ភ្នំពេញៈ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដើម្បី​ផ្ដល់​ថវិកា ៤ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែមទៀត សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ មកលើ​សេដ្ឋកិច្ច និង​ពលរដ្ឋ​កម្ពុជា​កាលពី​ថ្ងៃទី ៧ ឧសភា។ កិច្ចព្រមព្រៀង​នេះ​នឹង​ចាប់ផ្ដើម​អនុវត្តភ្លាមៗ​តែម្ដង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ UNDP ឲ្យ​ដឹងថា​ថវិកា ៤ លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បន្ត​ការអនុវត្ត​ការងារ ពង្រឹង​កម្មវិធី​ជំនួយ​សង្គម និង​គាំទ្រ​ដល់​អាជីវកម្ម​នៅក្នុង​ស្រុក ដើម្បី​សម្រប​ខ្លួន​ទៅ​ស្ថានភាព​ដែល​ពួកគេ​ជួបប្រទះ ក្នុង​អំឡុងពេល​ដែលមាន​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ ព្រមទាំង​អាទិភាព​ដទៃទៀត​ដែល​នឹងត្រូវ​កំណត់ តាមរយៈ​ការពិគ្រោះ​យោបល់​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា ថវិកា​ដែល​ផ្ដល់​នេះ គឺជា​ថវិកា​បន្ថែម​លើ​មូលនិធិ​ពង្រឹង​ភាពធន់​របស់​អូស្ត្រាលី-UNDP ជា​យន្តការ​មួយ​ប្រកបដោយ​ភាពទន់ភ្លន់ ដែល​បាននិង​កំពុង​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការឆ្លើយតប និង​ស្ដារ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា អូស្ត្រាលី គឺជា​ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ហើយ​ប្រទេស​អូស្ត្រាលី​បានធ្វើ​បែបនេះ តាមរយៈ​កម្មវិធី​វៃឆ្លាត ដែល​បត់បែន​ទៅតាម​កាលៈទេសៈ​ជាក់ស្ដែង។

លោក​មាន​ប្រសាសន៍​ថា៖ «រួមគ្នា យើង​អាច​ឆ្លើយតបបាន​យ៉ាង​លឿន​ចំពោះ​វិបត្តិ​នេះ តាមរយៈ​ការគាំទ្រ​ដល់​ការពង្រីក​កម្មវិធី​ជំនួយ​សង្គម ឱ្យបាន​ឆាប់រហ័ស​ ដើម្បី​ឱ្យ​ជំនួយ​ឧបត្ថម្ភ​នានា បាន​ដល់​គ្រួសារ​ដែល​ត្រូវការ​ជំនួយ​ជាងគេ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​ក៏​ការពារ​ដំណើរការ​ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ»។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មានប្រសាសន៍​ថា៖ «កូវីដ១៩ នាំមក​នូវ​បញ្ហា​ប្រឈម​បន្ទាន់​ចំពោះមុខ​ជាច្រើន ដល់​សេដ្ឋកិច្ចកម្ពុជា​ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ក្នុងនាម​ជា​ដៃគូ និង​មិត្តភ័ក្តិ​យូរអង្វែង​របស់​ប្រទេស​នេះ យើង​ចង់​ធ្វើ​អ្វីដែល​អាច​ធ្វើ​ទៅបាន ដើម្បី​សម្រាល​ផលប៉ះពាល់​ទាំងនេះ ជាពិសេស​ផលប៉ះពាល់​មកលើ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​ជាងគេ។

លោក​ឲ្យ​ដឹង​ទៀតថា៖ «តាមរយៈ​ការសហការ​ជាមួយ​នឹង UNDP យើង​ក៏​កំពុង​បង្កើន​ថវិកា​គាំទ្រ សម្រាប់​ការងារ​ដែល​ចាំបាច់​នៅពេល​បច្ចុប្បន្ន ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ត្រៀម​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស ប្រកប​ដោយ​បរិយាបន្ន បន្ទាប់ពី​ការរាតត្បាត​ជា​សកល​នេះ»។

សេចក្តី​ប្រកាស​ព័ត៌មាន បន្ថែមថា គិត​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ មូលនិធិ​នេះ​បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការពង្រីក​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​កម្ពុជា​កំពុង​អនុវត្ត ហើយ​ដែល​កន្លងមក​បានផ្ដល់​សាច់ប្រាក់​ចំនួន ២៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ប្រមាណ ៦៩៣ ០០០ គ្រួសារ​នៅ​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជា​​សកល​នេះ។

ជា​ឧទាហរណ៍ អូស្ត្រាលី​ និង​ UNDP បានផ្ដល់​ការគាំទ្រ​ដល់​កម្មវិធី​ដ៏មាន​សារៈសំខាន់​មួយ​នេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការធ្វើ​លទ្ធកម្ម​ឧបករណ៍​ថេបប្ល៊ិត (Computer tablets) ចំនួន ១ ៧០០ គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​ការកំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​រាប់សែន​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ ដោយសារ​ជំងឺ​កូវីដ១៩ ដើម្បីឱ្យ​ពួកគេ​អាច​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​នានា។

មូលនិធិ​នេះ​ក៏បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជុំវិញ​ការបង្កើត​គំរូ​សម្រាប់​ព្យាករណ៍ និង​វិភាគ​លើ​ផលប៉ះពាល់​នៃ​កូវីដ១៩ ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​សម្រាប់​ការដាក់ចេញ​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ សម្រាប់​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ។

មូលនិធិ​ពង្រឹង​ភាពធន់​នេះ​បាន​ជួយ​សម្រួល​ឱ្យមាន​ការបន្ត​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ប្រកប​ដោយ​សុវត្ថិភាព តាមរយៈ​ការផ្ដល់​នូវ​ឧបករណ៍​ការពារ ​និង​សម្ភារ​អនាម័យ​សំខាន់ៗ​ដល់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា។

មូលនិធិ​នេះ​ក៏​បាន​ជួយ​ឱ្យ​អាជីវកម្ម​ខ្នាតតូច អាច​តភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ទីផ្សារ​ពាណិជ្ជកម្ម​អេឡេត្រូនិក​តាម​អ៊ីនធឺណិត ដើម្បី​ឱ្យ​អាជីវកម្ម​ទាំងនេះ​នៅតែ​អាច​បន្ត​ដំណើរការ​រ​ស់​ខ្លួន ក្នុង​អំឡុងពេល​ដែលមាន​ការអនុវត្ត​វិធានការ​បិទខ្ទប់​ទីក្រុង និង​មានលទ្ធភាព​ចូលប្រឡូក​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​វែង៕