ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​បង្ហាញ​អំពី​ការទទួល​បាន​នូវ​ប្រតិបត្តិការ​ដ៏ល្អប្រសើរ​គិត​ត្រឹម​ដំណាច់​ចុង​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​ក្នុង​នោះ​សន្ទស្សន៍​របស់ខ្លួន​បាន​កើនឡើង​ ១៨ ​ភាគរយ ​ធៀប​នឹង​ត្រីមាស​ទី​ ១ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​ប៉ះពាល់​ដល់​ទីផ្សារ​មូលធន​ជាច្រើន​ក្នុង​តំបន់ និង​ពិភពលោក​។

យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន​ក្រុម​វិនិយោគិន និង​ការវិនិយោគ​បាន​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ដែល​ចេញផ្សាយ​កាលពី​ដើម​សប្ដាហ៍​មុន មូលធន​នូបនីយកម្ម​ទីផ្សារ​មាន​ចំនួន​ ២ ៥០៧ លាន​ដុល្លារ ​កាលពី​ចុង​ត្រីមាស​ទី​ ២ ខណៈ​ទំហំ​ជួញដូរ​មាន ៣ ៧០៦ ៩៤៥ ភាគហ៊ុន ​ដែល​កើនឡើង​ ៥៦១ ​ភាគរយ និង​តម្លៃ​ជួញដូរ​មាន​ចំនួន​ប្រហែល ១៦,២០ ​លាន​ដុល្លារ ​ដែល​បាន​កើនឡើង​ខ្ពស់​បំផុត​រហូតដល់ ១ ៦០០ ​ភាគរយ​។

ក្នុង​ចំណោម​ទំហំ​ជួញដូរ​នេះ​ភាគហ៊ុន ABC របស់​ធនាគារ​អេស៊ីលីដា​ឈរ​លំដាប់​លេខ​ ១ មាន​ចំនួន​ ៨០,៨៨ ​ភាគរយ បន្ទាប់មក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA) ​មាន​ ៦,៦ ​ភាគរយ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) មាន​ ៥,៤៧ ​ភាគរយ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) មាន ២,៨៦ ​ភាគរយ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) មាន​ ២,២៥ ​ភាគរយ និង​ក្រុមហ៊ុន GTI មាន​ ១,៩៤ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា សន្ទស្សន៍ CSX បាន​ធ្លាក់​ចុះមក​នៅត្រឹម​កម្រិត​ទាប​បំផុត​នៅ​ចុង​ត្រីមាស​ដំបូង ប៉ុន្តែ​ងើបឡើង​វិញ​នៅ​ត្រីមាស​ទី​២​។

លោក​បាន​ថ្លែងថា​៖ «​ទោះបី​ជា​វីរុស​នេះ​បន្ត​វត្តមាន​ក៏ដោយ ក៏​ទីផ្សារ​របស់​យើង​បាន​ដំណើរការ​ល្អប្រសើរ​កាលពី​ត្រីមាស​ទី​ ២​។ តម្លៃ​សន្ទស្សន៍​បាន​ចាប់ផ្ដើម​កើនឡើង​កាលពីដើម​ត្រីមាស​ទី​ ២ ដោយសារ​តែ​ទីផ្សារ​នេះ​បាន​ស្ទុះ​ងើបឡើង​វិញ​»​។

លោក​សម្គាល់ថា ការស្ទុះ​ងើប​ខ្លាំង​នេះ​ដោយសារ​វត្តមាន​របស់​ភាគហ៊ុន​ ABC នៅ​ចុង​ខែ​ឧសភា​។

ទោះ​យ៉ាងណា​លោក​បាន​ឲ្យ​ដឹងថា តម្លៃ​សន្ទស្សន៍​នេះ​នឹង​បន្ត​ធ្លាក់ចុះ​តិចតួច​នៅ​ត្រីមាស​ខាងមុខ ដោយសារ​តែ​ការធ្លាក់ចុះ​របស់​ ABC ដែល​កំពុង​បង្ហាញ​និន្នាការ​ធ្លាក់ចុះ​បន្តិច​នៅ​ត្រីមាស​ទី​ ៣ ដោយសារ​តែ​តម្លៃ​ភាគហ៊ុន ABC ​ដែល​ប្រភព​មូលធន​នូបនីយកម្ម​សំខាន់​បាន​ធ្លាក់ចុះ និង​មាន​ស្ថិរភាព​ក្នុង​រយៈពេល​ ៤ ​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ការស្ទុះ​ងើប​ឡើង​វិញ​រយៈពេល​ខ្លី​៕ LA