលវែង»។
សេចក្ដីថ្លែងការណ៍រួមពីក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់កម្ចីបន្ថែមទៀតដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំរបស់វិស័យនេះការសិក្សាលើលទ្ធភាពសងជាក់ស្តែងរបស់ប្រជាជនដែលរងផលប៉ះពាល់ និងកាត់បន្ថយការយកអត្រាការប្រាក់ ឬមិនគិតអត្រាការប្រាក់។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុន Emerging Market Consultant បានថ្លែងកាលពីម្សិលមិញថា ទឹកជំនន់នាពេលថ្មីៗនេះអាចជះឥទ្ធិពលដល់លទ្ធភាពសងរបស់អ្នកទទួលកម្ចីដែលរស់នៅតាមតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ទោះជាយ៉ាងណាលោកបានថ្លែងថា វាមិនគួរមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារជាធម្មតាពួកគេមិនពឹងផ្អែកតែលើប្រភពប្រាក់ចំណូលមួយសម្រាប់សងកម្ចីឡើយ។
លោកជឿជាក់ថា ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុដែលមានបេសកកម្មដើម្បីជួយអ្នកក្រីក្រឲ្យងើបចាកចេញពីភាពក្រីក្រនោះនឹងផ្តល់ដំណោះស្រាយសមស្រប ឬបន្ធូរបន្ថយបន្ទុករបស់អតិថិជនខ្លួនដោយផ្អែកលើករណីជាក់ស្តែង។
លោកមានប្រសាសន៍ថា៖ «បើទំហំផលប៉ះពាល់រីករាលដាល និងធ្ងន់ធ្ងរខ្លាំង វានឹងជះឥទ្ធិពលដល់លទ្ធភាពចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។ លោកបន្ថែមថា៖ «ជាធម្មតាក្នុងការប្រមូលកម្ចីដែលខូច គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗក៏គេមិនចេះតែចាត់វិធានការតឹងរ៉ឹង [បង្ខំឲ្យអតិថិជនសង] ភ្លាមៗនោះដែរ ដោយសារគេមាននីតិវិធីរបស់គេជាជំហានៗ»។
ទឹកជំនន់នៅក្នុងខេត្តជាប់ទន្លេចំនួន ៥ គឺត្បូងឃ្មុំ កំពង់ចាម ស្ទឹងត្រែង, ក្រចេះ និងព្រៃវែងបានកើនឡើងដល់កម្រិតប្រកាសអាសន្ន។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ២១ ខែសីហាមានមនុស្សចំនួន ១៨ នាក់បានស្លាប់ និងចំនួនជាង ៤ ម៉ឺនគ្រួសារបានរងប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ៕ LA