The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រតិបត្តិការ​របស់ CIMB នៅ​កម្ពុជា​មាន​សន្ទុះ​ខ្លាំង

ប្រតិបត្តិការ​របស់ CIMB នៅ​កម្ពុជា​មាន​សន្ទុះ​ខ្លាំង

ប្រតិបត្តិការ​របស់ CIMB នៅ​កម្ពុជា​មាន​សន្ទុះ​ខ្លាំង

20140310_13
សាខាធនាគារ CIMB នៅរាជធានីភ្នំពេញ ផា លីណា

ភ្នំពេញៈ លទ្ធផល​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចេញ​ផ្សាយ​កាលពី សប្ដាហ៍​មុន​បាន​បង្ហាញ​ថា ប្រាក់​ចំណេញ ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅ​ធនាគារ CIMB ជា​ធនាគារ​បុត្រសម្ព័ន្ធ​របស់​ធនាគារ CIMB Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​គ្រប់គ្រង​ដោយ​វិនិយោគិន ម៉ាឡេស៊ី បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​២០១៣ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​បាន​បង្ហាញ ថា ប្រាក់​ចំណូល​របស់​ធនាគារ​នេះ​បាន​កើនឡើង​៧៣​ភាគរយ​ធៀប​នឹង​រយៈពេល ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់​៧,៨​លាន​ដុល្លារ​អាមេរិក។ ប្រាក់​បញ្ញើ​មាន​ចំនួន​១៩១​លាន​ដុល្លារ កើនឡើង​ជាង​៩៥​ភាគរយ​ខណៈ​ដែល​ប្រាក់កម្ចី​មាន​ចំនួន​១៣៥​លាន ដុល្លារ បាន​កើនឡើង​ជាង​៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១២​។

លោកស្រី ហេង ធីតា នាយក​ផ្នែក​សេវា​ហិរញ្ញវត្ថុ​បុគ្គល​បាន​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ដំណើរការ​របស់​យើង​នៅ​កម្ពុជា អតិថិជន​របស់​ធនាគារ CIMB បាន​កើនឡើង​ដល់​ជាង​១៥ ០០០​នាក់»។

លោកស្រី​បន្ត​ថា​៖ «​ជាមួយ​បុគ្គលិក​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ខ្ពស់​ជាង​២០០​នាក់ ធនាគារ CIMB ចាត់ទុក អតិថិជន​ជា​បេះដូង​នៃ​ពាណិជ្ជកម្ម​របស់​យើង​។

លោកស្រី ធីតា បន្ថែម​ថា​៖ «​ឆ្នាំ​២០១៤ នឹង​ជា​ឆ្នាំ​ដ៏ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ យើង​រំពឹង​ថា យើង​នឹង​បន្ត​រីកលូតលាស់​កាន់តែ​ខ្លាំង បន្ថែម​លើ​លទ្ធផល​ឆ្នាំ​២០១៣​»។ លោកស្រី​លើក​ឡើង​ថា​៖ «​ជាមួយ​នឹង​កំណើន​នៃ​ការ​ទទួល​យក​សេវាកម្ម​និង​ផលិតផល​របស់ CIMB យើង​ប្តេជ្ញា​ចិត្ត​បន្ត​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ក្នុង ឆ្នាំ​២០១៤»​។

សព្វថ្ងៃ​ធនាគារ CIMB មាន​សាខា​ចំនួន​១១ កំពុង​បម្រើ​សេវាកម្ម និង​ផលិតផល​ជូន​អតិថិជន​នៅក្នុង​ទីក្រុង​សំខាន់ៗ​ជាច្រើន​មាន​ដូចជា ទីក្រុង​ភ្នំពេញ សៀមរាប ក្រុង​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម​។

លោក​ឧបនាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​បាន​ថ្លែង​នៅក្នុង​ជំនួប​ប្រជុំ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ចុង​ខែ​កុម្ភៈ​ថា ទាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន សភាព​កាន់តែ​រលូន ហើយ​លោក​ក៏​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ខិតខំ​បន្ត​ទៀត​។

លោក​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​កម្ពុជា​បាន​កើនឡើង ១៣,៨​ភាគរយ​ដល់​៤២៩,៥៤​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​មុន ធៀប​ជាមួយ​នឹង​ឆ្នាំ​២០១២ ហើយ​ការ​នាំ​ចេញ​របស់​ប្រទេស​ម៉ាឡេស៊ី មក​កាន់​ប្រទេស​កម្ពុជា មាន​ដូចជា វាយនភ័ណ្ឌ ផលិតផល​លោហធាតុ អាហារ​កែច្នៃ និង​សារធាតុ​គីមី ខណៈ​ការ​នាំ​ចូល​ពី​កម្ពុជា​មាន​ដូចជា កៅស៊ូ និង​អង្ករ​។ ភាគច្រើន ក្រុមហ៊ុន​ម៉ាឡេស៊ី​វិនិយោគ​ខាង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​សេវាកម្ម ដែល​ជា​វិនិយោគិន​បរទេស​ឈាន​មុខ​គេ​នៅ​កម្ពុជា​។

មាន​អាជីវកម្ម​របស់​ម៉ាឡេស៊ី​ចំនួន​១ ៦៩៣ បាន​ចុះ​បញ្ជី​នៅ​កម្ពុជា ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ​រហូត​ដល់​២,៦២​ពាន់​លាន​ដុល្លារអាមេរិក​ក្នុង​រយៈពេល​១៩​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ឆ្នាំ​២០១៣​៕​PB

អត្ថបទគួរចាប់អារម្មណ៍