ភ្នំពេញ: អេសស៊ីជី (SCG) ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់​របស់​ប្រទេស​ថៃ បាន​រាយការណ៍​ការធ្លាក់​ចុះ​ប្រាក់ចំណូល​ពី​ការលក់​នៅ​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០២០ ដោយសារ​តែ​សេដ្ឋកិច្ចកម្ពុជា​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការផ្ទុះ​នូវ​ករណី​ឆ្លង​សហគមន៍​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ និង​គ្រោះទឹកជំនន់​។

យោងតាម​លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃ​ពុធ ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​អេសស៊ីជី នៅ​កម្ពុជា​មាន​ទ្រព្យសកម្ម​សរុប​ក្នុងតម្លៃ​ ៤០៩ ​លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ១៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ក្រុមហ៊ុន​បាន​រាយការណ៍​ប្រាក់ចំណូល​បាន​ពី​ការលក់​សម្រាប់​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២០ ចំនួន ៥៩,៧ ​លាន​ដុល្លារ​អាមេរិក ដែល​រួមបញ្ចូល​ការលក់​ពី​ប្រតិបត្តិការ​ទាំងអស់​នៃ​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​គ្រឿងសំណង់ ហើយ​តួលេខ​នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ​ ៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ សម្រាប់​ឆ្នាំ​ ២០២០ ទីផ្សារ​កម្ពុជា​របស់​ក្រុមហ៊ុន អេសស៊ីជី សម្រេច​បាន​ចំណូល​ពី​ការលក់​ចំនួន ២៥២,៣ ​លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន​ថ្លែងថា​៖ «​នៅ​ត្រីមាស​ទី​ ៤ ​ឆ្នាំ ២០២០ សេដ្ឋកិច្ច​កម្ពុជា​បាន​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ និង​ការផ្ទុះ​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​។ គ្រោះទឹកជំនន់​បាន​បណ្ដាល​ឱ្យ​ផ្លូវថ្នល់​ជាច្រើន​រង​ការខូចខាត និង​កាត់ផ្ដាច់​ដែល​នាំឲ្យ​ការដឹកជញ្ជូន​ស៊ីម៉ងត៍ និង​គ្រឿងសំណង់​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​»​។

ក្រុមហ៊ុន​នេះ​បន្តថា​៖ «​ជា​លទ្ធផល ការសាងសង់​នៅក្នុង​តំបន់​ដែល​ជួប​គ្រោះទឹកជំនន់​ត្រូវបាន​អាក់ខាន​ដំណើរការ​។ លើសពី​នេះ​ទៅ​ទៀត ដោយមាន​ការផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​សហគមន៍​នៃ​ជំងឺ​កូវីដ​១៩​គម្រោង​សាងសង់​ភាគច្រើន​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ផ្អាក​។

ក្រុមហ៊ុន​បញ្ជាក់ថា​៖ «​ប្រការនេះ​បាន​បង្ក​ផលប៉ះពាល់​ដោយផ្ទាល់​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ខណៈ​ដែល​មានការ​ធ្លាក់​ចុះ​នូវ​តម្រូវការ​នៅក្នុង​ផ្នែក​លំនៅឋាន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការវិនិយោគ​ច្រើន​ថែមទៀត​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក Roongrote Rangsiyopash ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេសស៊ីជី បាន​ឲ្យ​ដឹងថា លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ឆ្នាំ​ ២០២០ នៅតែ​មាន​ភាពធន់​ល្អប្រសើរ​នៅក្នុង​អំឡុង​ពេលដែល​ក្រុមហ៊ុន​ជួប​ការលំបាក ដែល​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ដោយសារ​តែ​ការខិតខំ​ប្រឹងប្រែង​រួម​របស់​បុគ្គលិក អេសស៊ីជី ដែល​បាន​ផ្ដោត​អាទិភាព​សំខាន់​បំផុត​ទៅលើ​សុវត្ថិភាព និង​និរន្តរភាព​នៃ​អាជីវកម្ម​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​បានដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ​ថ្មីៗ និង​វិធានការ​អាជីវកម្ម​បត់បែន​រហ័ស ដូចជា​ការកែសម្រួល​ផែនការអាជីវកម្ម​ការកែប្រែ​បរិមាណ​លក់ និង​ការបង្កើត​ច្រក​ប្រាស្រ័យ​ទាក់ទង​សកម្ម និង​ច្រើន​មុខព្រួញ ដើម្បី​ឆ្លើយតប​ទៅនឹង​ឥរិយាបថ​របស់​អតិថិជន​ដែល​ប្រែប្រួល​»​។

លោក​លើកឡើង​ថា​៖ «​ដោយ​អនុវត្ត​វិធានការ​សកម្ម​មុន និង​ដោយមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ពី​សំណាក់​បុគ្គលិក អេសស៊ីជី​ទាំងអស់ ខ្ញុំ​ជឿជាក់​ថា អេសស៊ីជី នឹង​ជម្នះ​បាន​នូវ​ភាពមិនប្រាកដ​ប្រជា ដែល​បង្កឡើង​ដោយ​រលកថ្មី​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩»​។

សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​អេសស៊ីជី​នៅក្នុង​អាស៊ាន​ប្រាក់ចំណូល​បាន​ពី​ការលក់​នៅក្នុង​ឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ ១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដោយ​សម្រេចបាន​ចំនួន​ ៨៣៨ លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ ២៦ ​ភាគរយ​នៃ​ចំណូល​សរុប​ពី​ការលក់​របស់ អេសស៊ីជី​។ នេះ​រាប់បញ្ចូល​ទាំង​ការលក់​ពី​ប្រតិបត្តិការ​ក្នុង​ស្រុក​នៃ​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ពី​ការនាំ​ចូលមក​ពី​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​៕LA