ក្រុង​អា​ប៊ុយ​ដា​ប៊ីៈ បណ្ដា​ប្រ​ទេស​ផលិត​ប្រេង​ធំ​ៗ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ផ្គត់​ផ្គង់​ប្រេង​ឆៅ​នៅ​ឆ្នាំ​ក្រោយ នឹង​លើស​ពី​តម្រូវ​ការ ដោយ​អំ​ពាវ​នាវ​​ឲ្យ​មាន​យុទ្ធ​សាស្ដ្រ​ថ្មី​​ ​ផ្អែក​លើ​​ការ​កែ​ប្រែ​ផលិត​កម្ម​។​

លោក Khalid al-Falih រដ្ឋ​មន្ដ្រី​ក្រ​សួង​​ថាម​ពល​នៃ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត ដែល​​ជា​ប្រ​ទេស​ផ្គត់​ផ្គង់​ឈាន​មុខ​គេ​ក្នុង​ពិ​ភព​លោ​ក​​បាន​ឲ្យ​ដឹង​ថា ​ប្រ​ទេស​របស់​​លោក​​នឹង​កាត់​បន្ថយ​ការ​ផលិត​ត្រឹម​ ៥ សែន​បា​រ៉ែល​​ក្នុង​ ១ ​ថ្ងៃ។​

រុ​ស្ស៊ី​ដែល​ជា​ប្រ​ទេស​ផលិត​ឈា​ន​មុខ​​គេទី​ ២ ក្នុង​​ពិ​ភព​លោក​បាន​ឲ្យ​ដឹង​ថា ​ប្រ​ទេស​នេះ​​នឹង​ប្ដេ​ជ្ញា​ចិត្ត​​ឲ្យ​មាន​​កិច្ច​ព្រម​ព្រៀង​ថ្មី​ណា​មួយ​ ក្នុង​ចំ​ណោម​​​បណ្ដា​ប្រ​ទេស​ផលិត​ប្រេង​ទាំង​នេះ​ដើ​ម្បី​កាត់​បន្ថយ​ទិន្ន​ផល​។​

ដោយ​ជួប​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​អា​ប៊ុយ​ដាប៊ី ដើ​ម្បី​ពិ​និត្យ​មើល​របៀប​​ក្នុង​ការ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ ​បណ្ដា​ប្រ​ទេស​ផលិត​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ «​បាន​ពិ​និត្យ​ឡើង​​វិញ​លើ​​​ការ​ផ្គត់​ផ្គង់​ប្រេង​នៅ​ពេល​បច្ចុ​ប្បន្ន​ និង​​មូល​ដ្ឋាន​តម្រូវ​ ​ហើយ​បាន​កត់​សម្គាល់​ថា ចក្ខុ​វិ​ស័យ​ឆ្នាំ ២០១៩ ចង្អុល​បង្ហាញ​ពី​​កំ​ណើន​ការ​ផ្គត់​ផ្គង់​ខ្ពស់​ជាង​តម្រូវ​ការ​របស់​ពិ​ភព​លោក​»​។​

ប្រ​ទេស​ទាំង​នេះ​បាន​​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​នៅ​ចុង​​កិច្ច​ប្រ​ជុំ​នេះ​ថា អា​ស្រ័យ​ហេតុ​នេះ ប្រ​ទេស​ទាំង​អស់​​​ នឹង​ពិចារ​ណា​ពី​ «ជម្រើស​​លើ​ការ​កែ​តម្រូវ​​ផលិត​កម្ម​​ឆ្នាំ ២០១៩ ថ្មី​ ដែល​អាច​ទាម​ទារ​ឲ្យ​មាន​យុទ្ធ​សាស្ដ្រ​ថ្មី​ ដើ​ម្បី​ធ្វើ​​ឲ្យ​មាន​តុល្យ​ភាព​ទី​ផ្សារ​»​។

លោក Suheil al-Mazrouei រដ្ឋ​មន្ដ្រី​ថាម​ពល​​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដែល​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រ​ជុំ​នេះ​​បាន​​ឲ្យ​ដឹង​ថា ​បណ្ដា​ប្រ​ទេស​ផលិត​ទាំង​នេះ​​​កំ​ពុង​រៀប​ចំ​​​កាត់​បន្ថយ​ទិន្ន​ផល​។​

លោក​ថ្លែង​ថា​៖ «​យុទ្ធ​សាស្ដ្រ​ថ្មី​មួយ ចាំ​បាច់​ត្រូវ​បង្កើត​ឡើង​​ថា តើ​វា​ជា​ការ​​កាត់​បន្ថយ​​ការ​ផលិត ឬ​អ្វី​មួយ​ផ្សេង​ទៀត​ ប៉ុន្តែ​វា​នឹង​​មិន​មែន​ការ​បង្កើន​ ការ​ផលិត​​នោះ​ទេ​»​។​

សេច​ក្ដី​សម្រេច​ចិត្ត​មួយ​​ត្រូវ​បាន​រំ​ពឹង​ថា​នឹង​ធ្វើ​ឡើង​​នៅ​ពេល​កិច្ច​ប្រ​ជុំ​របស់​​​រដ្ឋ​មន្ដ្រី​​របស់​ប្រ​ទេស​ដែល​ជា​ស​មា​ជិក​របស់​អង្គ​ការ​ប្រ​ទេស​នាំ​ចេញ​​ប្រេង OPEC និង​រដ្ឋ​មន្ដ្រី​បណ្ដា​ប្រ​ទេស​ដែល​មិន​មែន​ជា​ស​មា​ជិក​របស់​អង្គ​ការ​ OPEC នៅទី​ក្រុង​វី​យែន នៅ​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ ដើ​ម្បី​វាយ​តម្លៃ​ទី​ផ្សារ​ថាម​ពល​ពិ​ភព​លោក​។​

លោក Falih ​​បាន​ឲ្យ​ដឹងថា ​ពួក​គេ​នឹង​​សម្រេច​ចិត្ត​នៅ​ពេល​នោះ​ថា តើ​ត្រូវ​កែ​តម្រូវ​ការ​ផលិត​ និង​តើ​ត្រូវ​​​កម្រិត​​ត្រឹម​​ប៉ុន្មាន​?​

តម្លៃ​​ប្រេង​​បាន​ធ្លាក់​ចុះ ​១​ ភាគ ៥ នៃ​​តម្លៃ​របស់​ខ្លួន​ក្នុង​​រយៈ​ពេល​ ១ ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​​ការ​កើន​ឡើង​ដល់​​កម្រិត​ខ្ពស់​រយៈ​ពេល​ ៤ ​ឆ្នាំ​កាល​ពី​ដើម​ខែ​តុ​លា​ ដែល​ជំ​រុញ​ដោយ​​កត្តា​រួម​ផ្សំ​ជា​ច្រើន​​ដែល​​​​ផ្ដោត​​​​លើ​ការ​ផ្គត់​ផ្គង់​​កាន់​តែ​ខ្ពស់ និង​ការ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​​តម្រូវ​ការ។

រដ្ឋ​មន្ដ្រី​ក្រ​សួង​ថាម​ពល​មក​ពី​​​​រុស្ស៊ី អូ​ម៉ង់ កូ​​វ៉ែត និង​អាល់​ហ្សេរី ស្ថិត​ក្នុង​ចំ​ណោម​ប្រ​ទេស​​​ដែល​បាន​ចូល​រួម​​ក្នុង​​កិច្ច​ប្រ​ជុំ​រយៈ​ពេល​ ១ ថ្ងៃ​នេះ​។​

លោក Falih ថ្លែង​ថា ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត​​បូម​ប្រេង​ ១០,៧ ​លា​ន​បា​រ៉ែល​​ក្នុង​មួយ​ថ្ងៃ​ចាប់​​ពី​ខែ​តុ​លា​​មក។

មុន​ពេល​កិច្ច​ប្រ​ជុំ​នេះ លោក​បាន​ទទួល​ស្គាល់​ថា ​រហូត​មក​ដល់​ពេល​នេះ​ ​មិន​មាន​កិច្ច​ព្រម​ព្រៀង​ថ្មី​ ដើ​ម្បី​កាត់​បន្ថយ​ការ​ផលិត​​ក្នុង​ចំ​ណោម​​បណ្ដា​ប្រ​ទេស​ជា​ស​មា​ជិក និង​មិន​មែន​ជា​ស​មា​ជិក​របស់​អង្គ​ការ OPEC ​នោះ​ទេ ដែល​ប្រ​ទេស​ទាំង​នេះ​បាន​ ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ចុង​ឆ្នាំ ២០១៦ ​ដើ​ម្បី​កាត់​បន្ថយ​ទិន្ន​​ផល​ត្រឹម ១,៨ ​លាន​បា​រ៉ែល​​ក្នុង​ ១ ​​ថ្ងៃ ដើ​ម្បី​ដោះ​ស្រាយ​វិបត្តិ​ការ​ផលិត​លើស​តម្រូវ​ការ​។​

លោ​ក Falih ថ្លែង​ថា​៖ «​​​មិន​ទាន់​មាន​​ការ​ព្រម​ព្រៀង​នៅ​ឡើយ​ទេ​ក្នុង​ចំ​ណោ​ម​ប្រ​ទេស​ផលិត​ប្រេង​ស្តីពី​ការ​កាត់​បន្ថយ​ការ​​ផលិត​»​។​

តម្លៃ​ប្រេង​ឆៅ​​ Brent បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​ ៧០ ដុល្លារ​​ក្នុង​ ១ ​បា​រ៉ែល​​កាល​ពី​ថ្ងៃ​សុក្រ​ ខណៈ​ប្រេង​ឆៅ​ប្រ​ភេទ​​ WTI នៅ​ទី​ក្រុង​ញូវ​យ៉ក បាន​ធ្លាក់​ចុះ​នៅ​ក្រោម ៦០ ​ដុល្លារ​ក្នុង​មួយ​បា​រ៉ែល​ ដែល​ជា​​កម្រិត​ទាប​រយៈ​ពេល​ ៩ ខែ​៕​ AFP/LA