ភ្នំពេញៈ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន ​ធ្វើ​បេសកកម្ម​ពាណិជ្ជកម្ម​ចំនួន ​២ ​ថ្ងៃ ​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ឱកាស​វិនិយោគ ​និង​ពាណិជ្ជកម្ម​​។ ​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

គណៈប្រតិភូ​ចំនួន ​២៩ ​នាក់ ​មក​ពី​ក្រុមហ៊ុន​ចំនួន ​១៥​ នេះ​គឺ​ជា​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ អាមេរិក-អាស៊ាន​ធំ​បំផុត​ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។

កាល​ពី​ថ្ងៃ​ចន្ទ​ គណៈប្រតិភូ​នេះ​ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​និង​ក្រសួង​ប្រៃសណី៍យ ​និង​ទូរគមនាគមន៍ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធុរកិច្ច ​និង​វិនិយោគ​រវាង​​ប្រទេស ​កម្ពុជា​ និង​អាមេរិក​។ ​នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី ៨ ​កក្កដា ​លោក​ ប៉ាន ​សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា ​គណៈប្រតិភូ​ក្រុម​ប្រឹក្សា​​ធុរកិច្ច​អាមេរិក-​អាស៊ាន​ បាន​ពិភាក្សា​ពី​ការ​អនុវត្ត​ស្តង់ដា​រថយន្ត​អាស៊ាន ​នីតិវិធី​នាំចូល​សម្ភារ​​បរិក្ខារ​ពេទ្យ ​និង​គ្រឿង​ម៉ាស៊ីន​​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​ ការ​ទប់ស្កាត់​សកម្មភាព​រត់​ពន្ធ​ផលិតផល​កូកាកូឡា​ឆ្លង​ដែន ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ ​

លោក​ថ្លែង​ថា៖ «ក្រសួង​ពាណិជ្ជកម្ម​ប្តេជ្ញា​ចិត្ត ​ក្នុង​ការ​បន្ត​លើក​ស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​ព្រម​ទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស»​​។

តាម​​លោក​ ប៉ាន​ សូរស័ក្តិ ​​តំណាង​​សាជីវកម្ម​ធំៗ​របស់​អាមេរិក​ទាំង​នោះ​​រួមមាន​ក្រុមហ៊ុន ​Conoco Phillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card។

លោក​បន្ត​ថា៖ ​«គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​នេះ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា ​និង​មាន​បំណង​បណ្តាក់​ទុន​បន្ថែម ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២»​។

គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​​អាមេរិក-​អាស៊ាន ​ក៏​បាន​ជួប​ជាមួយ​លោក​ ត្រាំ ​អ៊ីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផង​ដែរ ​ដើម្បី​​ពិភាក្សា​វិស័យ​ធុរកិច្ច​ឌីជីថល​។

លោក ​ត្រាំ ​អ៊ីវតឹក ​ថ្លែង​ថា៖ «គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​​អាមេរិក-​អាស៊ាន ​បាន​បង្ហាញ​​ពី​លទ្ធភាព​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យា​អាមេរិក​ចូល​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា​កម្ពុជា»។

គិត​ត្រឹម​ខែ ​មេសា ​ឆ្នាំ ២០១៩ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​អាមេរិក ​មាន​ទំហំ​ជាង ​១,៦ ​ពាន់​​លាន​ដុល្លារ កើន​ឡើង​ ២៣,៧១ ​ភាគរយ​ បើ​ធៀប​​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​​ពាណិជ្ជកម្ម​។

ផលិតផល​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ដូចជា កាបូប​ដៃ​ កាបូប​យួរ ឬ​វ៉ាលិស​ជា​ដើម ត្រូវ​បាន​រាប់​បញ្ចូល​​​ជា​ផលិតផល​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​អាមេរិក ​(GSP​) តាំង​ពី​ខែ ​កក្កដា​ ឆ្នាំ ២០១៦ ដែល​​ចាប់​​ពី​ពេល​​នោះ​មក​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ឆ្នាំ។ ផលិតផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ផលិត​ពី​កម្ពុជា​ មិន​ទាន់​រាប់​បញ្ចូល​​ក្នុង​ប្រព័ន្ធ GSP របស់​អាមេរិក​​ទេ។

កាល​ពី​ឆ្នាំ ២០១៨ ​កម្ពុជា​​​ជា​ប្រទេស​​ដែល​បាន​នាំចេញ​ទំនិញ​​ទៅ​អាមេរិក​ច្រើន​លំដាប់​ទី៥៧ ខណៈ​កម្ពុជា​ជា​ទីផ្សារ​ទី១០៤ ​របស់​អាមេរិក​។ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨ មាន​តម្លៃ​ជា​​ទឹក​ប្រាក់ ៣,៨ ​ពាន់​លាន​ដុល្លារ ​ខណៈ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​អាមេរិក​មាន​តម្លៃ​ជាង ៤៤៧ លាន​ដុល្លារ។

កាល​ពី​ខែ​មិថុនា ​គណៈ​ប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ (USTR)​ និង​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​ដែរ​៕​LA