ក្រុង​ប៉េ​កាំងៈ ចិន​បាន​ក្លាយ​ជា​​ប្រ​ទេស​ដែល​ទទួល​បាន​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស (FD​I) ច្រើន​បំ​ផុត​នៅ​លើ​ពិ​ភព​លោក ក្នុង​ឆ​មាស​ទី ១ ​ឆ្នាំ​ ២០១៨ ដោយ​ទាក់​ទាញ​បាន​លំ​ហូរ​វិ​និ​យោគ​ប្រ​មាណ ៧០ ពាន់​លាន​ដុ​ល្លារ​។

តួ​លេខ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​​​ឯក​សារ​តាម​ដាន​និ​ន្នា​ការ​វិ​និ​យោគ​ធំ​បំ​ផុត​ ដែល​បាន​ចេញ​ផ្សាយ​កា​ល​ពី​ថ្ងៃ​ចន្ទ​ដោយ​​អង្គ​ការ​សន្និ​សីទ​ពា​ណិជ្ជ​កម្ម និង​ការ​អភិ​វឌ្ឍ​សហ​ប្រ​ជា​ជាតិ (UNCTAD)។

យោង​តាម​អង្គ​ការ UNC​TAD ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​ក្នុង​​ពិ​ភព​លោក​បាន​ធ្លាក់​ចុះ ៤១ ភាគ​រយ​ក្នុង​អំ​ឡុង​ឆ​មាស​ទី​ ១ ​​នេះ មក​នៅ​ត្រឹម​ប្រ​មាណ ៤៧០ ពាន់​លាន​ដុ​ល្លារ​អា​មេ​រិក ពី​ចំ​នួន ៧៩​៤ ពាន់​លាន​ដុ​ល្លារ​​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០​១៧។

ការ​ធ្លាក់​ចុះ​នេះ​ជា​ចម្បង​​ដោយ​សារ​ទំ​ហំ​ទឹក​ប្រាក់​ដ៏​ច្រើន​របស់​ក្រុម​ហ៊ុន​មេ​របស់​អា​មេ​រិក ដែល​បាន​បង្គរ​ទុក​ប្រាក់​ចំ​ណេញ​ពី​បរ​ទេស​របស់​ខ្លួន​ពី​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​​នៅ​បរ​ទេស បន្ទាប់​ពី​មាន​កំ​ណែ​ទ​ម្រង់​ពន្ធ​នៅ​អា​មេ​រិក។

លោក James Zhan នាយក​ផ្នែក​វិ​និ​យោគ និង​ស​ហ​គ្រាស​របស់​​អង្គ​ការ UN​C​TAD បាន​ថ្លែង​ក្នុង​អំ​ឡុង​សនិ្ន​សីទ​មួយ ​ក្នុង​ទី​ក្រុង​ហ្សឺ​ណែវ​​ថា៖ «រូប​ភាព​ដ៏​ធំ​នៃ​លំ​ហូរ​FD​I​ ពិ​ភព​លោក​ នៅ​តែ​មាន​ភាព​​ស្រ​អាប់ ដែល​មាន​ភាព​ខុស​​​គ្នា​បន្តិច​ពី​អ្វី​ដែល​យើង​បាន​ព្យា​ករ​នា​ពេល​កន្លង​មក»។

ទោះ​យ៉ាង​ណា លោក Zhan បាន​កត់​សម្គាល់​ថា៖ «លំ​ហូរ​វិ​និ​យោគ​ទៅ​កាន់​ប្រ​ទេស​​ ចិន បន្ត​កើន​ឡើង បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ភាព​តាន​តឹង​ពា​ណិជ្ជ​កម្ម និង​កំ​ណើន​ចំ​ណាយ​​ផលិត​កម្ម​ក៏​ដោយ»។

អង់​គ្លេស​ជាប់​ចំ​ណាត់​​ថ្នាក់​ទី ២ ដោយ​លំ​ហូរ​វិ​និ​យោគ​កើន​ដល់ ៦៦ ពាន់​លាន​ដុ​ល្លារ​ខណៈ​អា​មេ​រិក​មាន ​៤៦ ពាន់​លាន​ដុ​ល្លារ​៕ P.Daily/KC