ភ្នំពេញៈ ក្រុមហ៊ុន Siam Cement Group (SCG) របស់​ប្រទេស​ ថៃ​ កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​ពី​កំណើន​តិចតួច​ពី​ការលក់​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ខណៈ​ការរីករាលដាល​កូវីដ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​សំណង់​។

របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី​ ១ របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន SCG ប្រចាំ​នៅ​កម្ពុជា​មាន​ទ្រព្យ​សរុប ១ ៥១៨ ​ពាន់​លាន​រៀល (៣៧៣ ​លាន​ដុល្លារ​) កើនឡើង​ ៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ថា ប្រាក់ចំណូល​បាន​ពី​ការលក់​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ មាន​ចំនួន ២៧២ ​ពាន់​លាន​រៀល​ (៦៧ ​លាន​ដុល្លារ​) ដែល​រួមបញ្ចូល​ពី​ការលក់​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់​គ្រឿងសំណង់​ដែល​នេះ​តំណាង​ឲ្យ​ការកើនឡើង​ ៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ «​ជាមួយ​នឹង​គោលដៅ​ធានា​ប្រតិបត្តិការ និង​ការផលិត​របស់​ក្រុមហ៊ុន​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ ​១៩ ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​អនុវត្ត​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​គ្រប់​ជ្រុងជ្រោយ​។ ជាង​នេះ​ទៀត​ដោយ​ចាត់ទុក​ការការពារ​សុខភាព និង​សុខុមាលភាព​របស់​អ្នកពាក់ព័ន្ធ​ជា​អាទិភាព​ក្នុង​អំឡុងពេល​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​បាន​អនុវត្ត​ការរក្សា​គម្លាត​សុវត្ថិភាព និង​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជួយ​ដល់​បុគ្គលិក​ដែល​ពួកគេ​ធ្វើការ​ពី​ផ្ទះ​»​។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេសស៊ីជី​បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​បរិយាកាស​ដ៏រំជើបរំជួល​នេះ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​រង​នូវ​ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​កូវីដ​ ១៩​។

ក្រុមហ៊ុន​អេសស៊ីជី ក៏​ស្ថិតនៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងឡាយ​ដែល​បាន​ផ្ដោត​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​លើ​ការរក្សា​លំនឹង​លទ្ធផល​ប្រតិបត្តិការ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ឲ្យ​សម្រេចបាន​ប្រហាក់ប្រហែល​នឹង​ត្រីមាស​មុន​ដែរ​»​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​មាន​ការប្ដេជ្ញាចិត្ត​រឹងមាំ​ក្នុង​ការចាត់​វិធានការ​សកម្ម និង​បន្ទាន់ ដើម្បី​រក្សា​និរន្តរភាព​អាជីវកម្ម​ដោយ​ដាក់ចេញ​នូវ​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​ដ៏រឹងមាំ​រួមជាមួយ​នឹង​ផែនការ​ឆ្លើយតប​នឹង​ការរំខាន ដោយមាន​ការត្រៀម​ជាមុន គ្រប់​ជ្រុងជ្រោយ និង​ការគោរព​ខ្ជាប់ខ្ជួន​ទៅតាម​វិធានការ​សុខភាព និង​សុវត្ថិភាព​របស់​រដ្ឋាភិបាល​»​។

ប្រទេស ​កម្ពុជា​ បាន​នាំចូល​សម្ភារ​សំណង់​មាន​តម្លៃ​ជាង ៣១៧ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​របស់​វិស័យនេះ​មុនពេល​ផលប៉ះពាល់​ដោយសារ​តែ​កូវីដ ​១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែ​មីនា​ឆ្នាំ​ ២០២០ កម្ពុជា​នាំចូល​សម្ភារ​សំណង់​មានតម្លៃ ៣១៧ ​លាន​ដុល្លារ ស្មើ ៨៧៩ ៣៩៤ ​តោន​ក្នុង​នោះ​ដែកថែប​មាន​ប្រហែល​ ១០០ ៤៤០ ​តោន​មាន​តម្លៃ ៦៦, ៨២ ​លាន​ដុល្លារ និង​ស៊ីម៉ងត៍​មាន​តម្លៃ​ ២៤ ៥៧៣ ​លាន​ដុល្លារ និង​មាន ៣៨៣ ៦០៣ តោន​៕ LA