ភ្នំពេញៈ ប្រតិបត្តិករ​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការបន្ត​ទុនបម្រុង​កាតព្វកិច្ច​ (RR) រហូតដល់​ចុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ ដែល​អនុញ្ញាត​ដល់​វិស័យនេះ​មាន​មូលនិធិ​កាន់តែ​ច្រើន​ក្នុង​ការផ្ដល់​កម្ចី​ដល់​អតិថិជន​ក្នុង​ការចូលរួម​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​ងើប​ឡើងវិញ​ឆាប់រហ័ស​។

សេចក្ដី​សម្រេច​របស់​ NBC បានធ្វើ​ឡើង បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​ដែល​បាន​ដឹកនាំ​ដោយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដើម្បី​ត្រួតពិនិត្យ​លើ​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​ពិភពលោក វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រមទាំង​ការអនុវត្ត​រូបិយវត្ថុ​នៅពេល​អនាគត​។

លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​គណៈកម្មាធិការ​នេះ​បន្ត​រក្សា​ទុនបម្រុង​កាតព្វកិច្ច​ក្នុង​អត្រា​ ៧ ​ភាគរយ​សម្រាប់​ប្រាក់​ដុល្លារ និង​រូបិយប័ណ្ណ​ប្រាក់រៀល រហូតដល់​ចុង​ឆមាស​ទី​១ ​ឆ្នាំនេះ ប្រសិនបើ​មាន​ការចាំបាច់​ណាមួយ​»​។

លោក Shin Chang-moo ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ PPCBank ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ប្រទេស​កូរ៉េខាងត្បូង បានឱ្យ​ដឹងថា ការបន្ត​រក្សា​ទុនបម្រុង​កាតព្វកិច្ច (RR) គឺ​ទាន់ពេលវេលា​បំផុត​សម្រាប់ NBC ក្នុង​ការបន្ធូរបន្ថយ​ទុនបម្រុង​កាតព្វកិច្ច​មក​នៅត្រឹម​ ៧ ​ភាគរយ​ពី​កម្រិត​ខ្ពស់​ ១២,៥ ​ភាគរយ​កាលពី​ដើមឆ្នាំ​មុន​។

លោក​បានឱ្យ​ដឹងថា វិធានការ​នេះ​គាំទ្រ​ខ្លាំង​បំផុត​ដល់​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ (MDI) ដែលជា​អ្នកចូលរួម​យ៉ាងសកម្ម​នៃ​កម្មវិធី​រៀបចំ​ឥណទាន​ឡើងវិញ​តាមរយៈ​ការផ្គត់ផ្គង់​សន្ទនីយ​ភាពចាំបាច់​កាន់តែច្រើន​នៅពេលនោះ​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារតែ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ មិនមាន​ភាពជោគជ័យ​ខ្លាំង​នៅ​ដើមឆ្នាំ​ ២០២១ សេចក្ដីសម្រេច​របស់ NBC ក្នុង​ការបន្ត​ការបន្ធូរបន្ថយ​ទុនបម្រុង​កាតព្វកិច្ច​ (RR) រហូតដល់​ចុង​ឆមាស​ទី​១ ​គឺជា​ការឆ្លើយតប​ចំពោះ​តម្រូវការ​ទីផ្សារ​។ សូម្បីតែ​ក្នុង​ករណី​ការស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស និង​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ វិស័យ​ធនាគារ​នឹង​ត្រូវការ​សន្ទនីយភាព​បន្ថែម ដើម្បី​គាំទ្រ​ដល់​ការស្ទុះងើបឡើង​វិញ​នេះ​»​។

លោក សាយ សូនី ប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក៏​បាន​សាទរ​ចំពោះ​ការសម្រេច​នេះដែរ ដោយសារ​តែ​វា​អាច​ផ្ដល់ឱកាស​ហិរញ្ញប្បទាន​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​កម្ចី​បាន​ច្រើន​ដល់​អតិថិជន​។

លោក​អះអាង​៖ «​យើង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់ NBC ក្នុង​ការបន្ត​ការអនុវត្ត​ទុនបម្រុង កាតព្វកិច្ច​ចំនួន​ ៧ ភាគរយ​លើ​ទាំង​ប្រាក់​ដុល្លារ និង​ប្រាក់រៀល​រហូត​ដល់​ចុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១​។ ការបន្ត​នេះ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ក្នុង​ការផ្ដល់​សន្ទនីយភាព​កាន់តែ​ច្រើន​ក្នុង​ការជំរុញឱ្យ​ធនាគារ​គាំទ្រ​ដល់​សកម្មភាព​ផ្ដល់​កម្ចី​របស់ខ្លួន និង​ការបន្ត​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ពី​ផលប៉ះពាល់​ដោយសារតែ​ជំងឺ​កូវីដ​ ១៩»​។

លោក​បញ្ជាក់ថា​៖ «​ចំណុច​ទី​២ ដរាបណា​សេដ្ឋកិច្ច​មិនទាន់​ស្ទុះ​ងើបឡើង​វិញ​ពី​ផលប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩ និង​ជំងឺ​នេះ​នៅតែមាន​នៅទីនេះ ធនាគារ​ត្រូវតែ​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការស្ដារ​សេដ្ឋកិច្ច ហើយ​ការបន្ត​ទុនបម្រុង​កាតព្វកិច្ច​នេះ​នឹង​ជួយ​ដល់​ធនាគារ​ក្នុង​ការធ្វើ​ការងារ​នេះ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹង​នៅពេល​ថ្មីៗ​នេះ​ថា តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ជា​និយតករ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​កាត់បន្ថយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលដែល​ធានា​ទុន​គ្រប់គ្រាន់ សម្រាប់​ប្រតិបត្តិករ​នៅក្នុង​វិស័យនេះ​។

លោក​បន្តថា​៖ «​ជា​ផ្នែក​មួយ​នៃ​ការបន្ទូរបន្ថយ​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​សម្រាប់ វិស័យ​ធនាគារ ទុនបម្រុង​កាតព្វកិច្ច​ត្រូវបាន​កាត់បន្ថយ​ពី​ ១២ ​ភាគរយ​មក​នៅត្រឹម​ ៧ ​ភាគរយ​។ វា​មាន​សារៈសំខាន់​ដែល​យើង​មាន​សាច់ប្រាក់​ដែល​មាន​ស្រាប់​របស់​យើង​សម្រាប់​ការប្រើប្រាស់​បន្ថែម ដែលមាន​ចំនួន​រាប់ពាន់​លាន​ដុល្លារ ដែល​បានដាក់​បញ្ចូល​ទៅក្នុង​កំណើន​កាលពី​ឆ្នាំ​ ២០២០»​។

កម្ចី​នៅក្នុង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ ១៤,៨ ​ភាគរយ​ដល់​ ៣៧,៣ ​ពាន់​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំមុន ខណៈ​ដែល​ប្រាក់​បញ្ញើ​បាន​កើនឡើង​ ១៥,៤ ​ភាគរយ​ដល់​ ៣៣,៨ ​ពាន់​លាន​ដុល្លារ​។ ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​កើន​ដល់​ ៥៩,៤ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​​ ២០២០៕LA