ភ្នំពេញៈ ស្របពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ បច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​ច្រើនជាង ៥៩ ​ភាគរយ​បានធ្វើ​ប្រតិបត្តិការ​ទូទាត់​របស់ខ្លួន​តាមរយៈ​ប្រព័ន្ធ​អនឡាញ ដែល​ឆ្លុះបញ្ចាំង​អំពី​ការលើកកម្ពស់​សេវា​ទូទាត់​ឌីជីថល​ស្រប​ទៅ​នឹង​កិច្ចការងារ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹងថា ការប្រើប្រាស់​សេវា​ធនាគារ​ឌីជីថល​អាចជួយ​កាត់បន្ថយ​ការចម្លង​កូវីដ​ ១៩ តាមរយៈ​ការកាត់បន្ថយ​នូវ​តម្រូវការ​នៃ​ការប្រើប្រាស់​ក្រដាសប្រាក់​ដោយផ្ទាល់​រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​។

ទន្ទឹមនឹងនេះ​ NBC ក៏បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ផ្តល់​ការលើកទឹកចិត្ត​ដល់​អតិថិជន និង​ក្រុមហ៊ុន​សហគ្រាស​ដែល​ជ្រើស​រើសយក​ប្រតិបត្តិការ​ទូទាត់​ជា​អេឡិចត្រូនិក​ជំនួស​ឱ្យ​ប្រតិបត្តិ​ការទូទាត់​ដែល​ប្រើប្រាស់​ក្រដាសប្រាក់​។

អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជាសិរី បាន​លើកឡើងថា ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​ផ្នែក​មួយ​ដ៏មាន​សារៈសំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគ​​រាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​ទាំងនេះ​ជា​មូលហេតុ​ដែល​យើង​កំពុង​លើកទឹកចិត្ត​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យប្រើ​កាបូប​អេឡិចត្រូនិក​ (E-Wallet) និង​កម្មវិធី​ទូទាត់​ដូចជា កម្មវិធី​បាគង​ជំនួស​ឱ្យ​ការទូទាត់​ជា​ក្រដាសប្រាក់​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការប៉ះពាល់ និង​ហានិភ័យ​រាតត្បាត​»​។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា គ្រឹះស្ថាន​របស់លោក​បាន​នាំមុខ​ការផ្លាស់ប្តូរ​ទៅជា​ឌីជីថល​ជាមួយ​នឹង​ការចាប់​ផ្ដើមដំបូង Acleda Unity ក្នុង​ខែកក្កដា ឆ្នាំ​ ២០១០ ហើយ​នៅតែ​នាំមុខ​ក្នុង​ការបន្ត​អភិវឌ្ឍ​កម្មវិធី​អេស៊ីលីដា​ទាន់ចិត្ត ដែល​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៧​។

លោក ចាន់នី បាន​អះអាងថា​៖ «​ខ្ញុំ​គិតថា ពាក្យ​ឌីជីថល មានន័យថា នឹង​គាំទ្រ​បរិយាប័ន្នហិរញ្ញវត្ថុ​កាន់តែខ្លាំង​ឡើង ហើយ​គ្រប់គ្នា​សុទ្ធតែ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ន​អេស៊ីលីដាម៉ូបាល​ដែលជា​កម្មវិធី​ឌីជីថល​មាន​អតិថិជន​ជាង ១ ​លាន​នាក់​កំពុង​ប្រើប្រាស់​យ៉ាងសកម្ម​»​។

អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​នៅពេល​កាន់​ក្រដាសប្រាក់ និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​លាងដៃ​ឱ្យបាន​ស្អាត​ បន្ទាប់ពី​កាន់​ក្រដាសប្រាក់​ជាពិសេស​នៅពេល​ប៉ះពាល់ ឬ​ញ៉ាំ​អាហារ​។

លោកស្រី ជា សិរី បន្ថែម​ថា ទោះបី NBC ពិនិត្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​និយម​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដាសប្រាក់ ក៏ NBC នៅតែ​ជំរុញ​ឱ្យ​ពាណិជ្ជករ និង​អតិថិជន​ងាក​ទៅប្រើ​ប្រាស់​ការទូទាត់​ជា​អេឡិចត្រូនិក ដោយសារ​តែ​ការអនុវត្ត​នេះ​នឹង​អាច​ពង្រឹង​ចំណេះដឹង​ការប្រើប្រាស់​ការទូទាត់​ឌីជីថល និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យប្រើប្រាស់​ការទូទាត់​បាន​កាន់តែ​ទូលាយ​តាមរយៈ​កម្មវិធី​ទូទាត់​ទាំងនោះ​។

កាលពី​ឆ្នាំ ២០២០ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រួមមួយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​បាន​ច្រើន​មុខងារ​ដូចជា កាបូប​អេឡិចត្រូនិក​ (E-Wallet) ការទូទាត់​ចល័ត និង​កម្មវិធី​ធនាគារ​អនឡាញ​ដែល​មុខងារ​ទាំងអស់​នេះ​ស្ថិតក្នុង​កម្មវិធី​តែមួយ​។

បាគង​ (Bakong) ដែលជា​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​ភ្ជាប់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​ជាច្រើន​។ ​បាគង​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មានលទ្ធភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ទូទាត់​ជា​ឌីជីថល​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។

លោកស្រី ជា សិរី បាន​លើកឡើង​ថា​៖ «​កម្មវិធី​ទូទាត់​ឌីជីថល​ជា​ឧបករណ៍​ដែលមាន​ប្រសិទ្ធភាព​ក្នុង​ការធានា និង​ផ្តល់​លទ្ធភាព​ឱ្យ​គ្រប់ផ្នែក​ទាំងអស់​នៅក្នុង​សង្គម​ទទួលបាន​ការចូល​ប្រើប្រាស់​សេវា​ធនាគារ​។ បច្ចុប្បន្ន​នេះ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ខ្មែរ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ បាន​ជំរុញ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ យកចិត្ត​ទុកដាក់​លើ​ការឈាន​ទៅ​រក​សង្គម​ដែល​មិន​ប្រើប្រាស់​ក្រដាស​ប្រាក់​»៕ LA