ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​អាជីវករ ពាណិជ្ជករ និង​បណ្តា​សហគ្រាស​ក្នុង​ស្រុក​ទាំងឡាយ​ចូលរួម ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​លើក​ទី ៤ (The 4th China International Import Exposition ) ដើម្បី​ចាប់​យក​ឱកាស​សហការ ឬ​ពង្រីក​ការនាំចេញ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​យក្ស​នៅ​អាស៊ី​មួយ​នេះ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្សាយ​កាលពី​ថ្ងៃទី ២៨ មេសា ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៥ ដល់ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ទីក្រុង​សៀងហៃ សាធារណៈ​ប្រជាមានិត​ចិន កម្ពុជា​នឹងចូលរួម​ពី​ចម្ងាយ (Online) ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ និង​សេវាកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នៅលើ​ឆាក​អន្តរជាតិ។

សេចក្តី​ជូនដំណឹង​បន្តថា កម្ពុជា​ក៏បាន​ចាត់​បញ្ជូន​ក្រុមហ៊ុន​ដែលមាន​សាខា ឬ​តំណាង​ចែកចាយ​ផលិតផល និង​សេវាកម្ម​នៅ​ប្រទេស​ចិន​ស្រាប់​ចូលរួម​ដោយផ្ទាល់​ដោយ​មាន​ស្តង់​នៅក្នុង​តំបន់​ពាណិជ្ជកម្ម។

សេចក្តី​ជូនដំណឹង​បន្ថែមទៀត​ថា​ការចូលរួម​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នេះ ដើម្បី​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា និង​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ និង​អូសទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា៖ «សូម​អញ្ជើញ​ក្រុមហ៊ុន​ឯកជន​ដែលមាន​ធុរកិច្ច​នៅ​កម្ពុជា និង​មាន​សាខា ឬ​តំណាង​ចែកចាយ​នៅ​ប្រទេស​ចិន​ដែលមាន​បំណង​ចូលរួម​ពិព័រណ៍​នាំចូល​អន្តរជាតិ​លើក​ទី ៤ នេះ​ប្រញាប់​បំពេញ​បែបបទ និង​ផ្ញើ​គម្រោង​របស់ខ្លួន​មក​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ឱ្យបាន​មុន​ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១ ជា​ការកំណត់​ ដើម្បី​ក្រសួង​អាច​ធ្វើការ​សម្របសម្រួល​ជូន»។

សេចក្តី​ជូនដំណឹង​បន្ត​ថា៖ «ក្រុមហ៊ុន​ឯកជន​ដែលមាន​គម្រោង​ស្វែងរក​ដៃគូ​វិនិយោគ ឬ​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ក៏​សូម​ប្រញាប់​ទាក់ទង​មក​ក្រសួង ផងដែរ»។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ចាត់ចែង​ឲ្យ​សមាជិក​របស់ខ្លួន​ចូលរួម​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បន្ថែមទៀត។

លោក លឹម ហេង ឲ្យ​ដឹង​ទៀតថា ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​គឺមាន​សារៈសំខាន់​ណាស់​ដែល​អាច​ឲ្យ​កម្ពុជា​ផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​អន្តរជាតិ ពិសេស​ពាណិជ្ជកម្ម​លើ​ឧស្សាហកម្ម កសិពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ជាដើម។

លោក​និយាយ​ថា៖ «យើង​បានទទួល​ដំណឹង​នេះ​ពី​ក្រសួង​ពាណិជ្ជកម្ម​រួចហើយ យើង​បាននិង​កំពុង​ផ្សព្វផ្សាយ​បន្តទៀត​ដែលជា​សមាជិក​របស់​សភា​ណិជ្ជកម្ម​ស្វែងរក​ចាប់​ដៃគូ ឬក៏​កំពុង​តែមាន​ពាណិជ្ជកម្ម​ជាមួយ​ចិន​ហើយ​ចូលរួម​ការតាំងពិព័រណ៍​ ដើម្បី​បង្កើន​សហប្រតិបត្តិការ​បន្ថែមទៀត។ យើង​មិនទាន់​ដឹងថា​សមាជិក​យើង​ចំនួន​ប៉ុន្មាន​នឹងចូលរួម​នោះ​រហូតមក​ដល់ពេលនេះ ព្រោះ​យើង​កំពុង​ចុះឈ្មោះ​ពួកគេ​ ដើម្បី​អាច​ចូលរួម​តាម​អនឡាញ»៕