ភ្នំពេញ: ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) បានរាយការណ៍ពីកំណើនការនាំចេញក្នុងឆ្នាំ ២០១៩ ប្រមាណ ១៤ ភាគរយមានតម្លៃ ១ ១៣៩ លានដុល្លារដែលបានក្លាយជាការនាំចេញឈានមុខគេលំដាប់ទី ២ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា។
PPSEZ ដែលគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត (PPSEZ) ផងដែរនោះបានឲ្យដឹងថាកាលពីថ្ងៃពុធថា ទំហំពាណិជ្ជកម្មមានចំនួន ១,១៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ កើន ១៣,៨៨ ភាគរយធៀបនឹងឆ្នាំ ២០១៨ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះរក្សាបាននូវកំណើនជាប្រចាំនៃសកម្មភាពពាណិជ្ជកម្មក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
ក្រុមហ៊ុននេះបន្តថា៖ «កំណើននេះបានធ្វើឲ្យពួកយើងឈរនៅចំណាត់ថ្នាក់ទី ២ ដោយមានចំណែក ២០,១៧ ភាគរយនៃតម្លៃពាណិជ្ជកម្មសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រតិបត្តិការទាំង ១៨ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។ នេះជាអ្វីដែលយើងមានមោទនភាព»។
លោក Hiroshi Uematsu នាយកគ្រប់គ្រង PPSEZ បានឲ្យដឹងថា ការរីកចម្រើនដ៏ល្អនៃប្រតិបត្តិការអាជីវកម្មកាលពីឆ្នាំមុន ដោយសារមកពីកិច្ចសហប្រតិបត្តិការល្អរបស់អាជ្ញាធរមូលដ្ឋានដែលបានជួយសម្រួលនីតិវិធីនាំចេញ។
លោកថ្លែងថា៖ «យើងកំពុងទទួលបានកិច្ចសហប្រតិបត្តិការល្អពីការិយាល័យច្រកចេញចូលតែមួយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាល្អ និងការជួយសម្រួលពីការិយាល័យគយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ»។
លោកបន្ថែមថា៖ «យើងមិនដែលគិតថា វាគ្រប់គ្រាន់ទេ។ យើងនឹងបន្តការព្យាយាមបន្ថែមទៀតក្នុងការកែលម្អ និងអភិវឌ្ឍសេវា និងការជួយសម្រួលរបស់យើង ដើម្បីឲ្យក្រុមវិនិយោគិនដែលមានស្រាប់របស់យើងមានអារម្មណ៍ធូរស្រាលហើយក្រុមវិនិយោគិនថ្មីៗកាន់តែច្រើននឹងចូលរួម»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជាកំពុងដើរតួនាទីដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនថែមទៀត។
លោកបានផ្តល់ជាអនុសាសន៍ថា ដើម្បីទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើន និងកាត់បន្ថយតម្លៃផលិតបន្ថែមទៀត រដ្ឋាភិបាលគួរតែបង្កើតរដ្ឋបាលពិសេស ឬតំបន់ស្វយ័តពិសេសនៅក្នុងខេត្តសំខាន់ៗ ដូចជាក្រុងព្រះសីហនុ ខេត្តនៅតាមព្រំដែនវៀតណាម រួមមានខេត្តស្វាយរៀង កំពត និងកោះកុង និងខេត្តនៅតាមបណ្ដោយព្រំដែនថៃដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។
សម្រាប់បណ្ដាខេត្តផ្សេងទៀត គួរតែអនុញ្ញាតឲ្យមានអនុគណៈកម្មាធិការខេត្តដែលមានស្រាប់នៃក្រុមប្រឹក្សាទទួលអភិវឌ្ឍន៍កម្ពុជា (CDC) អាចអនុម័តគម្រោងវិនិយោគណាមួយដែលមានទុនវិនិយោគជាង ២ លានដុល្លារអាមេរិក។
លោកនិយាយថា៖ «តាមរយៈការធ្វើដូច្នេះ វិនិយោគិនដែលមានស្រាប់ និងវិនិយោគិនក្នុងស្រុកថ្មី និងវិនិយោគិនបរទេសអាចទទួលបានសេវារដ្ឋបាលដោយងាយស្រួលនៅក្បែររោងចក្ររបស់ពួកគេ ឬឧស្សាហកម្មដែលចង់ដាក់ពាក្យសុំបង្កើតរោងចក្រថ្មី ឬការនាំចេញ និងការនាំចូល»។
បើតាមលោក Hiroshi Uematsu រហូតមកដល់ពេលនេះ រោងចក្រជាច្រើននៅ PPSEZ នៅតែកំពុងប្រតិបត្តិការ ទោះបីជាការរីករាលដាលកូវីដ ១៩ ក៏ដោយ។ ទោះជាយ៉ាងណា ប្រសិនបើការរីករាលដាលនេះបន្តរយៈពេលយូរនឹងមានរោងចក្រជាច្រើនបិទទ្វារជាមិនខាន។
លោកបញ្ជាក់ថា៖ «យើងសន្មតថាភាគច្រើននៃរោងចក្រនៅ PPSEZ នៅតែកំពុងប្រតិបត្តិការជាធម្មតា ហើយនោះជាអ្វីដែលយើងឮពីអ្នកជួលរបស់យើង។ ទោះយ៉ាងណាដោយសារតែស្ថានភាពទីផ្សារបច្ចុប្បន្ននៅលើពិភពលោក អាចមានរោងចក្រមួយចំនួនដែលចាំបាច់ត្រូវបិទប្រតិបត្តិការរបស់ពួកគេ បន្ទាប់ពីរយៈពេល ២-៣ ខែទៅមុខ»។
លោកថ្លែងថា៖ «យើងមិនរំពឹងថានឹងមានក្រុមវិនិយោគិនថ្មីៗនោះទេ រហូតដល់កូវីដ១៩ នឹងត្រូវបានទប់ស្កាត់បានលើពិភពលោក។ នៅក្នុងពេលវេលាដ៏ពិបាកបែបនោះ វាមានសារៈសំខាន់ក្នុងការធ្វើផែនការសកម្មភាពឲ្យមានភាពងាយស្រួលតាមដែលយើងអាចធ្វើបាន និងអនុវត្តផែនការទាំងនោះយ៉ាងរហ័ស។ យើងបានរៀបចំផែនការធ្វើឲ្យរស់រានឡើងវិញរបស់យើងរួចហើយក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ។ យើងក៏នឹងបង្កើតផែនការសកម្មភាពរបស់យើងឆ្ពោះទៅដំណាក់កាលបន្ទាប់នៃសកម្មភាពអាជីវកម្មរបស់យើងនៅក្រោយកូវីដ១៩»។
យោងតាមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុការនាំចេញរបស់ប្រទេសកម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZ) កាលពីឆ្នាំមុនបានកើនឡើងប្រហែល ២៧ ភាគរយជាមួយនឹងតម្លៃសរុបការនាំចេញបានកើនឡើង ២ ៦៨៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនចំនួន ៤៦៥ ដែលប្រតិបត្តិការនៅក្នុង SEZ ទាំង ៥៤ កន្លែងរបស់ប្រទេសកម្ពុជាដែលផ្ដល់ការងារជាង ១០០០០០ នាក់៕LA