ក្រុង​ឌូបៃៈ ក្រុម​ប្រទេស​ផលិត​ប្រេង​ ដែល​កាល​ពី​សប្តាហ៍​មុន​បាន​យល់​ព្រម​គ្នា​​កាត់​​បន្ថយ​ការ​ផលិត​ប្រេង​ដើម្បី​​បង្កើន​តម្លៃ​ប្រេង​នោះ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ខែ​មេសា​ ឆ្នាំ​ក្រោយ​ ដើម្បី​ពិនិត្យ​​​មើល​​ឡើង​វិញ​នូវ​ឥទ្ធិពល​នៃ​ការ​កាត់​បន្ថយ​​​នេះ​ និង​ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​រយៈ​ពេល​វែង​មួយ​។ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ អេ​មី​រ៉ាត​អា​រ៉ាប់ ​រួម​កាល​ពី​ថ្ងៃ​​ពុធ។

ប្រទេស​ផលិត​ប្រេង​ដែល​ជា​សមាជិក និង​មិន​មែន​ជា​សមាជិក​របស់​​អង្គការ​ប្រទេស​នាំ​ចេញ​​ប្រេង​ (OPEC) បាន​សម្រេច​ចិត្ត​​​កាត់​បន្ថយ​ផលិត​កម្ម​របស់​ខ្លួន​​ចំនួន​ ១,២​ លាន​បារ៉ែល​ក្នុង​​ ១ ​​ថ្ងៃ​សម្រាប់​រយៈ​ពេល​ ៦​ ខែ​គិត​ចាប់​តាំង​ពី​ខែ​មករា​​ ឆ្នាំ ២០១៩ តទៅ​បន្ទាប់​ពី​តម្លៃ​ប្រេង​​ពិភព​លោក​បាន​ធ្លាក់​ចុះ​ ១ ភាគ ៤ ​​នៃ​តម្លៃ​កាល​ពី​ខែ​តុលា​​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​​ ២-៣ សប្តាហ៍​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​តម្លៃ​ប្រេង​មាន​​ប្រហែល​ ៦០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ ដែល​ធ្លាក់​ចុះ​ពី​ជាង ​៨៥ ​ដុល្លារ ​ក្នុង​​ ១ ​បារ៉ែល​កាល​​ពី​ដើម​ខែ​តុលា គឺ​នៅ​ចំ​ពេល​​​មាន​ការ​ភ័យ​ខ្លាច​អំពី​តម្រូវ​ការ​ធ្លាក់​ចុះ​ និង​ការ​ផ្គត់​​ផ្គង់​កើន​ឡើង​។

រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​របស់​​​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​​​លោក Suhail al-Mazrouei បាន​ប្រាប់​ក្រុម​សារ​ព័ត៌​មាន​នៅ​​​ក្រៅ​សន្និ​សីទ​មួយ​នៅ​ទី​ក្រុង​ឌូ​បៃ​ថា៖ «នៅ​ខែ​មេសា ​យើង​នឹង​មាន​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ នូវ​​ការ​សម្រេច​ចិត្ត​នេះ​»។

លោក​ Mazrouei ថ្លែង​ថា ​ក្រុម​ហ៊ុន​ប្រេង​ជាតិ​ ADNOC បាន​ជូន​ដំណឹង​ដល់​អតិ​ថិ​ជន​រួច​ហើយ​ថា​ ខ្លួន​នឹង​កាត់​បន្ថយ​ផលិត​កម្ម​របស់​ខ្លួន​ចំនួន ​២,៥​ ភាគ​រយ គិត​ចាប់​ពី​ខែ​មករា​​ទៅ។​ អារ៉ាប់​រួម​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លំ​ដាប់​ទី​ ៤ ​របស់​អង្គការ​ OPEC បាន​បូម​ប្រេង​ប្រមាណ ​ ៣ លាន​បា​រ៉ែល​​ក្នុង​ ១ ​ថ្ងៃ​។

លោក​បាន​​បន្ថែម​ថា​ ប្រទេស​ផលិត​​ប្រេង​បាន​សម្រេច​ជួប​ប្រជុំ​គ្នា​នៅ​ខែ​មេសា​ជំនួស​ឱ្យ​ខែ​មិថុនា «ដើម្បី​អាច​​ឱ្យ​យើង​​សម្រេច​ចិត្ត​​ដែល​ចាំ​បាច់ ​មុន​​​​រយៈ​ពេល ៦ ​ខែ​កន្លង​​ផុត»។

រដ្ឋ​មន្ត្រី​រូប​នេះ​បញ្ជាក់​ថា ​ការ​កាត់​បន្ថយ​នេះ​នឹង​ជួយ​ស្ដារ​តុល្យភាព​​​ទីផ្សារ​ពិភព​លោក​ឡើង​វិញ​នៅ​ឆ្នាំ​ ២០​១៩។

លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ថាម​ពល​រូប​នេះ​បាន​បញ្ជាក់​ថា ​ប្រទេស​ផលិត​ប្រេង​ក៏​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រយៈ​​ពេល​វែង​មួយ​ផង​ដែរ​នៅ​ក្នុង​​ខែ​មេសា​នោះ​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​សមាជិក​ និង​​មិន​មែន​ជា​សមាជិក​​អង្គការ OPEC៕ AFP/NS