ក្រុងម៉ូស្គូៈ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង កាលពីថ្ងៃចន្ទបានដាក់ដំណើរការបំពង់បង្ហូរឧស្ម័នទី ១ ដែលតភ្ជាប់ប្រទេសទាំង ២។
ការដាក់ដំណើរការបំពង់ឧស្ម័នដ៏ធំ Power of Siberia ដែលតភ្ជាប់ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញឧស្ម័នធំបំផុតក្នុងពិភពលោក និងប្រទេសចិនដែលជាប្រទេសនាំចូលឧស្ម័នធំបំផុតរបស់រុស្ស៊ីបានកើតមានឡើងបន្ទាប់ពីមានការចរចាដ៏តានតឹងរយៈពេលជាច្រើនឆ្នាំ និងធ្វើការងារលើលក្ខខណ្ឌដ៏លំបាកនានា។
លោក ពូទីន បានថ្លែងក្នុងអំឡុងពិធីដាក់ដំណើរការដែលមានចាក់បញ្ចាំងតាមទូរទស្សន៍ដែលបង្ហាញរូបមេដឹកនាំទាំង ២ ថា៖ «ថ្ងៃនេះគឺជាថ្ងៃក៏គួរឲ្យកត់សម្គាល់ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយមិនត្រឹមតែសម្រាប់ទីផ្សារថាមពលពិភពលោកឡើយ ប៉ុន្តែដំបូងឡើយគឺសម្រាប់យើង និងសម្រាប់អ្នកសម្រាប់ប្រទេស រុស្ស៊ី និងប្រទេស ចិន»។
លោក ស៊ី បានថ្លែងថាគម្រោងនេះ «បម្រើជាគំរូមួយនៃកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២»។
ក្នុងសុន្ទរកថាដែលថ្លែងតាមកញ្ចក់ទូរទស្សន៍រុស្ស៊ីថា៖ «ការអភិវឌ្ឍទំនាក់ទំនងចិន និងរុស្ស៊ី គឺជាអាទិភាពគោលនយោបាយការបរទេសមួយសម្រាប់ប្រទេសយើងទាំង ២»។
លោក Alexei Miller ប្រធានក្រុមហ៊ុនឧស្ម័នរុស្ស៊ី Gazprom ដែលដំណើរការគម្រោងនេះបានថ្លែងថា មនុស្សជិត ១ ម៉ឺននាក់បានធ្វើការងារលើការសាងសង់បំពង់ឧស្ម័នដ៏ធំនេះ។
ក្នុងអំឡុងពិធីដាក់ដំណើរការនេះ កម្មករត្រូវបានបញ្ជាក់ឲ្យបើកក្បាលវ៉ានដើម្បីបង្ហាញឧស្ម័នឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន។
លោក Miller បានថ្លែងថា៖ «ឧស្ម័នកំពុងហូរទៅប្រព័ន្ធបំពង់បង្ហូររបស់ចិន»៕ KC