
ភ្នំពេញៈ ប្រទេសមហាអំណាចសេដ្ឋកិច្ចបីនៅអាស៊ី បានបង្កើនការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទិន្នន័យបានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកនិងប្រទេសមានសេដ្ឋកិច្ចជឿនលឿនពីរផ្សេងទៀតនៅអាស៊ីបានឈរនៅលំដាប់កំពូលក្នុងការវិនិយោគនៅកម្ពុជាកាលពីឆ្នាំ២០១២។តួលេខបង្ហាញថា វិនិយោគសរុបរបស់ប្រទេសទាំងបីនេះមានចំនួន៧៦២លានដុល្លារឬស្មើនឹង៣៣ភាគរយនៃទំហំវិនិយោគសរុបដែលមានជាង២,២៨ពាន់លានដុល្លារ។
ប្រទេសកូរ៉េខាងត្បូងបានឈរនៅលំដាប់ទីមួយដែលមានទឹកប្រាក់វិនិយោគ២៨៧លានដុល្លារ ហើយចិនឈរបន្ទាប់ក្នុងទឹកប្រាក់វិនិយោគ២៦៣,៦លានដុល្លារខណៈដែលប្រទេសជប៉ុនមាន២១២,៣លានដុល្លារ។
លោក វុង សំអាង អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Soma Consulting Services បានឲ្យដឹងថា កំណើនវិនិយោគរបស់ជប៉ុនជារឿងគួរឲ្យចាប់អារម្មណ៍និងជាសញ្ញាវិជ្ជាមានសម្រាប់ឱកាសកម្ពុជា។លោកថ្លែងថា៖
«គ្រប់ប្រទេសដែលចូលមកវិនិយោគសុទ្ធតែសំខាន់ហើយវិនិយោគិនជប៉ុនរឹតតែមានតម្លៃព្រោះពួកគេជាវិនិយោគិនមានការតាំងចិត្តខ្ពស់វិនិយោគពិតប្រាកដនិងមានការស្រាវជ្រាវយ៉ាងច្បាស់លាស់មុនសម្រេចចិត្តដូច្នេះគ្រប់ទីកន្លែងដែលវិនិយោគិនជប៉ុនទៅវិនិយោគនឹងមានប្រទេសផ្សេងទៀតទៅតាមក្រោយ»។
ប្រទេសកូរ៉េបានវិនិយោគភាគច្រើនលើវិស័យឧស្សាហកម្មសម្លៀកបំពាក់រោងចក្រផលិតឧបករណ៍ក្មេងលេងការដំឡើងគ្រឿងអេឡិចត្រូនិកការកែច្នៃផលិតផលកសិកម្មហើយប្រទេសនេះបានវិនិយោគសំខាន់ទៅលើឧស្សាហកម្មសម្លៀកបំពាក់ រោងចក្រផលិតគ្រឿងសង្ហារិម និងរោងម៉ាស៊ីនកិនស្រូវ ខណៈជប៉ុនបានផ្តោតសំខាន់លើផ្សារទំនើបរោងចក្រកាត់ដេរនិងរោងចក្រផលិតឧបករណ៍អគ្គិសនី។ នេះបើតាមទិន្នន័យ។
លោក កាំង ណាំស៊ីក ប្រធាន សភាពាណិជ្ជកម្មប្រទេសកូរ៉េនៅកម្ពុជាបានឲ្យដឹងថា វិនិយោគិនប្រទេសកូរ៉េជាច្រើនកំពុងសម្លឹងកម្ពុជាជាប្រទេសទាក់ទាញក្នុងឧស្សាហកម្មកាត់ដេរដោយសារការកើនឡើងនៃប្រាក់ឈ្នួលកម្មករនៅប្រទេសចិននិងប្រទេសជិតខាងកម្ពុជា។
លោកបានបន្តថា៖ «កម្ពុជាជាប្រទេសថ្មីមួយសម្រាប់វិនិយោគិនកូរ៉េក្នុងការដាក់ទុនវិនិយោគលើរោងចក្រឧស្សាហកម្ម»។
លោកស្រី Yoshiko Yamanaka អ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ចនៅទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសជប៉ុននៅកម្ពុជា(JICA) មានប្រសាសន៍ថា ប្រទេសជប៉ុននាពេលនេះកំពុងបង្ខំចិត្តផ្លាស់ប្តូរទីតាំងឧស្សាហកម្មរបស់ខ្លួនពីប្រទេសចិនទៅប្រទេសផ្សេងៗទៀតនៅអាស៊ីដែលរួមមានកម្ពុជាផងដែរ។ លោកស្រីបានថ្លែងថា៖«ការវិនិយោគជប៉ុនមកកម្ពុជានឹងនៅបន្តមានទៅថ្ងៃខាងមុខបន្តទៀត»។
បច្ចុប្បន្នផ្សារទំនើប អ៊ីអនម៉ល របស់ជប៉ុនកំពុងត្រូវសាងសង់ជាមួយនឹងទឹកប្រាក់សរុប២០៥ លានដុល្លារ។
លោក ហ៊ីរ៉ូស៊ី ស៊ុយសាគី អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចំាវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្ម កម្ពុជាបានឲ្យដឹងថានេះគឺជាដំណាក់កាលនៃការវិនិយោគដ៏ល្អដែលប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាអាចទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើននោះ។ លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលប្រទេសជប៉ុនបានផ្លាស់ប្តូរលំដាប់នៃការវិនិយោគរបស់ខ្លួនឲ្យក្លាយជាប្រទេសនាំមុខលំដាប់ទី៣ក្នុងការវិនិយោគនៅប្រទេសកម្ពុជា»។
ទោះបីយ៉ាងនេះក្តីលោក វង្ស សំអាង បានក្រើនរំឭកថាកម្ពុជាគួរព្យាយាមទាក់ទាញបន្ថែមទៀត ជាពិសេសត្រូវរក្សានឹងចាប់យកឱកាសនេះឲ្យបានល្អដោយកុំបណ្តោយឲ្យប្រទេសផ្សេងទៀតឆក់ឱកាសនេះចេញពីដៃប្រសិនបើមិនដូច្នេះទេ ឱកាសដ៏ល្អនេះនឹងត្រូវកន្លងផុត។ លោកបន្ថែមថា៖ «យើងកំពុងតែស្ថិតនៅក្នុងដំណាក់ការនៃសកលភាវូបនីយកម្មមួយ ដែលគ្រប់គ្នាកំពុងប្រកួតប្រជែងដើម្បីទាក់ទាញវិនិយោគបរទេសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេស។កុំអនុញ្ញាតឲ្យគូប្រកួតប្រជែងរបស់យើងដូចជាបង់ក្លាដែស និងមីយ៉ាន់ម៉ាឆក់យកឱកាសនេះពីយើងឲ្យសោះ»៕