ក្រុងប៉េកាំងៈ ប្រទេស ចិន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងស្វែងរកការគាំទ្រពាណិជ្ជកម្មសេរី និងពហុភាគី នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅសប្ដាហ៍នេះ ខណៈប្រទេសនេះបានបរិហារការគាំពារនិយម ដោយខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងសង្គ្រាមពន្ធនាំចូលជាមួយអាមេរិក។
កិច្ចប្រជុំមួយរវាងលោក ស៊ី ជីនភីង និងលោក ដូណាល់ ត្រាំ នៅក្រៅជំនួបនៃកិច្ចប្រជុំនៅទីក្រុងអូសាកា ប្រទេស ជប៉ុន បានជំរុញឲ្យក្ដីសង្ឃឹមនៃការបញ្ឈប់ការជាប់គាំងដែលខូចខាតយ៉ាងខ្លាំងរវាងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោក។
លោក Zhang Jun ជំនួយការរដ្ឋមន្ដ្រីក្រសួងការបរទេសរបស់ប្រទេស ចិន បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយ ដើម្បីបង្ហាញនៅមុនពេលការចូលរួមរបស់លោក ស៊ី ក្នុងកិច្ចប្រជុំនេះថា៖ «ឯកតោភាគី និងការគាំពារនិយម បានធ្វើឲ្យខូចដល់កំណើនសេដ្ឋកិច្ចពិភពលោក បានបំផ្លាញចង្វាក់តម្លៃពិភពលោក និងបានកាត់បន្ថយទំនុកចិត្តទីផ្សារ»។
លោក Zhang បន្តថា៖ «ប្រទេស ចិន នឹងធ្វើការងារជាមួយនឹងប្រទេសផ្សេងទៀតនៅក្នុងកិច្ចប្រជុំ G20 ដើម្បីគាំទ្រយ៉ាងខ្លាំងដល់ពហុភាគី និងការបើកចំហបទបញ្ជាពាណិជ្ជកម្មពិភពលោកដែលមានមូលដ្ឋានលើច្បាប់»។
ប៉ុន្តែប្រទេស ជប៉ុន សហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងទៀត កាលពីពេលកន្លងមកបានលើកឡើងស្រដៀងគ្នានឹងការត្អូញត្អែររបស់អាមេរិកអំពីការចោទប្រកាន់លើចោរកម្មកម្មសិទ្ធិបញ្ញា និងកង្វះកម្រិតស្មើភាពគ្នាសម្រាប់ក្រុមវិនិយោគិនបរទេសនៅក្នុងប្រទេស ចិន។
ការប៉ុនប៉ងណាមួយក្នុងការបង្កើតជួរមុខរួមជាមួយប្រទេស ចិន នឹងត្រូវបានរារាំងដោយការបារម្ភទាំងនេះ។
ការចរចាដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មបានជាប់គាំងកាលពីខែមុន ដែលបណ្ដាលឲ្យភាគីទាំង ២ សងសឹកការយកពន្ធទំនិញនាំចូលគ្នាទៅវិញទៅមកដែលមានតម្លៃច្រើនពាន់លានដុល្លារ។
លោក Wang Shouwen អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មប្រទេស ចិន បានឲ្យដឹងថា ក្រុមមកពីភាគីទាំង ២ ក្នុងពេលនេះ «កំពុងពិភាក្សាជំហានបន្ទាប់សម្រាប់ការទំនាក់ទំនង» មុនពេលកិច្ចប្រជុំរវាងលោក ស៊ី និងលោក ត្រាំ ចាប់ផ្តើម។
លោក Wang ថ្លែងថា៖ «មេដឹកនាំទាំងពីរនេះគួរតែធ្វើការសន្យា និងការចរចាណាមួយរវាងប្រទេស ចិន និងអាមេរិកត្រូវតែពឹងផ្អែកលើ «ការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ និងគោរពតាមច្បាស់អង្គការពាណិជ្ជកម្មពិភពលោក»។
មេដឹកនាំទាំងពីរក៏ត្រូវបានរំពឹងថា នឹងពិភាក្សាពីជោគវាសនារបស់ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេស ចិន ផងដែរ ដែលបានទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យធ្វើការងារជាមួយក្រុមហ៊ុននេះ ដែលលើកឡើងពីការបារម្ភការស៊ើបការណ៍។
លោក Wang ក៏បានជំរុញឲ្យអាមេរិក ត្រូវលុបចោលឧបសគ្គ «មិនសមរម្យ និងរើសអើង» ប្រឆាំងនឹងក្រុមហ៊ុនរបស់ប្រទេស ចិន ដែលលើកឡើងថា វិធានការបែបនោះបានធ្វើឲ្យអន្តរាយដល់អត្ថប្រយោជន៍ទាំងក្រុមហ៊ុនរបស់ប្រទេស ចិន និងអាមេរិក។
កិច្ចប្រជុំដែលគ្រោងទុកនេះធ្វើឡើងមួយសប្ដាហ៍ បន្ទាប់ពីលោក ស៊ី បានធ្វើទស្សនកិច្ចប្រទេស កូរ៉េខាងជើង ហើយក្រុមអ្នកវិភាគបានឲ្យដឹងថា ឥទ្ធិពលណាមួយដែលលោកអាចមានលើមេដឹកនាំឯកោរបស់ទីក្រុងព្យុងយ៉ាង អាចត្រូវបានប្រើប្រាស់ជាការទាញយកប្រយោជន៍ដើម្បីទទួលបានសម្បទានពីលោក ត្រាំ។
លោក Zhang បានបដិសេធបញ្ជាក់ថា តើប្រទេស កូរ៉េខាងជើង នឹងស្ថិតនៅក្នុងរបៀបវារៈសម្រាប់ការជួបដោយផ្ទាល់រវាងលោក ត្រាំ និងលោក ស៊ី ដែរយ៉ាងណាទេ។
លោកក៏បានឲ្យដឹងថា ប្រទេស ចិន នឹង «មិនអនុញ្ញាត»ឲ្យមានការពិភាក្សាស្ដីពីទីក្រុងហុងកុង ក្នុងកិច្ចប្រជុំ G20 នោះទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា លោក ត្រាំ គ្រោងនឹងលើកឡើងការតវ៉ាប្រឆាំងទ្រង់ទ្រាយធំរបស់ទីក្រុងហុងកុង នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយលោក ស៊ី ក៏ដោយ៕ AFP/LA