ភ្នំពេញ៖ កម្ពុជា និង​វៀតណាម​ចាប់​ផ្តើម​ដំណើរការ​នាំចូល​បន្លែ​ឡើង​វិញ បន្ទាប់​ពី​ភាគី​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​នាំចេញ​បន្លែ​កាល​ពី​ថ្ងៃ​ចន្ទ។

ការ​បើក​ឲ្យ​មាន​ការ​នាំចូល​បន្លែ​ស្រប​ពេល​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុង​ស្រុក​កំពុង​ប្រឈម​នឹង​ការ​ដឹក​ជញ្ជូន ដោយសារ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ ១៩។

លោក សែ ឈុនទ្រី ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃធំ (ខេត្ត​កណ្តាល) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ២១ ខែ​មេសា​នេះ វៀតណាម​បាន​អនុញ្ញាត​ឲ្យ​នាំ​បន្លែ​ចូល​មក​កម្ពុជា​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​វៀតណាម​ផ្អាក​រយៈពេល ២ ថ្ងៃ ក្រោយ​ពី​ផ្សារ​ដើមគរ និង​ផ្សារ​នាគមាស​ដែល​ផ្សារ​បោះ​ដុំ​បន្លែ​ធំ​ជាង​គេ​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូវីដ ១៩។

លោក​ឲ្យ​ដឹង​ថា៖ «ឥឡូវ​គាត់​បើក​ឲ្យ​នាំចូល​វិញ​ហើយ​ នៅ​ថ្ងៃ​នេះ (២១) គាត់​បាន​ជូន​ដំណឹង​មក​យើង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ហើយ​កិច្ចការ​នេះ​ខ្ញុំ​ក៏​បាន​រាយការណ៍​ជូន​លោក​អភិបាល​ខេត្ត​រួច​ហើយ​ដែរ»។

លោក ឈុនទ្រី ឲ្យ​ដឹង​ថា ការ​នាំចូល​បន្លែ​ចម្រុះ​ពី​វៀតណាម​តាម​ច្រក​ព្រំដែន​ជ្រៃធំ​ជា​មធ្យម ២០ តោន ក្នុង ១ ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​មក​ទីផ្សារ​នៅ​កម្ពុជា។

លោក​និយាយ​ថា៖ «បន្លែ​នាំចូល​ពី​វៀតណាម​គេ​បោះ​ដុំ​ឲ្យ​ខ្មែរ​យើង​ដែល​មក​ចាំ​ដឹក​នៅ​ច្រក​ព្រំដែន​ជា​រៀងរាល់​ព្រឹក​សម្រាប់​ចែកចាយ​បន្ត​នៅ​ទីផ្សា​ស្រុក​យើង»។

កម្ពុជា​ចាំបាច់​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ប្រមាណ ២០ ភាគរយ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ព្រោះ​កម្ពុជា​អាច​ផលិត​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​បាន​ចន្លោះពី ៧៥ ទៅ ៨០ ភាគ​នៃ​តម្រូវ​ការ​សរុប ១ លាន​តោន ក្នុង ១ ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សេចក្តី​ប្រកាស​ព័ត៌​មាន​ឲ្យ​ដឹង​ថា កម្ពុជា​មិនមែន​នាំចូល​បន្លែ​គ្រប់​មុខ​នោះ​ទេ ពោល​គឺ​នាំចូល​ប្រភេទ​បន្លែ​តំបន់​ត្រជាក់​មួយ​ចំនួន​ដែល​ពិបាក​ដាំដុះ​បាន​នៅ​កម្ពុជា និង​នៅ​រដូវ​វស្សា​ដែល​មិន​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ផលិត​កសិកម្ម។

កញ្ញា ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village ដែល​ជា​អ្នក​ផ្គត់ផ្គង់​បន្លែ​បោះដុំ​ក្នុង​ស្រុក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ចាប់​តាំង​ពី​បិទ​ផ្សារ​ដើមគរ និង​នាគមាស ការ​បោះដុំ​បន្លែ​បាន​ធ្លាក់ចុះ​ដោយសារ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ចរចារណ៍​ដែល​មិន​អាច​ដឹក​បន្លែ​ពី​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ដើម្បី​អាច​ដឹក​បន្លែ​ដាក់​នៅ​តាម​ផ្សារ​ទំនើប​នានា​នៅ​ទីក្រុង​ភ្នំពេញ»។

អាជីវករលកបន្លែនៅផ្សារដើមគ មុនការរីករាលដាលជំងឺកូវីដ។ រូបថត ភ្នំពេញ ប៉ុស្តិ៍

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​កសិកម្ម​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មិន​មែន​កង្វះ​ផលិតផល​បន្លែ​ក្នុង​ស្រុក​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​កសិករ​ដាំ​បន្លែ និង​បណ្តុំ​កសិករ​ជា​ច្រើន​កំពុង​ប្រមូល​ផល​បន្លែ ប៉ុន្តែ​ពិបាក​ដឹក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ​ដោយសារ​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «នៅ​ផ្សារអ៊ីអន ផ្សារ​ភូមិ​កសិកម្ម​ធម្មជាតិ និង​ហាង​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ​លក់​បន្លែ​សុវត្ថិភាព​មួយ​ចំនួន​ទៀត​ កំពុង​កង្វះ​បន្លែ​លក់​មិន​គ្រប់គ្រាន់​ដោយសារ​មាន​ការ​បិទ​ផ្លូវ​ពិបាក​ដឹក​មក​ទីក្រុង​ភ្នំពេញ»។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក ចាន់ សុផល បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ថា តម្រូវ​ការ​បន្លែ​ស្រស់​នឹង​កើន​ឡើង ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​បរិភោគ​មី​កញ្ចប់ ត្រីខ​កំប៉ុង ឬ​អាហារ​ក្រៀម អស់​មួយ ឬ​ពីរ​សប្តាហ៍ ដូច្នេះ​គួរ​មាន​ការ​ជំរុញ​ឱ្យ​មាន​ការ​លក់​បន្លែ ត្រី សាច់ ដោយ​រ៉ឺម៉ក​ចល័ត​តាម​ភូមិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ដែល​ត្រូវ​បាន​បិទ​ខ្ទប់។

លោក​សរសេរ​ថា៖ «ខ្ញុំ​យល់​ថា អាជ្ញាធរ​គួរ​អនុញ្ញាត​ឱ្យ​អាជីវករ​បែប​នេះ ធ្វើ​ការ​ចល័ត​បាន​ដោយ​សេរី។ អាជ្ញាធរ​គួរ​រៀបចំ​បង្កើត​ផ្សារ​លក់​ដុំ​ជា​បណ្តោះអាសន្ន​ថែម​ទៀត ក្រៅ​ពី​នៅ​ទីក្រុង​តាខ្មៅ ដើម្បី​អាជីវករ​អាច​ទៅ​ទិញ​ទំនិញ​យក​មក​ជិះ​លក់​តាម​ភូមិ និង​ដើម្បី​ជា​ទីផ្សារ​សម្រាប់​លក់​បន្លែ​របស់​កសិករ​ផង»៕